បញ្ជីឈ្មោះអ្នកឈ្នះឆ្នោតសម្រាប់កម្មវិធីមហោស្រពភាពយន្ត Raspberry លើកទី ៨ ដែលជាព្រឹត្តិការណ៍ផ្តល់ពានរង្វាន់បែប “អាក្រក់បំផុត” ប្រចាំឆ្នាំក្នុងវិស័យភាពយន្តកូរ៉េ ទើបតែត្រូវបានបង្ហាញកាលពីពេលថ្មីៗ។
រៀបចំឡើងដោយសារព័ត៌មាន Sports Kyunghyang មហោស្រពនេះបានស្ទង់មតិអ្នកកាសែតភាពយន្តចំនួន ៥១ នាក់ពីបណ្តាញសារព័ត៌មានក្នុងស្រុកធំៗ ដោយផ្ដោតលើភាពយន្តខ្នាតធំកូរ៉េដែលបានចេញបញ្ចាំងនៅចន្លោះខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ពានរង្វាន់នេះត្រូវបានបែងចែកជាបីប្រភេទគឺពានរង្វាន់ “ភាពយន្តអន់បំផុត” ពានរង្វាន់ “ការសម្ដែងអន់បំផុត” និងពានរង្វាន់ “អាកប្បកិរិយាអន់បំផុត” ។
ភាពយន្តដែលជាប់ឆ្នោតជាភាពយន្តអាក្រក់បំផុតប្រចាំឆ្នាំរួមមានភាពយន្ត “The Plot” ជាប់លេខ១ ភាពយន្ត “Amazon Bullseye” ជាប់លេខ២ និងភាពយន្ត “Project Silence” ជាប់ចំណាត់ថ្នាក់លេខ៣។
ដោយឡែកអ្នកជាប់ពានរង្វាន់ការសម្តែងអន់បំផុតមានដូចជា៖
ចំណាត់ថ្នាក់ទី ១: Kang Dong Won ក្នុងរឿង ‘The Plot’ (១១ សំឡេង)

មតិផ្សេងៗរបស់អ្នកបោះឆ្នោត៖ “ការសម្តែងគ្មានជម្រៅអារម្មណ៍” “គាត់គឺហេតុផលចម្បងសម្រាប់ការបរាជ័យរបស់ខ្សែភាពយន្ត” “ពេលខ្លះគាត់ហាក់ដូចជាល្អ ប៉ុន្តែបន្ទាប់មកឆ្គងម្ដងទៀត។ ចូលសម្ដែង ២១ ឆ្នាំហើយ តែទស្សនិកជននៅតែមិនច្បាស់ថាគាត់ជាតារាសម្តែង”។
ចំណាត់ថ្នាក់ទី ២៖ “គ្មាន” (១០ សំឡេង)
មានន័យថាអ្នកបោះឆ្នោត ១០ នាក់គិតថាអ្នកស្ថិតក្នុងបញ្ជីបេក្ខភាពគ្មានអ្នកណាស័ក្ដិសមជាអ្នកសម្ដែងអន់បំផុតនោះទេ។
ចំណាត់ថ្នាក់ទី ៣៖ Ju Ji Hoon ក្នុងរឿង ‘Project Silence’ (៨ សំឡេង)

មតិផ្សេងៗរបស់អ្នកបោះឆ្នោត៖ “ការសម្ដែងហួសហេតុរបស់គាត់ធ្វើឱ្យខ្ញុំចង់គេចពីរោងកុន” “តើគាត់បានសម្តែងប៉ុន្មានឆ្នាំហើយ? ការសម្តែងលើសៗរបស់គាត់ធ្វើឱ្យភាពយន្តត្រូវបានបំផ្លាញទាំងស្រុង”។
ចំណាត់ថ្នាក់ទី ៤៖ Song Joong Ki និង Song Seung Hun (៧ សំឡេងរៀងៗខ្លួន)


Song Joong Ki ត្រូវបានបោះឆ្នោតសម្រាប់ការសម្តែងក្នុងរឿង ‘My Name Is Loh Kiwan’ ដែលត្រូវបានរិះគន់ចំពោះ ការសម្ដែងមិនស៊ីសង្វាក់គ្នាជាមួយតួស្រី និងព្យាយាមអះអាងថាខ្លួនបានខំសម្ដែងអស់ពីសមត្ថភាពហើយ។ ទន្ទឹមនឹងនោះ ការសម្ដែងរបស់ Song Seung Hun ក្នុងរឿង ‘Hidden Face’ ត្រូវបានពិពណ៌នាថាជាការសម្តែងអាក្រក់ខ្លាំង និងអន់ជាងអ្នកសម្ដែងផ្សេងៗទៀតទាំងអស់ក្នុងរឿង។
ចំណែកអ្នកជាប់ពានរង្វាន់អាកប្បកិរិយាអាក្រក់បំផុតរួមមាន៖
ចំណាត់ថ្នាក់លេខ១៖ Jung Woo Sung (២២ សំឡេង)

Jung Woo Sung ប្រឈមមុខនឹងការរិះគន់ចំពោះភាពចម្រូងចម្រាសជុំវិញបញ្ហាព័ត៌មានដែលលោកមានកូនជាមួយតារាម៉ូដែល Moon Ga Bi និងការផ្ញើសារមិនសមរម្យទៅកាន់តារាស្រីជាច្រើន។
ចំណាត់ថ្នាក់លេខ ២៖ Youn Yuh Jung (១៨ សំឡេង)

តារាជើងចាស់ Youn Yuh Jung ត្រូវបានគេរិះគន់ចំពោះអាកប្បកិរិយាគ្មានការគោរពក្នុងពេលសម្ភាសន៍ ដូចជាការនិយាយកំបុតៗ និងការសួរអាយុអ្នកកាសែត។ មតិផ្សេងៗរបស់អ្នកបោះឆ្នោតមានដូចជា៖ “ប្រសិនបើគាត់ខឹងគ្រប់សំណួរបែបហ្នឹង តើយើងគួរធ្វើការងាររបស់យើងនៅពេលណា?” “រវាងការនិយាយត្រង់ និងឈ្លើយ គឺខុសគ្នា” និង “ហេតុអ្វីបានជាគាត់ត្រូវសួរអាយុអ្នកកាសែតគ្រប់ពេល?”
ចំណាត់ថ្នាក់ទី ៣៖ Jeon Do Yeon និង Lee Sun Kyun (៤ សំឡេងរៀងៗខ្លួន)


Jeon Do Yeon ប្រឈមមុខនឹងការរិះគន់ចំពោះអាកប្បកិរិយារបស់នាងកំលុងពេលសកម្មភាពផ្សព្វផ្សាយភាពយន្ត ‘Revolver’ ។ អ្នកបោះឆ្នោតម្នាក់បញ្ចេញមតិថា៖ “បើទោះជានាងមិនចូលចិត្តភាពយន្តនេះក៏ដោយ ប៉ុន្តែក្នុងនាមជាតួឯក នាងគួរតែទទួលខុសត្រូវ និងផ្សព្វផ្សាយរឿងនេះឲ្យបានត្រឹមត្រូវ”។ Lee Sun Kyun ក៏ត្រូវបានគេរិះគន់ថាបានរួមចំណែកធ្វើឱ្យមានអារម្មណ៍មិនល្អកើតឡើងដូចគ្នាក្នុងការសម្ភាសន៍ជាក្រុម ៕























Account
Security
Favourite Content