នៅម៉ោង ១១ ព្រឹកថ្ងៃ ១៤ ខែធ្នូ ឆ្នាំ ២០២៥ នេះទាហានថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាដោយបានទម្លាក់គ្រាប់បែកលើតំបន់ដែលមានជនស៊ីវិលរស់នៅយ៉ាងច្រើនកុះករ។ ថៃប្រើយន្តហោះ T-50 របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក ៤ គ្រាប់ នៅភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។


ក្រោយទទួលបានដំណឹងនេះ វណ្ណដា បានចេញមុខមកម្ដងទៀតដើម្បីឲ្យពិភពលោក បានឃើញពីភាពឈឺចាប់របស់កម្ពុជា។ កំពូលតារារ៉េបខ្មែររូបនេះ បានសរសេរយ៉ាងវែងអន្លាយដែលមានន័យជាភាសាខ្មែរថា “សូមពិភពលោកស្ដាប់យើងយ៉ាងច្បាស់៖ ពេលនេះបេះដូងយើងឈឺចុកចាប់ខ្លាំងពេក។ ទឹកភ្នែកហូរមិនឈប់។ កុមាររត់ជំនួសឱ្យការរៀនសូត្រ។ គ្រួសារចាកចេញពីផ្ទះដែលពួកគេសាងសង់ដោយក្ដីស្រឡាញ់។ កន្លែងប្រវត្តិសាស្ត្រ និងការអប់រំដែលមានគោលបំណងការពារអនាគតរបស់យើងត្រូវបានខូចខាតអស់ហើយ“។
វណ្ណដា បានបន្តទៀតថា “យើងធុញទ្រាន់នឹងការឮសំឡេងផ្ទុះខ្លាំងជាងសុបិនរបស់កុមារ។ យើងធុញទ្រាន់នឹងការឃើញសិស្ស មនុស្សចាស់ និងប្រជាជនស្លូតត្រង់រងទុក្ខ នូវអ្វីដែលមិនមែនជាសម្រេចចិត្តរបស់ពួកគេ។ ប្រជាជនកម្ពុជាមិនស្វែងរកសង្គ្រាមទេ។ យើងស្វែងរកសន្តិភាព។ យើងបានស្គាល់អំពើប្រល័យពូជសាសន៍រួចហើយ។ យើងបានកសាងឡើងវិញរួចហើយពីផេះ ហើយយើងមិនព្រមត្រឡប់ទៅចំណុចខ្មៅងងឹតនោះវិញទេ។ យើងសុំតែសុខសុវត្ថិភាព។ យើងសុំភាពជាមនុស្សធម៌។ កម្ពុជាឈរដើម្បីសេចក្ដីថ្លៃថ្នូរ វប្បធម៌ និងការរស់រានមានជីវិតមិនបំផ្លាញនរណាឡើយ។ ចំពោះប្រជាជនរបស់ខ្ញុំ៖ ឈរជាមួយគ្នា ជួយគ្នាទៅវិញទៅមក។ សាមគ្គីភាព គឺជាគន្លឹះ។ កុំបណ្ដោយឱ្យការឈឺចាប់ប្រែក្លាយយើងប្រឆាំងនឹងមនុស្សជាតិ។ យើងជាជាតិដែលរួចផុតពីសេចក្ដីស្លាប់។ យើងនឹងរស់ដោយសន្តិភាព មិនមែនជាការស្អប់ខ្ពើមឡើយ។ ពីការឈឺចាប់ យើងជ្រើសរើសសន្តិភាព ពីការភ័យខ្លាច យើងជ្រើសរើសជីវិត។ ពីភាពងងឹត យើងជ្រើសរើសក្ដីសង្ឃឹម“។
តារាប្រុសលំដាប់ជួរមុខរូបនេះ មិនខុសពីសិល្បករខ្មែរដទៃទៀតដែរ ដោយតែងតែឈឺឆ្អាលរឿងសុខសុវត្ថិភាពប្រជាជន កងទ័ព ហើយបានចេញមករកយុត្តិធម៌ឲ្យខ្មែរ ដែលទទួលរងការឈឺចាប់ដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ៕




























Account
Security
Favourite Content