រយៈពេលជាង ២ឆ្នាំហើយ ដែលតារាម៉ូដែលរាងខ្ពស់ស្រឡះ ទឹម រដ្ឋា រយាលដៃពីការងារសិល្បៈ ដើម្បីបំពេញតួនាទីជាភរិយា និងជាអ្នកម្តាយដ៏ល្អឲ្យកូនស្រីជាទីស្រលាញ់របស់នាង។ ប៉ុន្តែ ថ្មីៗនេះតារាម៉ុដែលរូបស្រស់បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌ទឹកប៊ិចយ៉ាងស្រស់ស្អាត បណ្តើរស្វាមីចូលរួមកម្មវិធីសម្ភោធ MV ចម្រៀង «ទេវរាជ» របស់ ទេព បូព្រឹក្ស។


តារាម៉ូដែលរាងស្វែលស្រឡូន ទឹម រដ្ឋា បានប្រាប់ថា រូបរាងនាងត្រឡប់មកស្អាតដូចដើមវិញ ហើយសុខភាពក៏ល្អដូចមុនដែរ គ្រាន់តែមិនទាន់ទទួលការងារសិល្បៈពេញដៃវិញពីមុន ដោយសារជាប់រវល់គ្រប់គ្រងអាជីវកម្មជាមួយស្វាមី និងចំណាយពេលមើលថែទាំកូនស្រីបណ្តូលចិត្ត ដែលពេលនេះនាងមានអាយុ ១ខួប ២ខែ ហើយ។


មួយពព្រិចភ្នែក រដ្ឋា ពង្រីកអាជីវកម្មដល់ទៅ ៣ កន្លែងផ្សេងគ្នា ជាហេតុធ្វើឱ្យនាងមមាញឹកច្រើន គួបផ្សំតួនាទីជាម្តាយត្រូវមើលថែទាំកូនស្រីដោយផ្ទាល់ដៃផង ទើបធ្វើឱ្យរវល់ច្រើនដកឃ្លាស្ទើរពុំរួច។ ទោះជាយ៉ាងនេះក្តី នាងនៅតែស្រលាញ់វិស័យសិល្បៈខ្លាំង និងបើកទទួលការងារសិល្បៈជាធម្មតា តែការធ្វើបែបណាអាស្រ័យលើស្ថានភាពជាក់ស្តែង។
ដោយសារស្វាមី និងក្រុមគ្រួសារចង់ឱ្យនាងមានកូនច្រើន ដើម្បីបង្កើនសមាជិកគ្រួសារ រដ្ឋា ក៏មិនប្រកែក ថែមទាំងមានគម្រោងត្រៀមបន្ថែមសមាជិកកូនទី ២ ឱ្យបានឆាប់ៗទៀតផង ឱ្យស្វាមីសប្បាយ ព្រោះនាងក៏ទទួលបានការថ្នាក់ថ្មម ភាពកក់ក្តៅពីស្វាមីច្រើនដូចគ្នាដែរ៕



























Account
Security
Favourite Content