មហាជនបង្ហាញអារម្មណ៍កាន់តែអស់សង្ឃឹមចំពោះតារាប្រុស Seungri ដែលជាអតីតក្រុមចម្រៀងល្បី BigBang។ យោងតាមប្រភពព័ត៌មាន SPOTV news បានឱ្យដឹងថា Seungri ហាក់ដូចមិនខ្វាយខ្វល់ និងថែមទាំងបន្ដចូលក្លឹបរាំរែកផឹកស៊ីទៀត។
មែនទែនទៅ បន្ទាប់ពីប្រឈមមុខនឹងការចោទប្រកាន់ដូចជាការលេងល្បែងស៊ីសងខុសច្បាប់ ការកេងបន្លំ ការសុំសេវាពេស្យាចារ ការថតវីដេអូផ្លូវភេទខុសច្បាប់ និងច្រើនទៀត Seungri ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ នៅខែឧសភា ឆ្នាំ ២០២២។ តែមិនបានប៉ុន្មាន លោកក៏ត្រូវបានដោះលែងឱ្យមានសេរីភាពនៅខែកុម្ភៈ ឆ្នាំ ២០២៣។
ប្រភពដដែលបានឱ្យដឹងថា អ្នកជិតស្និទ្ធរបស់តារាប្រុសរូបនេះបានទម្លាយប្រាប់ បន្ទាប់ពីចេញពីពន្ធនាគារលោកហាក់មានអារម្មណ៍ស្រស់ស្រាយ និងបានទាក់ទងមកដើម្បីបបួលគ្នាចេញក្រៅ។ ដោយ Seungri បានបបួលគ្នីគ្នាអ្នកជិតស្និទ្ធ និងតារាប្រុសមួយចំនួនទៅក្លឹបកម្សាន្ដ។
ជាមួយគ្នាដែរ លោកធ្លាប់បានសន្យាថា លោកនឹងព្យាយាមកែប្រែខ្លួនឱ្យបានល្អ មិនសាងកំហុសទៀតឡើយ ខណៈលោកនឹងចំណាយពេលរយៈពេល ៣ ឆ្នាំដើម្បីពិចារណាកំហុសរបស់ខ្លួន។
ក្រោយលេចដំណឹងនេះ លោកត្រូវបានមហាជនរិះគន់សាជាថ្មីម្ដងទៀត និងបញ្ចេញមតិជាច្រើនហូរហែរលើកឡើងថា លោកគួរតែយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ខ្លួន និងឈប់ធ្វើរឿងដែលអាចផ្ដល់ផលប៉ះពាល់អាក្រក់ដល់ខ្លួន។ លោកទទួលបានឱកាសសាជាថ្មីដើម្បីកែខ្លួន គួរតែចេះស្ដាយស្រណោះ និងកុំបន្ដធ្វើអ្វីដែលផ្ដេសផ្ដាសទៀត៕

























Account
Security
Favourite Content