តារាសម្ដែងស្រី Song Ha-yoon បានដាក់ពាក្យបណ្ដឹងទៅកាន់បុគ្គលដែលចោទប្រកាន់ថា ខ្លួនធ្លាប់ធ្វើការគំរាមគំហែង និងប្រើប្រាស់អំពើហិង្សាទៅលើសិស្សដទៃទៀតកាលពីជាង ពីរទសវត្សរ៍មុន ដោយតារាស្រីប្រកែកដាច់ខាតថា ខ្លួនមិនដែលប្រព្រឹត្តអំពើនេះពីមុនមកទេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times តំណាងផ្លូវវច្បាប់របស់ Song Ha-yoon បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថ្ងៃទី៣ ខែកក្កដានេះ ដោយនិយាយថា កូនក្ដីរបស់ខ្លួនបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលម្នាក់ដំបូងដែលបានផ្សព្វផ្សាយការចោទប្រកាន់ទៅលើនាង ពីបទបរិហារកេរ្តិ៍។
កាលពីខែមេសា ឆ្នាំ ២០២៤ បុគ្គលដែលតំណាងដោយ A បានធ្វើការចោទប្រកាន់តារាស្រីវ័យ ៣៨ឆ្នាំនៅលើអ៊ីនធឺណិតថា ចន្លោះឆ្នាំ ២០០៤ តារាស្រីបានទះកំផ្លៀងសិស្សប្អូនម្នាក់ ម្ដងហើយម្ដងទៀត ក្នុងពេល ១ម៉ោងកន្លះរហូតដល់ជនរងគ្រោះរូបនោះត្រូវផ្ទេរចេញពីសាលា។
ការចោទប្រកាន់ដែលកើតឡើងចំពេលដែល Song Ha-yoon កំពុងតែមានប្រជាប្រិយភាពពីរឿង “Mary my Husband” តំណាងផ្លូវច្បាប់បាននិយាយថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់ទាំងផ្លូវចិត្ត និងកេរ្តិ៍ឈ្មោះរបស់នាងដែលខំកសាងមក ២២ឆ្នាំ។

តំណាងរូបដដែល បានបញ្ជាក់ទៀតថា ជាជាងប្រញាប់ចេញមកប្រកែក Song Ha-yoon បានប្រមូលភស្តុតាងផ្សេងៗ រូមទាំងសក្សីដែលជាអតីតគ្រូ និងមិត្តរួមថ្នាក់នៅគ្រានោះ ម្នាក់ៗសុទ្ធតែប្រកែកថា មិនធ្លាប់មានហេតុការណ៍បែបនេះកើតឡើងនោះទេ។
តាមដំណើររឿងខាងលើ ប៉ូលិសបានកំណត់ថា រឿងនេះមានមូលហេតុគ្រប់គ្រាន់ដើម្បីបើកការស៊ើបអង្កេត ប៉ុន្តែ A បានអះអាងថា ខ្លួនជាពលរដ្ឋអាមេរិក និងកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងបដិសេធមិនព្រមសហការក្នុងរឿងនេះ។

ក្រោយមកអាជ្ញាធរបានធ្វើការជាមួយក្រសួងយុត្តិធម៌ ដោយរកឃើញថា បុគ្គល A នៅតែកាន់សញ្ជាតិកូរ៉េនៅឡើយ។ ប៉ូលិសបានធ្វើការកោះហៅឱ្យ A ត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ តែនៅមិនបានផល ទើបឈានដល់ដំណាក់កាលដែលប៉ូលិសស្នើសុំក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យទាក់ទងមកកាន់ខ្លួន នៅពេលដែលបុគ្គល A ចូលប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីបន្តរឿងក្ដីនេះម្ដងទៀត។
គួរឱ្យដឹងផងដែរថា ឥឡូវនេះ Song Ha-yoon កំពុងពិនិត្យមើលវិធានការផ្លូវច្បាប់ដែលអាចធ្វើទៅបាននៅក្នុងសហរដ្ឋអាមេរិក ទន្ទឹមគ្នានឹងការរៀបចំបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌប្រឆាំងបុគ្គលផ្សេងទៀត ដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងខ្លួន៕
























Account
Security
Favourite Content