កំលោះសង្ហា YuuHai បានធ្វើឱ្យកក្រើកកោះនរា កាលពីយប់ថ្ងៃទី ២៤ ធ្នូ ២០២៣ ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងបែបហ៊ីបហប់ដំបូងបំផុតក្នុងប្រទេសកម្ពុជាគឺ The Rapper Cambodia រដូវកាលទី១។ YuuHai នឹងក្លាយជាតារាចម្រៀងរ៉េបផ្លូវការរបស់ផលិតកម្មបារមី ដែលជាក្រុមហ៊ុនតន្ត្រីខ្នាតធំលំដាប់អន្តរជាតិនៅស្រុកខ្មែរ ចាប់ពីពេលនេះតទៅ ដែលរួមទ្រនំជាមួយកំពូលតារារ៉េបដ៏ល្បីល្បាញ លោក ម៉ាន់ វណ្ណដា។


ភាពជោគជ័យរបស់ យូហៃ គឺមិនមែនជារឿងចៃដន្យ សម្រែកហ៊ោកញ្ជៀវកាលពីយប់មិញ គឺជាសាក្សីយ៉ាងច្បាស់ បញ្ជាក់ថា អ្នកចម្រៀងហ៊ីបហប់ជំនាន់ថ្មីរូបនេះ អាចខាបយកបេះដូងអ្នកគាំទ្ររួចជាស្រេចទៅហើយ។ អ្វីដែលគួរឱ្យសរសើរ និងជាចំណុចដ៏ល្អ ដែលយុវជន គួរមើលគំរូពី យូហៃ នោះ គឺជំនឿចិត្តលើខ្លួនឯង។ ដូចជាពាក្យមួយគេ និយាយថា គ្មានអំណាចអ្វីដែលខ្លាំងជាងការជំឿទុកចិត្តលើខ្លួនឯងទេ។ យូហៃ មិនដែលបង្ហាញភាពខ្លបខ្លាច និងចាញ់ច្រាបទៅលើដៃគូប្រកួតប្រជែងនោះទេ មិនមែនជាការមានអំនួត ប៉ុន្តែនេះជាការផ្ដល់សេចក្ដីទុកចិត្តលើខ្លួនឯង ត្រូវជឿលើសមត្ថភាពខ្លួនឯង។ កំលោះរាងខ្ពស់ស្រឡះរូបនេះ តែងប្រើពាក្យថា មានសង្ឃឹម ៤២០% ហើយគេក៏ធ្លាប់បាននិយាយមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែរថា រូបគេមិនខ្លាចនរណាទាំងអស់( សំដៅលើដៃគូប្រកួត)។


ការដែលចេះផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងនេះ គឺជាអាវុធដ៏សំខាន់ យើងមិនដឹងថា ផ្លូវនៅខាងមុខមានឧបសគ្គអ្វី ឬ លទ្ធផលចុងក្រោយទៅជាបែបណានោះទេ ប៉ុន្តែនៅចំពោះមុខ គឺយើងត្រូវតែប្រឹងឱ្យអស់ពីសមត្ថភាពសិន នោះមិនថាលទ្ធផលបែបណាក៏យើងពេញចិត្តនឹងទទួលយក។ ជាក់ស្ដែងនៅយប់វគ្គផ្ដាច់ព្រ័ត្រ យូហៃ បានធ្វើអស់ពីសមត្ថភាព មិនថាការរ៉េប ការរាំ និងការសម្ដែងចេញ គឺមិនមែនដូចជាបេក្ខជនមកប្រកួតទេ ប្រៀបដូចជាតារារ៉េបដ៏ល្បីម្នាក់កំពុងសម្ដែងឱ្យទស្សនិកជនរាប់ម៉ឺននាក់ទស្សនា។ ចំណុចនេះហើយ ដែលធ្វើឱ្យគេអាចយកឈ្នះលើបេក្ខភាពជើងខ្លាំងដូចគ្នាជាច្រើនរូបទៀត៕



























Account
Security
Favourite Content