Hyunjin សមាជិកក្រុមចម្រៀងប្រុស Stray Kids ទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ សម្រាប់ការបរិច្ចាគថវិកា ១០០ លានវ៉ុន (ស្មើប្រមាណ ៧២ ០០០ ដុល្លារ) ដើម្បីជួយឱ្យអ្នកមានបញ្ហាការស្តាប់អាចទទួលបានឧបករណ៍ជំនួយការស្តាប់ និងវគ្គសិក្សាស្តារនីតិសម្បទា។

ផលិតកម្ម JYP Entertainment បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុម Stray Kids រូបនេះបានបរិច្ចាគដល់អង្គការ The Snail of Love ដែលជាអង្គការសប្បុរសធម៌ដែលធ្វើការងារជួយជនមានពិការភាពក្នុងការស្តាប់ និងពិការផ្នែកសោតទស្សន៍ផ្សេងទៀត។ ដោយសារតែការបរិច្ចាគរបស់គេលើសពី ៩៩ លានវ៉ុន ដូច្នេះហើយ Hyunjin ក៏បានក្លាយជាសមាជិកនៃក្លឹប The Snail of Love Soul Leader ។
Hyunjin បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “ខ្ញុំបានបរិច្ចាគដោយសារតែខ្ញុំចង់ជួយតាមអ្វីដែលខ្ញុំអាចធ្វើបាន ជាពិសេសក្នុងនាមជាសិល្បករម្នាក់ដែលមានការងារចែករំលែកភាពរីករាយតាមរយៈថាមពលនៃតន្ត្រី” ។ “វាជាការបរិច្ចាគតូចមួយ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងអាចចែករំលែកភាពរីករាយនៃតន្ត្រី និងក្តីស្រឡាញ់ដែលខ្ញុំទទួលបានពីអ្នកគាំទ្រ”។
នេះមិនមែនជាលើកទី១នោះទេ ប៉ុន្តែកាលពីឆ្នាំ Hyunjin ក៏ធ្លាប់បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដែរដល់អង្គការ The Promise ដើម្បីជួយអ្នកដែលរងការខូចខាតដោយសារការរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី ហើយក៏បានក្លាយជាសមាជិកនៃ The Promise Honors Club ។
ជុំវិញសកម្មភាពសិល្បៈវិញ ថ្មីៗនេះដែរ ក្រុម Stray Kids ទើបតែបានទទួលពានរង្វាន់ K-pop Album of the Year នៅឯកម្មវិធីប្រគល់ពានរង្វាន់អាមេរិក iHeartRadio Music Awards ឆ្នាំ ២០២៤ សម្រាប់អាល់ប៊ុមពេញទីបីរបស់ពួកគេមានចំណងជើងថា “5-Star”។
នៅថ្ងៃទី ១២ ខែកក្កដា សមាជិកទាំងអស់គ្រោងនឹងចូលរួមសម្តែងនៅមហោស្រពតន្ត្រី I-Days ក្នុងប្រទេសអ៊ីតាលី និងមហោស្រពតន្ត្រី British Summer Time Hyde Park នៅថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងឡុងដ៍ មុនបន្តសម្ដែងនៅមហោស្រពតន្ត្រី Lollapalooza Chicago នៅថ្ងៃទី ២ ខែសីហា ៕

























Account
Security
Favourite Content