រូបក្រមួនតារាចម្រៀងអាមេរិក Taylor Swift ថ្មីចំនួន ១៣ នឹងត្រូវដាក់បង្ហាញនៅសារមន្ទីរ Madame Tussauds ជុំវិញពិភពលោក ដើម្បីអបអរភាពជោគជ័យនៃការប្រគំតន្ត្រី The Eras Tour របស់នាងដែលអាចកើបចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចំនួន ២ ពាន់លានដុល្លារ។


គួររំឭកថា ការប្រគំតន្ត្រីទេសចរណ៍ “The Eras Tour” របស់ Taylor Swift បានចាប់ផ្តើមនៅរដ្ឋ Arizona នៅសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ ២០២៣ និងបានបញ្ចប់នៅទីក្រុង Vancouver ក្នុងប្រទេសកាណាដាក្នុងខែធ្នូ ឆ្នាំ ២០២៤ ហើយដើម្បីជាការអបអរ ឈុតនីមួយៗសម្រាប់រូបក្រមួនគឺសុទ្ធតែត្រូវបានចម្លងពីសម្លៀកបំពាក់ដែលតារាស្រីរូបនេះបានស្លៀកពេលឡើងឆាកប្រគំតន្ត្រីទេសចរណ៍នេះ។
របាយការណ៍ពីសារមន្ទីរ Madame Tussauds បង្ហាញថាពួកគេបានចំណាយសិល្បករចំនួន ៤០ នាក់ និងរយៈពេល ១៤ ខែដើម្បីបញ្ចប់ការងារនេះ ហើយបន្ទាប់ពីការសម្ពោធគម្រោងកាលពីថ្ងៃទី២៣ ខែកក្កដា រូបក្រមួនទាំងនេះនឹងត្រូវបង្ហាញជាសាធារណៈមុនគេនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃសុក្រ។


រូបក្រមួនថ្មីរបស់ តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះ ដែលត្រៀមនឹងដាក់បង្ហាញនៅទីក្រុងឡុងដ៍ ត្រូវបានរចនាដោយផ្សាភ្ជាប់ទៅនឹងការសម្ដែងរបស់នាងនៅក្នុងនៅឯពហុកីឡដ្ឋាន Wembley ក្នុងទីក្រុងនេះ កាលពីឆ្នាំ ២០២៤ ដោយមានឈុតអាវខើចពណ៌ទឹកក្រូចម៉ាក Versace និងស្បែកជើងកវែងម៉ាក Christian Louboutin ។ ចំណែករូបក្រមួនដែលត្រូវដាក់តាំងនៅទីក្រុង Blackpool គឺមានស្លៀកឈុតប៉ាក់អង្កាំប្រដេញពណ៌ក្រហមខ្មៅម៉ាក Ashish ដែលនាងបានស្លៀកលើឆាកប្រគំតន្ត្រីជើងទី១ និងទី២។
ផ្អែកតាមសេចក្ដីរាយការណ៍នេះដែរ រូបក្រមួនរបស់ Taylor Swift ផ្សេងទៀត នឹងត្រូវដាក់តាំងបង្ហាញពេញមួយរដូវក្តៅនៅសារមន្ទីរនិងរមណីយដ្ឋានក្នុងទីក្រុងនានា រួមមានទីក្រុង Amsterdam ទីក្រុងបែរឡាំង ទីក្រុងស៊ីដនី និងហុងកុងជាដើម ៕



























Account
Security
Favourite Content