Song HyeKyo ជាតារាស្រីកូរ៉េដ៏មានប្រជាប្រិយភាពម្នាក់ ហើយក្រោយបង្ហាញមុខក្នុងរឿងភាគ “The Glory” ភាពល្បីល្បាញរបស់តារាស្រីវ័យ ៤១ ឆ្នាំរូបនេះកាន់តែឡើងស្រើតៗ បន្ថែមទៀត។ ថ្វីបើជាតារាស្រីកំពូលម្នាក់ ប៉ុន្ដែ Song HyeKyo ធ្លាប់មានគំនិតចង់លាឈប់ពីសិល្បៈព្រោះជួបបញ្ហាច្រើនពេក។

បទសម្ភាសន៍ថ្មីៗ របស់នាងជាមួយទស្សនាវដ្ដី BAZAAR បានរៀបរាប់ពីរឿងរ៉ាវក្នុងចិត្តដែលនាងមិនធ្លាប់បាននិយាយជាសាធារណៈកាលពីមុន។ ក្នុងនោះ Song HyeKyo បានទម្លាយថា៖ រយៈពេលជាង ២៧ ឆ្នាំ ក្នុងវិថីសិល្បៈគឺមិនងាយស្រួលឡើយ។


រូបនាងបន្ដថា៖ នាងជួបបញ្ហាជាច្រើនដែលមិនអាចនិយាយប្រាប់មហាជន និងធ្លាប់មានគំនិតចង់លាឈប់ចេញពីសិល្បៈ។ ប៉ុន្ដែនាងខិតខំប្រឹងប្រែងជម្នះ។ ហើយចុងក្រោយរូបនាងអាចឆ្លងផុតពីទុក្ខលំបាកនានា និងមានភាពរឹងមាំព្រោះតែមានការគាំទ្រពីមនុស្សជិតដិតជុំវិញខ្លួនព្រមទាំងអ្នកគាំទ្រផងដែរ។ ការគាំទ្រទាំងអស់នេះធ្វើឱ្យនាងច្បាស់ថាគឺមិនអាចបោះបង់ចោលអាជីពសិល្បៈចោលទេ។
បទសម្ភាសន៍កាលពីមុនរបស់តារាស្រី Song HyeKyo ជាមួយទស្សនវដ្ដី ELLE Korea ធ្លាប់បានលើកឡើងថា បើសិនមានឱកាសម្ដងទៀតនាងសុំមិនកើតមកធ្វើជា Song HyeKyo ឡើយ។ ពាក្យសម្ដីទាំងនេះធ្វើឱ្យមនុស្សជាច្រើនជឿថា រូបនាងប្រហែលជាជួបបញ្ហាច្រើនទើបមិនចង់កើតជាខ្លួនឯងម្ដងទៀតឡើយ។



បច្ចុប្បន្ន តារាស្រី Song HyeKyo ផ្ដោតសំខាន់លើអាជីពសិល្បៈជាធំ និងមិនខ្វាយខ្វល់ជាមួយរឿងស្នេហាទៀតឡើយ។ បើតាមប្រភពផ្ទៃក្នុងបន្ទាប់ពីទំនេរពីការងារនាងតែងចំណាយពេលជាមួយសត្វចិញ្ចឹមរបស់នាងមានឈ្មោះថា Ruby។ សត្វចិញ្ចឹមនេះក៏ជាកម្លាំងចិត្តមួយផ្នែកដែលធ្វើឱ្យនាងមានភាពរឹងមាំបន្ដដំណើរទៅមុខទៀត៕


























Account
Security
Favourite Content