ការប្រគំតន្ត្រី «Rise of Khmer» លើទឹកដីនៃប្រទេសបារាំង ដែលចូលរួមសម្ដែងដោយសិល្បករជាច្រើនរូបរបស់ផលិតកម្មបារមី បានទាញចំនួនអ្នកចូលទស្សនាទាំងខ្មែរ និងបរទេសយ៉ាងច្រើនលើសនៅក្នុងសាល Salle Pleyel កាលពីយប់ថ្ងៃ ១ ខែធ្នូ កន្លងទៅថ្មីៗនេះ។


ព្រឹត្តិការណ៍ប្រគំតន្ត្រី «Rise for Khmer» បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់នៅក្នុងសាល Salle Pleyel បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ ជាការសាមគ្គីនៃជាតិសាសន៍ខ្មែរ ដែលជាឈាមតែមួយ។ កាលពីរាត្រីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥ សិល្បករល្បីៗរបស់ផលិតកម្មបារមី មានដូចជា វណ្ណដា វណ្ណថាន នរិទ្ធ យូហៃ និង ស៊ូហ្សាណា បានបង្ហាញវត្តមាននៅទីក្រុងប៉ារីស ដើម្បីសម្ដែងជូនជនជាតិខ្មែរដែលកំពុងរស់នៅទីនោះ ជាមួយបទចម្រៀងល្បីៗ និងពីរោះជាច្រើនបទអមដោយក្បាច់រាំពិសេសៗផងដែរ។ មិនតែប៉ុណ្ណោះ សិល្បករទាំង ៥ រូបរបស់បារមីបានឆក់បេះដូងអ្នកចូលរួមទស្សនាឱ្យហ៊ោកញ្ច្រៀវ ច្រៀង រាំ តាមចង្វាក់ភ្លេងជាមួយពួកគេយ៉ាងសប្បាយរីករាយ។





ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ សហការជាមួយបារមី និង Sabay Event Production នៅប្រទេសបារាំងមិនត្រឹមជាកម្លាំងលើកស្ទួយសិល្បៈខ្មែរឱ្យរីកចម្រើននោះទេ ថែមទាំងជាការបើកទំព័រប្រវត្តិសាស្ត្រក្នុងការបង្ហាញឱ្យពិភពលោកបានឃើញវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ គួរឱ្យដឹងថា គោលបំណងដែលរៀបចំការប្រគំតន្ត្រី “Rise for Khmer” ជាគម្រោងវប្បធម៌ដ៏អស្ចារ្យ និងមានគុណតម្លៃខ្ពស់ ដែលផ្ដួចផ្ដើមសិល្បៈខ្មែរទាំងបុរាណ និងសម័យ ឲ្យរះឡើងលើឆាកអន្តរជាតិជាលើកដំបូងនៅទ្វីបអឺរ៉ុប៕
រូបភាព ៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content