អាជីពជាតារាចម្រៀង និងតារាសម្ដែងនៅក្នុងហូលីវូដ ជាការងារមួយដែលអាចរកប្រាក់ចំណូលបានច្រើនមិនធម្មតាដោយហេតុថាកម្លាំងឥទ្ធិពល និងចំនួនអ្នកគាំទ្រដ៏ច្រើនមហាសាលពីជុំវិញពិភពលោក។ មិនមែនតែជនជាតិអាមេរិក តែតារានៅក្នុងឱស្សាហកម្មមួយនេះក៏មានអ្នកមានដើមដំណើតមកពីជាតិសាសន៍ដទៃផងដែរ ជាក់ស្ដែងជនជាតិអង់គ្លេសជាដើម។
ទន្ទឹមគ្នានេះ កាលពីថ្ងៃទី ២៩ ខែតុលានេះ ទស្សនាវដ្តី Heat បានចេញតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិប្រចាំឆ្នាំរបស់បុគ្គលល្បីៗដែលមានអាយុត្រឹម ឬក្រោម ៣០ឆ្នាំប្រចាំចក្រភពអង់គ្លេស និងប្រទេសអៀរឡង់។ ខាងក្រោមនេះជាការដកស្រង់សិល្បករទាំង ១០រូបដែលមានទ្រព្យច្រើនបំផុតពីចំណាត់ថ្នាក់ខាងលើ។
១. Harry Styles

ចំណាត់ថ្នាក់លេខ ១បានធ្លាក់ទៅលើសមាជិកក្រុម One Direction លោក Harry Styles ជាមួយនឹងទ្រព្យសម្បត្តិជាទឹកប្រាក់សរុប ២០០លានផោន ឬប្រមាណ ២៥៩លានដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះបានកើនឡើងជាង ៥ដងបើប្រៀបធៀបនឹងពេលដែលសមាជិកទាំង៥ បានបំបែកគ្នានៅក្នុងឆ្នាំ ២០១៦ ដោយលោកមានទ្រព្យសម្បត្តិត្រឹម ៣៧លានផោន ឬ ៤៨លានដុល្លារអាមេរិក តែប៉ុណ្ណោះ។
ប្រភពទ្រព្យសម្បត្តិរបស់តារាប្រុសវ័យ ៣០ឆ្នាំរូបនេះបានមកពីការប្រគំតន្ត្រី Love On Tour ដែលអាចរកចំណូលបានរហូតដល់ទៅ ៦១៥លានដុល្លារអាមេរិក រួមគ្នានឹងការងារជាមួយនឹងយីហោល្បីៗ ដូចជា Gucci និងយីហោគ្រឿងសម្អាង Pleasing ជាដើម។ បន្ថែមពីនាមជាតារាចម្រៀង Harry ក៏បានបោះទន់ចូលក្នុងសាលកម្សាន្តដ៏ធំបំផុតប្រចាំចក្រភពអង់គ្លេសដែលមានឈ្មោះថា Co-Op Live arena និងម៉ាកសម្លៀកបំពាក់ SS Daley ផងដែរ។
២. Dua Lipa

ក្នុងវ័យ ២៩ឆ្នាំ Dua Lipa បានក្លាយជាសេដ្ឋីនីដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ ១០៤លានផោន (១៣៥ លានដុល្លារអាមេរិក)។ ក្រៅពីចំណូលដ៏មហាសាលពីអាល់ប៊ុមចម្រៀង និងការប្រគំតន្រ្តីរបស់នាង តារាស្រីសញ្ជាតិអង់គ្លេសរូបនេះក៏ជាស្ថាបនិកនៃ Service95 ដែលជាសារព័ត៌មានមួយ មានមាតិកាគោលទាក់ទងនឹងសៀវភៅ និងមាតិកាបែបរសនិយមជាដើម។
ប្រភពចំណូលមួយផ្នែកទៀតរបស់ម្ចាស់បទ New Rules រូបនេះ ក៏បានមកពីការចាប់ដៃគូជាមួយនឹងម៉ាកយីហោល្បីៗដូចជា Yves Saint Laurent, Porsche និងការចូលរួមច្នៃម៉ូដជាមួយនឹង Versace ផងដែរ។
៣. Tom Holland

Tom Holland ឬទស្សនិកជនតែងស្គាល់ក្នុងនាមជាតួអង្គបុរសពីងពាង មានទ្រព្យសរុបចំនួន ៣០,៦ លានផោន ឬជិត ៤០លានដុល្លារអាមេរិក។ ប្រាក់ចំណូលគោលរបស់តារាប្រុសវ័យ ២៨ឆ្នាំរូបនេះបានមកពីការងារសម្ដែង ជាពិសេសពីតួអង្គបុរសពីងពាងនៅក្នុងចក្រវាល Avenger ទាំង ៦រឿងតែម្ដង។ ជាក់ស្ដែង គ្រាន់តែរឿង Spider-Man: No Way Home ដែលចេញកាលពីឆ្នាំ ២០២១ គេប៉ាន់ប្រមាណថាលោកអាចរកចំណូលបានប្រហែល ៧,៦លានផោន (៩,៨លានដុល្លារអាមេរិក) បាត់ទៅហើយ។
៤. Lewis Capaldi

ក្នុងវ័យ ២៨ ឆ្នាំ ម្ចាស់បទ Someone You Loved ជាម្ចាស់ទ្រព្យសម្បត្តិដែលមានតម្លៃរួមរហូតដល់ទៅ ៣០,៤លានផោន ឬក្បែរ ៤០លានដុល្លារអាមេរិក។ នេះដោយសារតែ Lewis Capaldi បានផ្អាកដំណើរប្រគំតន្ត្រីដែលជាប្រភពចំណូលដ៏ធំ ដោយសារតែលោកចង់បែរទៅគិតគូររឿងសុខភាពផ្លូវកាយ និងផ្លូវចិត្ត បើមិនដូចនេះទេ លោកនឹងមានទ្រព្យសម្បត្តិច្រើនជាងនេះជាក់ជាមិនខាន។
៥. Millie Bobby Brown

ត្រឹមវ័យ ២០ឆ្នាំសោះ ម្ចាស់តួអង្គឯកនៅក្នុងរឿង Stranger Things រូបនេះមានទ្រព្យរហូតដល់ទៅ ២២ លានផោន ឬប្រមាណ ២៨,៥ លានដុល្លារអាមេរិកបាត់ទៅហើយ។ ល្បីល្បាយនឹងអាជីពជាតារាសម្ដែង មានព័ត៌មានលេចឮថា Millie Bobby Brown អាចរកចំណូលបានប្រហាក់ប្រហែល ២៥ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគពីតួអង្គ 11 ក្នុងរឿង Stranger Things។ បន្ថែមពីការងារក្នុងជួរសិល្បៈ អ្នកជំនួញវ័យក្មេងរូបនេះក៏មានយីហោគ្រឿងសម្អាងផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា Florence By Mills។
៦. Sophie Turner

ពីតួអង្គសំខាន់ដែលអាចចំណូលបានប្រមាណ ២០ម៉ឺនដុល្លារអាមេរិកពីការសម្ដែងមួយវគ្គៗនៅក្នុងរឿងភាគជួរមុខ Game of Thrones ទាំង ៨រដូវកាល Sophie Turner មានទ្រព្យសម្បត្តិសរុបចំនួន ១៨,៥ លានផោន ឬប្រមាណ ២៤ លានដុល្លារអាមេរិក។ នេះជាប្រាក់ចំណូលដែលរួមបញ្ចូលទាំងស្នាដៃសម្ដែងក្នុងរឿងនានា ដូចជារឿង X-Men ជាដើម។
៧. Dave

តារារ៉េបដែលមានអ្នកស្ដាប់ចម្រៀងរបស់ខ្លួនច្រើនជាង ៥០០ លានដងនៅលើ Spotify រូបនេះ មានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ១៣,៩ លានផោន ឬប្រហែល ១៨លានដុល្លារអាមេរិកនៅអាយុត្រឹម ២៨ឆ្នាំតែប៉ុណ្ណោះ។ ក្រៅពីលក់សំនៀង Dave ក៏បានចាប់អាជីពជាអ្នកសម្ដែងម្នាក់ដែរ ដោយបានចូលរួមសម្ដែងនៅក្នុងរឿង Top Boy របស់ Netflix។
៨. Jorja Smith

ត្បិតមិនសូវជាមានបទចម្រៀងផ្ទុះខ្លាំង តែទ្រព្យសម្បត្តិរបស់តារាចម្រៀងស្រីប្រភេទ R&B រូបនេះស្ទុះងើបខ្លាំង ដែលអាចរកចំណូលបានកៀកនឹង ៤លានដុល្លារអាមេរិកពីការងារជាមួយនឹងម៉ាកល្បីៗជាច្រើន ដូចជា Dior ជាដើម។ ជាលទ្ធផល ក្នុងវ័យ ២៧ឆ្នាំ Jorja Smith មានទ្រព្យក្នុងដៃរហូតដល់ទៅ ១៣,៧លានផោន ឬ ១៧,៨ លានដុល្លារអាមេរិក។
៩. Sam Fender

ពានរង្វាន់ពីវេទិកាធំៗដូចជា Brit Awards, NME Awards និង UK Music Video Awards ពិតជាស័ក្តិសមនឹងការប្រឡូកក្នុងឧស្សាហកម្មតន្ត្រីតាំងតែពីឆ្នាំ ២០១៣ របស់ Sam Fender។ ជាលទ្ធផល តារាចម្រៀង និងតន្រ្តីករវ័យ ៣០ឆ្នាំរូបនេះជាម្ចាស់នៃទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់ទៅ ១៣,១លានផោន ឬប្រមាណ ១៧លានដុល្លារអាមេរិក។
១០. Asa Butterfield

ចាប់ផ្ដើមទទួលការងារសម្ដែងតាំងតែពីវ័យ ៧ឆ្នាំ Asa Butterfield ទទួលឱកាសលេចមុខនៅក្នុងរឿងល្បីៗជាច្រើនដូចជា The Boy in the Striped Pajamas, Miss Peregrine’s Home for Peculiar Children និង Sex Education ជាដើម។ ក្នុងអាជីពដដែល តារាសម្ដែងវ័យ ២៧ឆ្នាំរូបនេះអាចសល់ទ្រព្យរហូតដល់ទៅ ១០,៧ លានផោន ឬក្បែរៗ ១៤លានដុល្លារអាមេរិក៕
























Account
Security
Favourite Content