តារាសម្ដែងលោក Oh Yeong Su ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការបង្ហាញមុខក្នុងរឿងល្បី «Squid Game» កាលពីឆ្នាំ ២០២១។ លោកត្រូវបានមហាជនជាច្រើនសរសើរពីថ្វីដៃសម្ដែង និងស្ទីលតុបតែងខ្លួន បើទោះជាមានវ័យ ៧៩ ឆ្នាំហើយក្ដី។ ថ្មីៗនេះយោងតាមប្រភពព័ត៌មាន Koreajoongang Daily បានបញ្ជាក់ថា តារាសម្ដែងប្រុសវ័យចំណាស់រូបនេះ អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ដោយសារការបំពានលើនារីភេទ។

បកត្រឡប់ទៅឆ្នាំ ២០២២ តារាសម្ដែង Oh Yeong Su ត្រូវបាននារីម្នាក់ ចេញមុខលើកឡើងថា តារាប្រុសវ័យចំណាស់សម្ដែងក្នុងរឿង «Squid Game» រូបនេះ ធ្លាប់បានបំពាននារីភេទ ដោយបានចាប់បង្ខំនារីម្នាក់ថើប និងប៉ះពាល់ដោយមិនមានការយល់ព្រមពីសមីខ្លួន។ រឿងហេតុនោះត្រូវបានរាយការណ៍ថាបានកើតឡើង កាលពីឆ្នាំ ២០១៧។
ជាការឆ្លើយតបក្នុងតុលាការ Oh Yeong Su បានលើកឡើងថា ខ្លួនមិនបានបំពាននរណាម្នាក់ឡើយ ដោយលោកគ្រាន់តែបានកាន់ដៃ ដើម្បីបង្ហាញផ្លូវដល់អ្នកសួរនាំប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន ព្រះរាជអាជ្ញានៃសំណុំរឿងនេះ បានស្នើសុំឲ្យតុលាការផ្ដន្ទាទោសដល់លោក Oh Yeong Su ឲ្យជាប់ ពន្ធនាគាររយៈពេល ១ ឆ្នាំ ខណៈសេចក្ដីសម្រេចនឹងប្រកាសនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខនេះ។

រឿងអាស្រូវនេះដែរ បានធ្វើតារាប្រុសលោក Oh Yeong Su ត្រូវបានដកចេញភ្លាមៗ ពីក្នុងភាពយន្ដកុន «Big Family» និងជំនួសដោយតារាប្រុស Lee SoonJae វិញ។ ស្របពេលដែលរឿង «Squid Game» វគ្គ ២ ក៏ប្រហែលជាលែងមានវត្ដមានរបស់លោកដូចគ្នា ដោយសារតួអង្គលោកសម្ដែង Player 001 បានស្លាប់កាលពីវគ្គ ១ រួចទៅហើយ។

គួរបញ្ជាក់ថា តារាប្រុស Oh Yeong Su ពិតជាទទួលបានជោគជ័យខ្លាំងក្រោយសម្ដែងក្នុងរឿង «Squid Game» លោកបានឈ្នះពានរង្វាន់ Best TV Supporting Actor នៅក្នុងកម្មវិធីពានរង្វាន់ធំ Golden Globes តែរឿងអាស្រូវនេះធ្វើឲ្យអាជីពសិល្បៈរបស់លោកពិបាកស្រោចស្រង់ឡើងវិញ៕
























Account
Security
Favourite Content