ក្មេងប្រុស ទេព ពិសិដ្ឋ ក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី២ នៅឆ្នាំ ២០១៨ ដែលគ្រានោះ ទើបមានវ័យត្រឹម ១៤ ឆ្នាំប៉ុណ្ណោះ។ ការតស៊ូឡើងមកប្រឡងនៅរាជធានីភ្នំពេញ ពិតជាមិនខកបំណងឡើយ ដោយអាចផ្ដួលបេក្ខភាពខ្លាំងៗដទៃ ក្លាយជាម្ចាស់ជយលាភីទាំងក្មេងខ្ចី។

អំឡុងកាលប្រឡង The Voice Kids Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ រៀននៅថ្នាក់ទី៨។ បើតាមការឲ្យដឹងរបស់ម្ដាយ ពិសិដ្ឋ ចាប់អារម្មណ៍ក្នុងការច្រៀងនៅពេលអាយុ ១២ ឆ្នាំប៉ុណ្ណោះ តែដោយសារទេពកោសល្យ ក្នុងវ័យ ១៤ ឆ្នាំ បានដាក់ពាក្យមកប្រកួតកម្មវិធីលំដាប់ពិភពលោក និងទទួលជយលាភីទៀតផង។
ក្នុងការប្រឡងវគ្គជម្រុះដំបូងនៅខេត្តសៀមរាប ដែលជាទឹកដីកំណើត ពិសិដ្ឋ មិនសង្ឃឹមថាអាចឡើងមកដល់វគ្គ Blind Audition ឡើយ ព្រោះមានបេក្ខភាពរាប់ពាន់អ្នកឯណោះ។ ម្ចាស់បទ «អូនមកពីណា» បានឲ្យដឹង គ្រាន់តែថាខ្លួនជាប់ឡើងមកប្រកួតនៅភ្នំពេញភ្លាម កំលោះសម្បុរស្រអែមរូបនេះចាប់ផ្ដើមហ្វឹកហាត់ចម្រៀងផ្សេងៗភ្លាម។

បើទោះជាធ្លាប់ឆ្លងកាត់ការវះកាត់ ទាក់ទងនឹងបញ្ហាសុខភាពមុនពេលឡើងឆាក ដែលធ្វើឲ្យលោកបារម្ភពេលប្រកួត តែ ពិសិដ្ឋ នៅតែអាចជម្នះបាន ដោយធ្វើបានយ៉ាងល្អ ពេលឡើងបកស្រាយបទ «ដឹងទេថាខ្ញុំកំពុងឈឺ» របស់កំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលបទនោះគឺជាបទមួយក្នុងចំណោមបទជាច្រើន ល្បីថាថាមានណោតខ្ពស់បំផុតពិបាកស្រែកដល់។
ទេព ពិសិដ្ឋ បានទាក់ទាញចិត្ត Coach ទាំង ៣ នៃកម្មវិធីគ្រានោះ ដែលមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ, ឱក សុគន្ធកញ្ញា និង សួស វីសា ហើយក៏បានជ្រើសយក ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក។ ទោះទើបឡើងមកប្រកួតលើកដំបូងតែ ពិសិដ្ឋ ចេះលើកដាក់សំឡេង គ្រប់គន្លាក់គន្លើននៃបទដ៏តឹងមួយនោះ។ ដោយគ្រូបង្វឹកទាំងអស់ សុទ្ធតែសរសើរមិនដាច់ពីការចេះប្រើសំឡេងដ៏ពីរោះរបស់ខ្លួន និងដណ្ដើមគ្នា ដើម្បីបង្ហាញទៅពិសិដ្ឋ ឲ្យជ្រើសរើសខ្លួន។
ពីមួយវគ្គទៅមួយវគ្គក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ បានបង្ហាញភាពអស្ចារ្យរបស់ខ្លួនឲ្យទស្សនិកជនបោះឆ្នោតគាំទ្រខ្លួនមិនដាច់សោះឡើយ។ ទីបំផុតនារាត្រីថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្មេងប្រុសវ័យ ១៤ ឆ្នាំពីខេត្តសៀមរាប ច្រៀងបទ «ឈឺពេកទើបយំ» របស់ ឆាយ វីរៈយុទ្ធ ដដែល រហូតបានកាន់ពាន និងប្រាក់រង្វាន់ ១០០ លានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ បានយកភេសជ្ជៈដែលកម្មវិធីឧបត្ថម្ភទៅប្រគល់ជូនសាលាដូងកោះដាច់ទៀតផង។


ក្រោយក្លាយជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ ពិសិដ្ឋ ចេញចម្រៀងហូរហែនៅផលិតកម្មហង្សមាស ដែលជាកន្លែងផលិត The Voice Cambodia មួយចំនួនដែរ។ តែកេរ្តិ៍ឈ្មោះម្ចាស់បទ «Different way» មិនជាសុះសាយប៉ុន្មានឡើយ ស្រាប់តែមាត់មុខមួយរយៈ ក្មេងប្រុសមិនសូវបានមាត់ករូបនេះ បែរជាលេចមុខមកម្ដងទៀត ដោយមានស្ទីល៍ថ្មីទាំងរូបរាង និងការច្រៀង។
ចូលមកដល់ខែសីហា ពិសិដ្ឋ បានទម្លាក់បទ «20’OUTNOW» ផ្ទុះកក្រើកអស់វិស័យសិល្បៈ ព្រោះជាបទរ៉េប hip hop។ មិនមែនតែអ្នកគាំទ្រឡើយដែលសរសើរពីស្នាដៃថ្មីនោះ សូម្បីតារាៗល្បីជារៀមច្បងផ្នែករ៉េប ក៏ស្ញប់ស្ញែងស្នាដៃនោះផងដែរ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះទេ «20’OUTNOW» នេះត្រូវបានគេយកទៅលេង Tik Tok យ៉ាងព្រោងព្រាត រហូតធ្វើឲ្យម្ចាស់បទមមាញឹក រកពេលទំនេរគ្មាន ជាពិសេសការច្រៀងតាមខនសឺត ក្លឹបកម្សាន្តនាពេលរាត្រីមានទាំងនៅតាមខេត្ត និងក្នុងក្រុង។

ឈ្មោះរបស់ ទេព ពិសិដ្ឋ កាន់តែល្បីល្បាញឡើងៗ តាមរយៈបទចម្រៀង និង hip hop។ មួយបទហើយមួយបទទៀត ម្ចាស់ជយលាភី The Voice Kid Cambodia រដូវកាលទី២ កាន់តែទទួលទទួលបានការគាំទ្រខ្លាំងឡើងៗ ហើយបទមួយណាក៏អ្នកមើលចូលខ្ទង់លាននាក់ និងក្លាយជាបទ Trending លើ YouTube ដែរ។
កំលោះរូបសង្ហាវ័យ ២០ ឆ្នាំនេះ កំពុងរះឡើងខ្ពស់ត្រដែត ក្លាយជាតារារ៉េបវ័យក្មេងមានឈ្មោះបោះសំឡេងនាពេលបច្ចុប្បន្ននេះ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែសរសើរ គឺ ពិសិដ្ឋ អាចច្រៀងបានពីរោះទាំងបទមនោសញ្ចេតនា និងរ៉េបបានយ៉ាងឡូយ។


តារាប្រុសមានប្រភពមកពីខេត្តសៀមរាបរូបនេះ បានចប់កុងត្រាជាមួយហង្សមាសហើយ ព្រោះគ្រប់ប្រភេទបទរ៉េបទាំងប៉ុន្មាន គឺបង្ហោះលើ Chanel YouTube ផ្ទាល់ខ្លួនរបស់លោក។ ថ្មីៗនេះទៀតសោតលោកទើបទម្លាក់បទ «ភក្ដីស្នេហ៍» ដែលមិនត្រឹមពីរោះ តែក៏មានរសជាតិថ្មីខុសពីបទមុនៗទៀតផង។
នៅក្នុងវិស័យ Hip Hop តារារ៉េបវ័យក្មេង NPN គឺជាដៃគូដ៏ស័ក្ដិសមរបស់ ទេព ពិសិដ្ឋ។ បទដែលអ្នកទាំង ២ feat ជាមួយគ្នាហើយល្បីរួមមាន « 20’OUTNOW», «Alisha », «កូនកាត់បីសាសន៍» និងបទជាច្រើនទៀត៕
រូបភាព៖ The Voice Kids Cambodia និងTeb Piseth























Account
Security
Favourite Content