បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ការប្រគំតន្ត្រីទេសចរណ៍ “The Eras Tour” របស់ Taylor Swift កំពុងក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដែលទទួលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ ចុងក្រោយនេះទស្សនាវដ្ដីអាមេរិក People បានបញ្ជាក់ថា Taylor Swift បានផ្ដល់ប្រាក់រង្វាន់ (Bonus) សរុបជិត ៥៥លានដុល្លារដល់ក្រុមការងារដែលបានធ្វើការជាមួយនាងក្នុងការប្រគំតន្ត្រីនេះ។
ប្រភពព័ត៌មានបញ្ជាក់ថា Taylor Swift បានផ្ដល់ប្រាក់ដល់ក្រុមការងារគ្រប់ផ្នែកចាប់ពីអ្នកបើកឡានដឹកជញ្ជូនសម្ភារ និងឧបករណ៍ អ្នកបច្ចេកទេសសំឡេង បច្ចេកទេសភ្លើង អ្នករាំ អ្នកការពារសន្តិសុខ អ្នកបម្រើអាហារ អ្នកមើលថែសម្លៀកបំពាក់។ល។ ដោយម្នាក់ៗទទួលបាន ១សែនដុល្លារ ដើម្បីជាការអរគុណដល់ពួកគេដែលបានធ្វើការយ៉ាងអស់ពីកម្លាំងកាយចិត្តសម្រាប់ The Eras Tour។
សូមបញ្ជាក់ថា ការប្រគំតន្ត្រី “Eras Tour” មានសរុប ១៣១ឆាក នៅ៥ទ្វីប ដោយពេលនេះ Taylor Swift កំពុងត្រៀមបញ្ចប់ការសម្ដែងនៅតំបន់អាម៉េរិកនៅថ្ងៃទី៩ ខែសីហា។ ផ្អែកតាម Bloomberg News ការប្រគំតន្ត្រីរបស់នាងមួយលើកៗអាចទាក់ទាញទស្សនិកជនជាមធ្យម ៧ម៉ឺននាក់ និងចំណូលជាមធ្យម ១៣លានដុល្លារ។ បន្ទាប់ពីបញ្ចប់ការសម្ដែងនៅអាម៉េរិកខាងជើង នាងនឹងបន្តទៅសម្ដែងនៅអាមេរិកឡាទីននៅចុងឆ្នាំ មុននឹងចាប់ផ្ដើមម្ដងទៀតនៅប្រទេសជប៉ុននៅដើមខែកុម្ភៈ ៕



























Account
Security
Favourite Content