នៅព្រឹកថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៤ ប្រភពព័ត៌មានកូរ៉េ News1 បានទម្លាយថា តារាប្រុស Song JoongKi និងភរិយាត្រៀមស្វាគមន៍កូនទី ២ ឆាប់ៗ នេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ភរិយារបស់លោកគឺ Katy កំពុងពពោះកូនទី ២។ នាងទើបដឹងពីដំណឹងល្អ នាពេលថ្មីៗ នេះដូចគ្នា និងបានប្រាប់ដំណឹងនេះដល់ក្រុមគ្រួសារ និងមិត្ដភក្ដិជិតស្និទ្ធ។ បច្ចុប្បន្ន Katy ត្រូវបានគេរាយការណ៍ថាកំពុងស្នាក់នៅប្រទេសកូរ៉េខាងត្បូង និងត្រូវបានស្វាមី គឺ Song JoongKi មើលថែទាំយ៉ាងល្អ។



ក្រោយមកក្រុមហ៊ុនតំណាងតារាប្រុស Song JoongKi ក៏បានចេញមុខបញ្ជាក់ថា Song JoongKi និងភរិយា ពិតជាត្រៀមស្វាគមន៍កូនទី ២ ដោយអតីតតារាសម្ដែងស្រី Katy ពិតជាកំពុងមានផ្ទៃពោះកូនទី ២ ពិតប្រាកដមែន។ សម្រាប់ព័ត៌មានលម្អិតផ្សេងទៀត គឺខាងក្រុមហ៊ុនមិនទាន់អាចប្រាប់បាននោះទេ។
គួរបញ្ជាក់ថា Song JoongKi បានប្រកាសរៀបការជាមួយភរិយា Katy កាលពីដើមឆ្នាំ ២០២៣។ អ្នកទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសម្នាក់កាលពីពាក់កណ្ដាលឆ្នាំ ២០២៣។ ភរិយារបស់លោកបានសម្រាលកូន និងរស់នៅឯទីក្រុង Rome ប្រទេស អ៊ីតាលី មួយរយៈ។ អ្នកទាំងពីរបានសេពគប់មើលចិត្ដថ្លើមគ្នាអស់រយៈពេល ៣ ឆ្នាំ ទើបសម្រេចចិត្ដរៀបការ។



និយាយពីចំណងស្នេហ៍អ្នកទាំងពីរវិញមើលទៅគឺមានភាពផ្អែមល្ហែមខ្លាំង ដោយជារឿយៗ តារាប្រុស Song JoongKi តែងតែនិយាយរំឭកពីភរិយា និងកូនប្រុស។ អ្នកទាំងពីរក៏តែងត្រូវគេប្រទះឃើញចេញដើរកម្សាន្ដជុំគ្នា នៅទីក្រុង សេអ៊ូល និងទីក្រុង Rome៕























Account
Security
Favourite Content