កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ តារាសម្ដែងចិន Song Zu’er បានចូលរួមក្នុងកម្មវិធីរបស់ម៉ាកយីហោល្បីឈ្មោះមួយ ដោយវត្តមានលើកនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់នាង ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណិតមានផ្ដោតការចាប់អារម្មណ៍ចំពោះរូបរាងស្គមស្គាំងរបស់នាង។


ផ្អែកតាមសារព័ត៌មានក្នុងស្រុករបស់ចិន Sohu ខុសប្លែកពីរាល់ដង ដែលតារាស្រីកើតឆ្នាំ ១៩៨៨ ធ្លាប់តែទទួលបានការចាប់អារម្មណ៍ទៅលើសម្រស់ក្មេងជាងវ័យ និងភាពស្រស់ស្រាយ លើកនេះអ្នកគាំទ្របាននាំគ្នាចាប់អារម្មណ៍ទៅលើការស្រកគីឡូរបស់នាង រហូតមើលទៅមិនសូវមានកម្លាំងកំហែង និងស្រស់ស្រាយដូចគ្រាកន្លងមក។
បើទោះបីជាតួឯកស្រីបានញញឺមញញែម និងធ្វើសកម្មភាពនានាដូចធម្មតា ក្នុងនាមជាតារាស្រី Professional ម្នាក់ក្ដី តែអ្នកគាំទ្រខ្លះលើកឡើងថា តារាសម្ដែងរូបនេះកំពុងបង្ខំខ្លួនឯងខ្លាំងដើម្បីបំពេញការងារមួយនេះ ទាំងដែរសុខភាពហាក់មិនអំណោយផល។


ស្របនឹងការព្រួយបារម្ភខាងលើ អ្នកគាំទ្រជាច្រើនបានបង្ហាញក្ដីសង្ឃឹមនៅលើបណ្ដាញសង្គមថា Song Zu’er នឹងចំណាយពេលសម្រាកមើលថែខ្លួនឯង ដោយសង្កត់ធ្ងន់ថា ទោះបីជាមានការងាររវល់ច្រើនក្ដី នាងត្រូវតែផ្ដល់អាទិភាពដល់សុខភាពរបស់ខ្លួនជាងនេះ។
គួរឱ្យដឹងដែរថា Song Zu’er បានប្រឡូកក្នុងការងារសិល្បៈទាំងតែពីវ័យកុមារ ដោយទស្សនិកជនបានស្គាល់នាងតាមរយៈរឿង Prelude of Lotus Lantern។ លុះពេញវ័យ នាងបានដណ្ដើមតំណែងជាតួឯកស្រីដ៏លេចធ្លោម្នាក់ក្នុងប្រទេសចិន តាមរយៈស្នាដៃល្បីៗជាច្រើន ដូចជា The Bond, The Prisoner of Beauty និង The Demon Hunter’s Romance ជាដើម៕


























Account
Security
Favourite Content