ជាចំណីអារម្មណ៍ថ្មីប្លែកមួយទៀតហើយ ដោយតារាចម្រៀងសម្បុរខ្មែរអង្គរ នេនទុំ បានចាប់ដៃផលិតបទចម្រៀងចូលឆ្នាំថ្មីជាមួយសិល្បករអាយ៉ៃជើងចាស់ ព្រហ្ម ម៉ាញ ចំណងជើង «នែ! កូន» ដែលបទនេះបានទម្លាក់លើទីផ្សារ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

ស្នាដៃចម្រៀងថ្មីរវាង នេនទុំ និង ព្រហ្ម ម៉ាញ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងប្រទេស ដោយសារបទនេះបានច្របាច់បញ្ជូលឧបករណ៍ភ្លេងបុរាណខ្មែរ ជាមួយភ្លេងសម័យ អមដោយសំនៀងដ៏ក្រអួនក្រអៅរបស់ សិល្បករអាយ៉ៃដ៏ល្បីល្បាញ និង Melody រសជាតិថ្មី បង្កើតជាចម្រៀងប្លែកមួយសម្រាប់ស្តាប់កម្សាន្តអំឡុងពេលបុណ្យចូលឆ្នាថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។
មិនត្រឹមតែពីរោះ ហើយមានអត្ថន័យប៉ុណ្ណោះទេ បទ «នែ! កូន» ក៏រំលេចឧបករណ៍ភ្លេងបុរាណ និងប្រយោគឃ្លាបង្ហាញពីសារដាស់តឿនសតិ ការអប់រំក្នុងការរស់នៅប្រចាំថ្ងៃរបស់យុវជនឲ្យខិតខំរៀនសូត្រ និងធ្វើការងារ មិនមែនដើរលេងគ្មាងបានការអ្វីនោះទេ។


ទស្សនិកជនមួយចំនួនធំ បានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តោងខ្សែករូបផែនទីប្រទេសកម្ពុជា ដែលវាពិតជាប្លែកពុំធ្លាប់ប្រទះឃើញពីមុនឡើយ។ យ៉ាងណាមិញ ទន្ទឹមការលើកសរសើរ ក៏មានការរិះគន់បែបស្ថាបនាបានកើតឡើងផងដែរ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិយល់ថា ប្រសិនបើផ្លាស់ប្តូរពីពាក្យ ប៉ា ទៅជា ឪពុក ប្រហែលរឹតតែធ្វើឱ្យបទនេះកាន់តែពីរោះខ្លាំង និងមានអត្ថន័យពេញលេញ សមសួនជាងនេះទៅទៀត។


នេះមិនមែនជាលើកដំបូងដែល ម្ចាស់បទ «បើកទំព័រសាស្ត្រា» ចាប់ដៃផលិតចម្រៀងជាមួយសិល្បករអាយ៉ៃជើងចាស់ ព្រហ្ម ម៉ាញ នោះទេ។ ជាក់ស្តែង កាលអំឡុងឆ្នាំ ២០២១ នេនទុំ និងអ្នកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ធ្លាប់បកស្រាយចម្រៀងរួមគ្នារួចហើយ ចំណងជើង «ពូក្មួយចង់បានប្រពន្ធ» និង បទ «តុងទីនវ័ណ្ឌក» ជាចម្រៀងក្រាលក្នុងរឿង «លោកគ្រូប្រពន្ធល្អ» ដែលមានលោកព្រហ្ម ម៉ាញ បានដើរជាតួឯក នៅអំឡុងឆ្នាំ ២០២២។
តាមការកត់សម្គាល់ ស្នាដៃចម្រៀងរួមគ្នារវាង នេនទុំ និងសិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃដ៏ល្បីល្បាញ ព្រហ្ម ម៉ាញ តែងតែផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន រួមទាំងបទ «នែ! កូន» នេះផងដែរ៕























Account
Security
Favourite Content