ហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលតារាសម្តែង និងជា Influencer ល្បីឈ្មោះ កញ្ញា វណ្ណៈ បូរមី ប្រកាសខ្លួនចូលប្រកួតកម្មវិធីMiss Universe Cambodia 2023 ព្រោះកន្លងមកស្រីស្រស់សោភារូបនេះ មិនដែលបង្ហើបតម្រុយឱ្យនរណាម្នាក់បានដឹងពីរឿងនេះឡើយ ទាល់តែផេកផ្លូវការ Miss Universe Cambodia ប្រកាសឡើង ទើបបែកធ្លាយដំណឹងនេះតែម្តង។
គ្រាន់តែឃើញការប្រកាសនេះភ្លាម ហ្វេនៗរបស់ បូរមី នាំគ្នាជ្រួលច្របល់បន់ឱ្យតែការប្រកួតមកដល់ឆាប់ៗ ព្រោះគេចង់ឃើញស្រីស្អាតរូបនេះបញ្ចេញសមត្ថភាពលើឆាកប្រកួត។

ប្រាប់ឱ្យដឹងក្រោយត្រូវប្រកាសជាបេក្ខនារីជាប់តាមរយៈរូបថតលើកដំបូង វណ្ណៈ បូរមី ថា មែនទែនទៅនាងមានចិត្តចង់ចូលប្រកួតកម្មវិធីបវរកញ្ញាយូរមកហើយ តែដោយសារជាប់រវល់រៀន រកស៊ី និងការងារផ្សេងៗទៀតទើបត្រូវពន្យាមកដល់ពេលនេះ។ កាលពីឆ្នាំមុននេះ នាងក៏គិតចង់ចូលប្រឡង Miss Grand Cambodia 2022 ដែល តែដោយសាររវល់ពេកដកឃ្លាមិនរួចទើបខកឱកាសនោះទៅ។ ប៉ុន្តែ សម្រាប់ឆ្នាំនេះ បូរមី គិតថាជាឱកាសល្អសម្រាប់នាង ហើយនាងគិតថាបើនៅតែទន្ទឹងរង់ចាំពេលវេលាល្អនោះ គឺមិនដឹងពេលណាទេ ដូច្នេះទើបសម្រេចចិត្តដាក់ពាក្យប្រកួតឆ្នាំនេះតែម្តងទៅ។


កត្តាជំរុញចិត្តឱ្យ ស្រីស្អាត វណ្ណៈ បូរមី ចូលប្រកួត Miss Universe Cambodia 2023 គឺដោយសារនាងចង់យកឈ្នះខ្លួនឯង ព្រោះសព្វថ្ងៃនាងនៅមានរឿងច្រើនណាស់ដែលមិនទាន់អាចយកឈ្នះខ្លួនឯងបាន។ បូរមី គិតថា ការចូលប្រកួតប្រជែងបវរកញ្ញា ជាកម្លាំងទឹកចិត្តដែលធ្វើឱ្យនាង Challenge ជាមួយ ជីវិតខ្លួនឯង ដើម្បីអាចយកឈ្នះអ្វីដែលខ្លួនឯងមិនទាន់អាចយកឈ្នះបាន។
មុនសម្រេចចិត្តចូលប្រកួត MUC 2023 បូរមី បានចំណាយតាមដាន និងធ្វើការសិក្សាស្វែងយល់ពីការប្រកួតបវរកញ្ញាផ្សេងៗជាច្រើន ដើម្បីជាចំណេះដឹងសម្រាប់ខ្លួនឯង។ប៉ុន្តែ ពេលនេះនាងនៅមិនទាន់មាន trading អ្វីនៅឡើយ គ្រាន់តែបានកំពុងហ្វឹកហាត់ការដើរជាមួយមិត្តភ័ក្តដែលមានជំនាញការដើរ Catwalk។


យ៉ាងណាមិញ បេក្ខភាពត្រៀមប្រកួត MUC 2023 រូបនេះ មានជំនឿចិត្តខ្ពស់លើខ្លួនឯង និងជឿជាក់ថា នាងនឹងធ្វើបានល្អក្នុងការប្រកួតនេះ ព្រោះនាងជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកការគិតបែបវិជ្ជមាន ការបំផុសគំនិតថ្មីៗល្អៗដល់មនុស្សជុំវិញខ្លួន និងជាមនុស្សចូលចិត្តការស្រាវជ្រាវរឿងរ៉ាវថ្មីៗថែមទៀតផងដែរ។ ម៉្យាង នាងក៏ធ្លាប់ជាបេក្ខនារីប្រកួតកម្មវិធី Freshie Girls & Boys កាលពីឆ្នាំ២០១៦ ដែលបានជាប់ដល់បេក្ខនារី ៦រូបចុងក្រោយ ដូច្នេះនាងជឿជាក់លើខ្លួនឯងចំពោះការប្រកួតនេះ។
សូមជម្រាបថា វណ្ណៈ បូរមី ជាតារាសម្តែង និងជា Influencer ល្បីឈ្មោះបោះសំឡេងម្នាក់ក្នុងរង្វង់សិល្បៈខ្មែរ។ បូរមី អាយុ ២៤ឆ្នាំ ទម្ងន់ 48kg កម្ពស់ 1.70cm៕



























Account
Security
Favourite Content