នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ Han Eun-jung បានរៀបការជាមួយនឹងអ្នកដឹកនាំរឿង Kim Byung Woo ហើយតារាស្រីវ័យ ៣៦ឆ្នាំរូបនេះក៏បានបង្ហាញអារម្មណ៍រំជួលចិត្ត នៅពេលដែលបកស្រាយចម្រៀងជាពិសេសនៅក្នុងថ្ងៃមង្គលរបស់ខ្លួន។


នៅក្នុងកម្មវិធីបែបឯកជននេះ Han Eun-jung បានបកស្រាយចម្រៀងបទ “Meet Him Among Them” ដែលជាបទដើមរបស់ Lee Sun Hee ដោយនាងស្រាប់តែមានអារម្មណ៍រំជួលចិត្តនៅពេលដែលច្រៀងបានពាក់កណ្ដាលបទ។ យ៉ាងណាមិញ តារាស្រីនៅតែអាចសម្រួលអារម្មណ៍ និងច្រៀងបន្តរហូតដល់ចប់ មុននឹងចុះមកថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសចូលរួមកម្មវិធី។
ជាក់ស្ដែងសារព័ត៌មាន Kbizoom បានយោងហេតុការណ៍នេះទៅនឹងកិច្ចសម្ភាសន៍មួយក្នុងគ្រាកន្លងមក ដោយគ្រានោះ Han Eun-jung បានរំឭកដល់អ្នកម្ដាយថា៖ “បន្ទាប់ពីម្តាយរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំក៏ដឹងខ្លួនថាខ្ញុំចង់កសាងគ្រួសារដ៏កក់ក្តៅ និងពេញដោយក្ដីស្រឡាញ់ ដូចអ្វីដែលម្ដាយខ្ញុំបានប្រគល់ឱ្យខ្ញុំ”។
ស្របពេលដែលបានស្វែងរកគូជីវិតឃើញហើយ តារាពហុជំនាញរូបនេះ ក៏បានរៀបរាប់ពីលោក Kim Byung Woo ដែលនាងសម្រេចចិត្តរៀបការជាមួយនេះថាជា បុរសម្នាក់ដែលយល់ និងគោរពការងាររបស់នាង លើសពីអ្នកដែលនាងធ្លាប់បានជួបកន្លងមក ខណៈលោកក៏តែងតែនៅក្បែរនាងនៅក្នុងគ្រាលំបាកផងដែរ។
នៅក្នុងថ្ងៃមង្គលនេះ សមាជិក T-ara ក៏បានមកចូលរួមអបអរសាទរដល់មិត្តរួមក្រុមដូចគ្នា។ ស្របពេលដែល Soyeon តែម្នាក់ប៉ុណ្ណោះដែលអវត្តមាន ព្រោះតែបច្ចុប្បន្ននេះ តារាស្រីរូបនេះបានផ្លាស់ប្ដូរទៅរស់នៅឯទីក្រុងឌូបៃ ក្រោយពីរៀបការជាមួយនឹងកីឡាករបាត់ទាត់ Cho Yu Min៕
























Account
Security
Favourite Content