រឿងរ៉ាវស្នេហាផ្ដើមចេញពីហ្វេននិងអាយដលមហាជនធ្លាប់តែបានឃើញនៅក្នុងរឿងភាគពេលនេះត្រូវបានគូស្នេហ៍ ១ គូបកស្រាយយ៉ាងលម្អិតចាប់តាំងពីថ្ងៃដំបូងដែលអ្នកទាំងពីរបានស្គាល់គ្នារហូតបានរៀបការក្លាយជាគូស្វាមីភរិយាស្របច្បាប់។ ផ្ដើមចេញពី Fan Girl ដែលមានចំណូលចិត្តទស្សនាការសម្ដែងខនសឺតបាននាំឱ្យសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ បានជួបនឹងនារីដ៏ល្អម្នាក់ដែលធ្វើឱ្យលោកទទួលអារម្មណ៍ថានេះជាស្នេហាពិត។

មុនរៀបការក្លាយជាភរិយារបស់ ជា សុជាតិ Manager របស់ក្រុមក្មេងខ្មែរ រឹម លក្ម្សី ពីដំបូងឡើយត្រឹមជាអ្នកគាំទ្រដែលចូលចិត្តតាមដានក្រុមចម្រៀង Original Song មួយនេះប៉ុណ្ណោះ រហូតថ្ងៃមួយរូបនាងបានសម្រេចបង្កើត group ក្មេងខ្មែរ Fan Page ដែលនៅក្នុង group មួយនេះអ្នកនាងតែងអាប់ឡូតបទចម្រៀងក៏ដូចជាសកម្មភាពផ្សេងៗ ទាំងនៅក្នុងពេលសម្ដែង និងក្រៅឆាករបស់ក្រុមក្មេងខ្មែរ ព្រមទាំងបានគៀងគរហ្វេនៗដែលតែងតែគាំទ្រក្រុមចម្រៀងខាងលើឱ្យចូលរួមនៅក្នុងគ្រុបថែមទៀតផង។ តាមរយៈការបង្កើតផេកមួយនេះពិតជាបានធ្វើឱ្យក្រុមក្មេងខ្មែរ Viral កាន់តែខ្លាំងរហូតថ្ងៃមួយបានធ្វើឱ្យ សុជាតិ និង លក្ម្សី បានជួបគ្នាម្ដងទៀតក្នុងនាមជា Fan Page club leader។
ដោយមានការណែនាំបន្ថែមពី ពន្លឺ សមាជិកម្នាក់ទៀតនៅក្នុងក្រុម និងដោយសារពេលនោះក្រុមក្មេងខ្មែរកំពុងត្រូវការអ្នកគ្រប់គ្រងផ្ទាល់ខ្លួនផងនោះ ដូច្នេះពួកគេក៏សម្រេចចិត្តជ្រើសយក លក្ម្សី មកធ្វើការជាមួយគ្នា។ ក្នុងអំឡុងពេលដែល លក្ម្សី ជា Manager របស់ក្រុមក្មេងខ្មែរទំនាក់ទំនងរវាង សុជាតិ និងនាងមិនមានអ្វីក្រៅពីអ្នករួមការងារនោះទេ។



លុះក្រោយមកនៅក្នុងឆ្នាំ ២០២២ លក្ម្សីបានសម្រេចចិត្តទៅមើលថែ សុជាតិ ដោយសារតែពេលនោះលោកជួបប្រទះបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមិនអាចធ្វើការងារអ្វីបានទាំងអស់។ រយៈពេលនៅកៀកក្បែរគ្នាបានធ្វើឱ្យ លក្ម្សី លង់ស្រលាញ់ សុជាតិ ដោយមិនដឹងខ្លួនរហូតសម្រេចចិត្តសារភាពស្នេហ៍ ប៉ុន្តែត្រូវបានបុរសរូបស្រស់បដិសេធ ព្រោះលោកទុក លក្ម្សី ត្រឹមប្អូនស្រីប៉ុណ្ណោះ។ ក្រោយកើតមានរឿងនេះឡើង លក្ម្សី បានរក្សាគម្លាតពី សុជាតិ តែដោយមិនដាច់ចិត្ត Manager ក៏ត្រឡប់ទៅមើលថែ សុជាតិ ម្ដងទៀត។ ការត្រឡប់មកវិញលើកនេះហាក់បង្កើតឱកាសដល់អ្នកទាំងពីរឱ្យបានស្វែងយល់ពីគ្នាកាន់តែបានច្រើនរហូតធ្វើឱ្យពាក្យស្រលាញ់ខ្ជាក់ចេញពីមាត់បុរសសង្ហា សុជាតិ។



ប៉ុន្តែមិនបានប៉ុន្មានទំនាក់ទំនងអ្នកទាំងពីរក៏មានភាពរកាំរកូសកើតឡើងខណៈដែល លក្ម្សី គិតថាខ្លួនហាក់ស្រលាញ់គេតែម្នាក់ឯងដោយពេលនោះ សុជាតិ ហាក់មិនសូវបានបង្ហាញសកម្មភាពណាមួយដែលថាខ្លួនស្រលាញ់នាងនោះឡើយ។ ការអន់ចិត្តរបស់ Manager ក្រុមក្មេងខ្មែររូបនេះបានធ្វើឱ្យនាងពោលសម្ដីចាក់ដោតទៅកាន់បុរសជាគូស្នេហ៍ថា លោកពុំស្រលាញ់នាងតាំងពីដំបូងមកម្លេះគឺនាងតែម្នាក់ដែលស្រលាញ់លោក។
សម្ដីមួយឃ្លានេះបានធ្វើឱ្យ សុជាតិ ភ្ញាក់ខ្លួនព្រើតរួចមកលោកក៏សម្រួលអារម្មណ៍ហើយតបទៅកាន់មនុស្សស្រីដែលកំពុងអង្គុយទល់មុខលោកថា «អត់ទេបងបានស្រលាញ់អូនហើយ»។ ឃ្លាសម្ដីដែលចេញពីមាត់របស់ សុជាតិ ទោះហាក់ដូចជាយឺតពេលបន្តិចព្រោះវាបានធ្វើឱ្យ លក្ម្សី ទទួលការឈឺចាប់និងទទួលអារម្មណ៍ថាគេមិនបានស្រលាញ់ខ្លួននោះឡើយតែសម្ដីនេះដែរបានធ្វើឱ្យអ្នក២ ញញឹមដោយក្ដីរំភើប ព្រោះទាំងសងខាងបានដឹងឮពីទំហំចិត្ត និងក្ដីស្រលាញ់ដែលមានឱ្យគ្នាទៅវិញទៅមកហើយ។

រហូតមកដល់ដើមឆ្នាំ ២០២៤ សុជាតិ បានរៀបគម្រោងសុំ លក្ម្សី រៀបការប៉ុន្តែហាក់មិនរលូនសោះដោយសារពេលនោះ លក្ម្សី បានប្រើសម្ដីលេងសើចតែហាក់ចាក់ដោតធ្វើឱ្យបុរសជាគូស្នេហ៍ទទួលអារម្មណ៍ថាខ្លួននៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ ប៉ុន្តែដោយ លក្ម្សី ជាមនុស្សឆាប់យល់ការនាងក៏បានសួរនាំ បានដឹងរឿងរ៉ាវគ្រប់យ៉ាង ហើយពេលនោះដែរ សុជាតិ ក៏បានសុំ លក្ម្សី រៀបការថែមទទួលបានចម្លើយ YES ពីមិត្តស្រីទៀតផង។

ដកឃ្លាមករំលឹកបន្តិចនៅត្រង់មូលហេតុដែល សុជាតិ សម្រេចចិត្តសុំមិត្តស្រីរៀបការ។ សុជាតិ បានប្រាប់ថាកាលពីក្មេងប៉ារបស់លោកធ្លាប់បាននិយាយថា «ពេលកូនអាយុ ២៨ ឆ្នាំប៉ាឱ្យកូនរៀបការហើយ» ពិតជាគាប់ជួនក្នុងឆ្នាំ ២០២៤ លោកក៏មានអាយុ ២៨ ឆ្នាំល្មម ហើយពេលនោះហើយដែលលោកបានយកសម្ដីលោកឪពុកដែលបានចែកឋានមកគិតពិចារណា និងបានសុំមិត្តស្រីរៀបការក្នុងពេលនោះតែម្ដង។


ឈានដល់ថ្ងៃទី ២៥ មេសា ២០២៤ ដែលជាថ្ងៃរៀបការ សុជាតិ ពុំមានសាច់ញាតិសូម្បីម្នាក់បានចូលរួមដោយលោកមានបងប្អូនតែ ២ នាក់ហើយបងស្រីរបស់លោកក៏នៅក្រៅប្រទេសទៀត។ លោកឪពុកអ្នកម្ដាយក៏បានចែកឋានចោលលោក ណាសាច់ញាតិក៏មិនសូវមានច្រើនដូចគេ ក្នុងពេលនោះហើយដែល សុជាតិ ស្រាប់តែមានអារម្មណ៍បាក់ទឹកចិត្តភ្លាមៗ បម្រែបម្រួលរបស់លោកពិតជាមិនអាចគេចផុតពីអ្នកគ្រប់គ្រងដ៏ឈ្លាសវៃបាននោះទេ លក្ម្សី បានព្យាយាមនិយាយ និងសាកសួរស្វាមីពីមូលហេតុដែលធ្វើឱ្យលោកកើតមានអារម្មណ៍មួយនេះឡើងមក។
ពេលនោះហើយដែលសមាជិកក្រុមក្មេងខ្មែរម្នាក់នេះទទួលបានការលើកទឹកចិត្តជាថ្មីម្ដងទៀតពីអនាគតភរិយាគ្រានោះ និងក្រុមគ្រួសារសាច់ថ្លៃធ្វើឱ្យលោកទទួលអារម្មណ៍កក់ក្ដៅ មិនមានអារម្មណ៍ថាឯកាព្រោះលោកមានក្រុមគ្រួសារ មានមនុស្សដែលស្រលាញ់ បារម្ភ និងយកចិត្តទុកដាក់ចំពោះរូបលោក។

ដ្បិតថាអ្នកទាំង២ បានរៀបការក្លាយជាគូស្វាមីភរិយាស្របច្បាប់ព្រមទាំងមានចាស់ទុំដឹងឮទាំងសងខាងពិតមែន ប៉ុន្តែទំនាក់ទំនងស្នេហានៅក្នុងបណ្ដាញសង្គមរបស់អ្នកទាំងពីរហាក់មិនទទួលបានការគាំទ្រនោះឡើយ។ តែទោះជាយ៉ាងនេះសម្ដីគ្មានខ្លឹមសារទាំងនោះពុំបានចាក់ចូលដល់បេះដូង និងធ្វើឱ្យទំនាក់ស្នេហារបស់អ្នកទាំង ២ មានភាពរង្គោះរង្គើនោះទេ ផ្ទុយទៅវិញកាន់តែធ្វើឱ្យចំណងស្នេហ៍ផ្អែមល្ហែម។
មិនបានប៉ុន្មានក៏លេចលឺដំណឹងចចាមអារ៉ាមមកថា លក្ម្សី ធ្លាប់រៀបការម្ដងរួចមកហើយថែមទាំងមានស្វាមីជាជនបរទេស។ ស្របពេលនោះដែរ Manager វ័យ ២៨ ឆ្នាំរូបនេះក៏បានផុសសារបំភ្លឺចំពោះការបង្ហោះបំភ្លៃការពិតក្នុងន័យជាន់ពន្លិចកិត្តិយសរបស់អ្នកនាងព្រមទាំង សុជាតិ ជាស្វាមីដោយបានសរសេររៀបរាប់ច្បាស់ៗថា អ្នកនាងមានការងារជា Artist Manager ៥ ឆ្នាំមកហើយ មិនមែនជាអ្នកបង្កើតមាតិកាវីដេអូ ហើយអ្នកនាងគឺនៅលីវពុំធ្លាប់បានរៀបការពីមុនមកទេ ជាពិសេសអ្នកនាងនិង សុជាតិ បានស្គាល់គ្នារយៈពេល ៨ ឆ្នាំនិងបានទាក់ទងគ្នា ២ ឆ្នាំមុនឈានដល់ការរៀបការ។



ក្រោយមករំលងបានជិត ១ ឆ្នាំអ្នកទាំងពីរក៏ទទួលបានដំណឹងល្អដែលជាចំណងដៃអាពាហ៍ពិពាហ៍។ គ្រាន់ទទួលដឹងថាភរិយាសំណព្វចិត្តពពោះកូនប្រុសដំបូងរបស់ខ្លួន សុជាតិ កាន់តែស្រលាញ់ មើលថែ ថ្នាក់ថ្នម ទឹកក្ដៅទឹកត្រជាក់គ្រប់យ៉ាងមិនឱ្យទាស់ចិត្ត រហូតគម្រប់ ៩ខែ១០ថ្ងៃ ដែលជាថ្ងៃសម្រាល សុជាតិ នៅតែបន្តនៅក្បែរភរិយាលើកទឹកចិត្តសព្វបែបយ៉ាងរហូតទទួលបានកូនប្រុសដំបូង ជា កម្ពុមុនីរាជ នាថ្ងៃទី ៧ កុម្ភៈ ២០២៥។







ពេលវេលាដ៏មានន័យរបស់អ្នកទាំងពីរត្រូវបានសាងឡើងជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើឱ្យអ្នកដែលបានឃើញភាពស្និទ្ធស្នាលពោលច្រណែន និងសរសើរ សុជាតិ ដែលបានដើរតួជាស្វាមី ជាឪពុក និងជាមេគ្រួសារដ៏ល្អ ខណៈ លក្ម្សី គឺជាបង្អែកផ្លូវចិត្តដ៏សំខាន់បំផុតសម្រាប់រូបលោក៕























































Account
Security
Favourite Content