ជាធម្មតាពាក្យថា “ទ្រព្យសម្បត្តិ” នៅក្នុងគ្រួសារគឺពិតជាសំខាន់ខ្លាំងមែនទែន។ ប៉ុន្តែទ្រព្យសម្បត្តិទាំងនោះក៏មិនមែនសម្ដៅទៅលើមាស ប្រាក់ និងលុយកាក់សុទ្ធសាធតែម្ដងឡើយ។ ជាក់ស្ដែងក្នុងនោះក៏មានធាតុដែលមានសារៈសំខាន់ខ្លាំងជាងនោះទៅទៀតដូចជា ៣ យ៉ាងខាងក្រោមនេះ៖
១. បរិយាកាសក្នុងផ្ទះ
ត្រឹមមានជីវភាពធូរធារតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ពោលបរិយាកាសដ៏កក់ក្ដៅ និងភាពចុះសម្រុងគ្នាក្នុងផ្ទះគឺពរជ័យដែលគ្រួសារទាំងអស់តែងចង់បាន។ មនុស្សគ្រប់គ្នាក្នុងគ្រួសារតែងតែចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ចេះពិភាក្សាគ្នា និងចេះស្ចែងរកដំណោះស្រាយរួមគ្នាទៀតផង។ លើសពីនេះ បរិយាកាសក្នុងផ្ទះល្អក៏ថ្នាំព្យាបាលផ្លូវចិត្តដ៏មានប្រសិទ្ធភាពផងដែរ។ ដូច្នេះនេះគឺជាទ្រព្យសម្បត្តិទីមួយដែលប្រាក់មិនអាចទិញបាននោះទេ។
២. សុខភាពល្អ
មនុស្សជាច្រើនមានអារម្មណ៍ថាភាពរុងរឿងរបស់គ្រួសារគឺអាស្រ័យនៅលើថវិកា ដូច្នេះទើបម្នាក់ៗខំប្រឹងគ្រប់វិធីដើម្បីរកប្រាក់ចំណូលចូលផ្ទះ។ ប៉ុន្តែភាគច្រើនពួកគេបានធ្វេសប្រហែសចំពោះសុខភាពរហូតដល់ធ្វើឱ្យខ្លួនឯងកាន់តែចុះខ្សោយ ហើយគ្រួសារក៏កាន់តែធ្លាក់ចុះទៅតាមនោះដែរ។ ប៉ុន្តែប្រសិនក្នុងគ្រួសារមួយដែលមានទាំងទ្រព្យសម្បត្តិ និងសុខភាពល្អក្នុងពេលតែមួយ នោះហើយគឺជាសុភមង្គលដ៏ពិតប្រាកដយូរអង្វែង។ ដូច្នេះនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃឥតកាត់ថ្លៃបានទីពីរ។
៣. សុវត្ថិភាពហិរញ្ញវត្ថុ
បើគ្រាន់តែមានលុយកាក់ច្រើនតែមិនដឹងពីរបៀបគ្រប់គ្រងនោះ ក្នុងគ្រួសារក៏មិនមានក្ដីសុខដែរដោយសារតែយើងមិនអាចស្មានដឹងឡើយថានៅថ្ងៃណាមួយដែលហានិភ័យនឹងកើតឡើងនោះទេ។ ប៉ុន្តែប្រសិនបើយើងដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ នោះគ្រួសារមិនត្រឹមតែមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសាររស់នៅដោយគ្មានក្ដីបារម្ភទៀតផង៕