ទោះជាការប្រគំតន្ត្រីត្រីវិស័យសុវណ្ណភូមិ របស់កំពូលតារារ៉េប វណ្ណដា បានចប់ ២-៣ ថ្ងៃហើយក៏ដោយ តែរូបភាព និងវីដេអូដែលអ្នកបានទៅមើលនៅមិនទាន់អស់ពីលើបណ្ដាញសង្គមហ្វេសប៊ុក Tik Tok ឡើយ។

ការប្រគំតន្ត្រីដ៏ធំរបស់តារាប្រុសខ្មែរនៅពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃ ១៧ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅមិនត្រឹមតែអ្នកគាំទ្ររាប់ម៉ឺននាក់ទៅចូលរួមឡើយ តារាចម្រៀងរួមអាជីពជាច្រើនរូបដូច ឱក សុគន្ធកញ្ញា, សុគន្ធ នីសា អ្នកបង្កើតមាតិកាល្បីៗដទៃក៏សុទ្ធតែចូលរួមទស្សនាការសម្ដែងដ៏អស្ចារ្យនោះដែរ។
អ្វីកាន់តែពិសេស គឺក្រុមគ្រួសាររបស់លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែង ដ៏មានកិត្តិនាមល្បីល្បាញ ក៏បានចូលរួមទស្សនានៅតំបន់ VIP ដែលក្រុមការងារផលិតកម្មបារមី បានរៀបចំជូន។ ក្នុងនោះមានកូនប្រុសស្រី និងភរិយាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានអង្គុយមើលការប្រគំតន្រ្តីត្រីវិស័យសុវណ្ណភូមិនោះដែរ ដោយលោកយាយ តាត ឆេន រំភើបរហូតដល់ស្រក់ទឹកភ្នែក ពេល វណ្ណដា ជម្រាបសួរពីលោកឆាក។


ទាំង ៣៧ បទរបស់ វណ្ណដា នៅក្នុងការប្រគំតន្ត្រីវិស័យសុវណ្ណភូមិ មានបទ «Time To Rise» ជាបទច្រៀងរួមគ្នាជាមួយលោកតា គង់ ណៃ។ បទនេះបានធ្វើឲ្យអ្នកដែលបានទៅទស្សនារំជួលចិត្ត ត្បិតអីពេលនេះលែងមានវត្តមានលោកតទៅទៀត តែគ្រប់គ្នានៅតែចងចាំ និងនឹកគុណដល់ស្នាដៃព្រឹទ្ធាចារ្យចាប៉ីដងវែង បានបន្សល់ទុកច្រើនដល់កូនខ្មែរគ្រប់រូប។
ក្រោយចប់កម្មវិធី concert របស់ ម៉ាន់ វណ្ណដា លោក គង់សម័យ ដែលជាកូនប្រុសបង្កើតព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានបង្ហោះវីដេអូជាច្រើនអំឡុងពេលប្រគំតន្រ្តី ហើយបានរៀបរាប់ជាមួយសំណេរយ៉ាងខ្លី និងមានន័យថា “ក្នុងនាមខ្ញុំត្រូវជាកូនលោកពុក គង់ ណៃ សូមថ្លែងអំណរគុណដល់ប្អូន Vannda #BarameyProduction ដែលបានជួយគ្រួសារខ្ញុំកន្លងមក”៕



រូបភាព៖ Baramey Production























Account
Security
Favourite Content