តារាសម្ដែងប្រុសកូរ៉េល្បី Song JoongKi និងភរិយា Katy Louise Saunders បានប្រកាសពីទំនាក់ទំនងរបស់ខ្លួនកាលពីចុងឆ្នាំ ២០២២ និងរៀបការជាមួយគ្នាកាលពីដើមឆ្នាំ ២០២៣។ អ្នកទាំងពីរទទួលចំណងដៃកូនប្រុសម្នាក់កាលពីខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅ។ គូស្វាមីភរិយាមួយគូនេះក៏បានក្លាយជាទីចាប់អារម្មណ៍របស់មហាជនដោយសារតែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនថាតាមសាធារណៈ ឬតាមបទសម្ភាសន៍នានា។

មួយរយៈចុងក្រោយ តារាប្រុស Song JoongKi ហាក់មានការមមាញឹកជាមួយភាពយន្ដថ្មី Hopeless ជាហេតុធ្វើឲ្យលោកត្រូវត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ ខណៈភរិយារបស់លោកនៅឯប្រទេស អ៊ីតាលីមើលថែកូនតូច។ តែថ្មីៗ នេះ អ្នកទាំងពីរក៏មកជួបជុំគ្នា និងបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមចូលរួមកម្មវិធីមង្គលការរបស់ប្អូនស្រីរបស់តារាប្រុស Song JoongKi។


ប្រភពព័ត៌មានកូរ៉េបានឲ្យដឹងថា Katy Louise បានហោះពីប្រទេសកូរ៉េជាពិសេសដើម្បីចូលរួមមង្គលការរបស់ប្អូនថ្លៃរបស់ខ្លួន។ បើតាមសម្ដីអ្នកចូលរួមក្នុងពិធីមង្គលការនោះ Song JoongKi ពិតជាយកចិត្តទុកដាក់ជាមួយភរិយា បើទោះជាពេលខ្លះមិនបាននៅជិតក៏រូបលោកចាប់អារម្មណ៍ និងតាមមើលភរិយាផងដែរ។
ជាមួយគ្នាដែរ រូបភាពរបស់អ្នកទាំងពីរក៏បានចែកចាយពាសពេញបណ្ដាញសង្គម ស្របពេលដែលមហាជនជាច្រើននិយាយសរសើរពីសម្រស់របស់ Katy Louise Saunders ថាសម្រស់របស់នាងពិតជាស្រស់ស្អាត និងមើលទៅសុភាពរាបសា ហើយស្វាមី និងភរិយាមួយគូនេះពិតជាសមគ្នាខ្លាំង ៕


























Account
Security
Favourite Content