បន្ទាប់ពីបង្ហាញមុខក្នុងខ្សែភាពយន្ដរបស់ស្ថានីយទូរទស្សន៍ TVB ជាបន្ដបន្ទាប់ ជាពិសេសក្នុងរឿងភាគធំៗដូចជា Story of Zom-B, ICAC Investigators 2022 និង The Queen of News ជាដើម ប្រជាប្រិយភាពរបស់តារាសម្ដែងស្រី Hera Chan បានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។ មិនត្រឹមតែអាជីពជាតារាសម្ដែងបានដើរទៅមុខដោយរលូននោះទេ សូម្បីតែរឿងស្នេហារបស់នាងក៏ដំណើរការទៅយ៉ាងល្អផងដែរ។
ជាមួយគ្នានេះក៏មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថាតារាស្រី Hera Chan កំពុងតែមានទំនាក់ទំនងជាមួយនឹងមិត្តរួមទ្រនំ Brian Chu ខណៈអ្នកទាំងពីរបាននៅជួបគ្នានៅឆ្នាំ ២០១៩ អំឡុងពេលថតរឿង On-Lie Game ដែលជាស្នាដៃដំបូងរបស់តារាស្រីរូបនេះ បន្ទាប់ពីឈ្នះមកុដបវរកញ្ញាហុងកុងឆ្នាំ ២០១៨។
យោងតាមសារព័ត៌មាន Oriental Daily គូស្នេហ៍មួយគូនេះ បានទាក់ទងគ្នាអស់រយៈពេលយូរមកហើយ ហើយក៏ត្រូវបានគេសង្ស័យថាអ្នកទាំងពីរកំពុងរស់នៅជាមួយគ្នាទៀតផង។ ជាពិសេស ឪពុកម្ដាយទាំងសងខាងក៏ត្រូវបានគេប្រទះឃើញថាបានជួបគ្នាកាលពីថ្មីៗនេះ ដើម្បីពិភាក្សាពីពិធីមង្គលការនៅចុងឆ្នាំនេះ ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេសណាមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។
យ៉ាងណាមិញចំពោះដំណឹងមួយនេះ មានអ្នកសារព័ត៌មានជាច្រើនបានទាក់ទងទៅកាន់ Owen Cheung ដែលជាមិត្ត និងបងប្អូនល្អរបស់តារាប្រុស Brian Chu ដើម្បីបញ្ជាក់អំពីព័ត៌មានមួយនេះ ប៉ុន្តែលោកសូមមិននិយាយអ្វីឡើយ មានតែចាំមើល ឬទាក់ទងទៅកាន់សាមីខ្លួនតែម្ដងក៏បាន៕