យោងតាមការប្រកាសរបស់គណៈកម្មាការកូរ៉េ UNICEF កាលពីថ្ងៃទី២៣ ខែធ្នូ សមាជិកក្រុម Stray Kids គឺ Felix នឹងចូលរួមនៅក្នុងយុទ្ធនាការ UNICEF Team។ ចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តអ្នកចូលរួមរួបរួមជាក្រុមតែមួយដើម្បីជួយដល់កុមារជុំវិញពិភពលោកដែលកំពុងប្រឈមមុខនឹងបញ្ហាសង្រ្គាម គ្រោះមហន្ដរាយ និងភាពក្រីក្រ។

ក្នុងនាមជាទូតសុច្ឆន្ទៈសម្រាប់គណៈកម្មាធិការជាតិកូរ៉េ Felix នឹងសហការជាមួយទូតសុច្ឆន្ទៈអន្តរជាតិ UNICEF លោក Kim Yuna ព្រមទាំងទូតសុច្ឆន្ទៈរបស់គណៈកម្មាធិការកូរ៉េ Kim Hye Soo និង Faker លើកកម្ពស់ការយល់ដឹងតាមរយៈខ្លឹមសារឌីជីថល Unicaster។ ជាមួយយុទ្ធនាការនេះ Felix នឹងផ្សព្វផ្សាយសារនៃការព្រួយបារម្ភ និងការចូលរួមសម្រាប់កុមារដែលខ្វះខាតយ៉ាងស្មោះអស់ពីចិត្ត។
លើសពីនេះ Felix ក៏បានបង្ហាញការប្ដេជ្ញាចិត្តរបស់លោកក្នុងការបង្កើតផលវិជ្ជមានដល់សង្គមជាមួយនឹងអង្គការយូនីសេហ្វផងដែរ។ ជាក់ស្ដែងនៅក្នុងខែមករាឆ្នាំនេះ លោកបានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុនប្រហែល ៧ ម៉ឺនដុល្លារអាមេរិកដើម្បីផ្គត់ផ្គងដល់កុមារក្នុងប្រទេសឡាវដែលកំពុងជួបការលំបាកកង្វះអាហារូបត្ថម្ភ និងកង្វះទឹកស្អាតប្រើប្រាស់។ ការរួមចំណែករបស់លោកបានធ្វើឱ្យលោកក្លាយជាសមាជិកក្មេងជាងគេក្នុង Honors Club របស់យូនីសេហ្វ។




មិនត្រឹមប៉ុណ្ណេះ ក្នុងខែកុម្ភៈ លោកក៏បានចុះទៅមើលទីតាំងគម្រោងរបស់យូនីសេហ្វក្នុងប្រទេសឡាវដោយផ្ទាល់ ដើម្បីគាំទ្រដល់កម្មវិធីនានាដែលជាដំណោះស្រាយឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ និងអនាម័យទឹកស្អាត។ ជាងនេះទៀត ក្នុងថ្ងៃខួបកំណើតរបស់លោកផ្ទាល់កាលពីថ្ងៃទី១៥ ខែកញ្ញា តារាចម្រៀងវ័យក្មេងរូបនេះក៏បានបរិច្ចាគប្រាក់បន្ថែមចំនួន ៥០ លានវ៉ុនទៀតទៅដល់អង្គការយូនីសេហ្វផងដែរ។
ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងដិតដល់របស់លោកចំពោះសុខុមាលភាព និងការលូតលាស់របស់កុមារនៅទូទាំងពិភពលោក Felix ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសម្រាប់គណៈកម្មាធិការកូរ៉េនៃអង្គការយូនីសេហ្វក្នុងខែកញ្ញា។ តាមរយៈការបន្តសកម្មភាពរបស់លោក Felix បានក្លាយជាគំរូដ៏ល្អនៃស្មារតីក្នុងការផ្ដល់ជំនួយ និងក្តីមេត្តា៕

























Account
Security
Favourite Content