កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ ពិធីករ Sung Si Kyung បានបង្ហោះវគ្គថ្មីមួយនៃកម្មវិធីជជែកកម្សាន្ដនៅលើឆាណែលយូធូបរបស់លោកដោយមានវត្តមានរបស់ Changmin សមាជិកក្រុម TVXQ ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

ក្នុងវគ្គនេះ លោកបានរៀបរាប់រឿងដែលបានកើតឡើងជាច្រើនក្រោយប្រជាប្រិយភាពរបស់ក្រុមតារាចម្រៀងបុរសមួយនេះបានកើនឡើងគួរឱ្យកត់សម្គាល់។ រំពេចនោះលោកក៏បាននឹកឃើញដល់ពេលមួយដែលលោកបានជួបជាមួយ Yunho ជាសមាជិកមួយរូបរបស់ក្រុម TVXQ ក្នុងពេលថតកម្មវិធីកម្សាន្ដមួយ ហើយអ្នកទាំងពីរក៏បានជជែកគ្នាលេងស្របពេលទូរស័ព្ទរបស់ Yunho ជិតអស់ថ្ម។

ពិធីករ Sung Si Kyung បានបន្ដថាកាលនោះខណៈពេលកំពុងជជែកគ្នា ទូរស័ព្ទរបស់ Yunho ចាប់ផ្ដើមរោទិ៍មិនឈប់ធ្វើឱ្យលោកត្រូវឆែកមើលជារឿយៗ។ ទីបំផុតទូរស័ព្ទរបស់គេអស់ថ្ម គេបានផ្លាស់ប្ដូរថ្មទូរស័ព្ទថ្មីភ្លាមៗ ហើយក៏បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលនៅពេលដែលលោកបានឃើញ Yunho មានថ្មទូរស័ព្ទបម្រុងនៅក្នុងកាបូបដល់ទៅបួន។


លោកក៏បានបញ្ជាក់អំពីមូលហេតុពីក្រោយរឿងហេតុមួយនេះគឺដោយសារតែលេខទូរស័ព្ទរបស់ Yunho បានបែកធ្លាយទៅក្រៅធ្វើឱ្យអ្នកគាំទ្រស្គាល់ហើយតែងតែទូរស័ព្ទទៅរំខានលោកផងដែរ។ Yunho ធ្លាប់បានប្រាប់លោកថាសូម្បីតែរូបគេបានផ្លាស់ប្ដូរលេខទូរស័ព្ទថ្មីក៏ដោយ ក៏អ្នកគាំទ្ររបស់លោកនៅតែអាចស្វែងរកឃើញដដែល។
បើទោះបីជាមានបញ្ហានឹកស្មានមិនដល់បានកើតឡើងមែន ក៏ Yunho នៅតែអត់ធ្មត់ និងញញឹមប្រាប់លោកថា “មិនអីទេ នេះគឺជាអ្វីដែលលោកត្រូវជម្នះឱ្យបាន”។ គួរបញ្ជាក់ដែរថា សម្រាប់តារាខេប៉ុបការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនគឺជារឿងដ៏អាក្រក់បំផុតមួយដោយសារពួកគេនឹងត្រូវបានអ្នកគាំទ្ររោគចិត្ត ឬអ្នកគាំទ្រងប់ងុលជ្រុលតាមធ្វើបាបបានគ្រប់ពេលវេលារហូតអាចឈានដល់មានជំងឺផ្លូវចិត្តទៀតផង៕























Account
Security
Favourite Content