គូស្វាមីភរិយា HyunBin និង Son YeJin បានរួមគ្នាបរិច្ចាគប្រាក់ប្រមាណ ១៥០ លានវ៉ុន ឬប្រហាក់ប្រហែល ១១៣ ៥៥២ ដុល្លារអាមេរិក ដើម្បីជួយដល់សង្គម កាលពីចុងឆ្នាំ ២០២៣។ ប្រាក់របស់អ្នកទាំងពីរត្រូវបានបរិច្ចាគដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុងទីក្រុងសេអ៊ូល និងមូលនិធិ Jusarang Community Foundation។

បើតាមការបញ្ជាក់របស់ប្រភពព័ត៌មានកូរ៉េ ការបរិច្ចាគប្រាក់របស់អ្នកទាំងពីរ គឺផ្នែកមួយសម្រាប់ជួយគាំទ្រដល់ថ្លៃព្យាបាលជំងឺ និងមើលថែទាំកុមារកំព្រា។ លើសពីនេះ ក៏ជួយគាំទ្រដល់អ្នកម្ដាយ និងកូនតូចដែលគ្មានទីពឹងឲ្យមានជីវិតប្រសើរឡើង។ អមជាមួយការបរិច្ចាគ តារាស្រី Son YeJin ក៏បានបង្ហាញពីអារម្មណ៍ និងគោលបំណងរបស់នាងក៏ដូចជាស្វាមី លើការបរិច្ចាគប្រាក់។
តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានលើកឡើងថា នាងសង្ឃឹមជំនួយទាំងអស់នេះនឹងជួយសម្រួលដល់ក្មេងៗដែលខ្វះខាត និងកំពុងជួបបញ្ហា វាជាកាដូមួយដែលនាងអាចធ្វើបានសម្រាប់ថ្ងៃបុណ្យគ្រីស្មាស។


នេះមិនមែនជាលើកទី១ ឡើយដែលគូស្វាមីភរិយា HyunBin និង Son YeJin បានបរិច្ចាគប្រាក់ជួយដល់សង្គម។ ជារឿយៗ អ្នកទាំងពីរតែងតែផ្ដល់ប្រាក់ និងជួយជ្រោមជ្រែងដល់អ្នកខ្វះខាត។ អ្នកទាំងពីរធ្លាប់បានបរិច្ចាគប្រាក់ជាច្រើនអំឡុងពេលវិបត្ដិកូវីដ-១៩ និងភ្លើងឆេះព្រៃនៅតំបន់ Uljin,Gyeongnuk, Samcheong និង GangWon។ អ្នកទាំងពីរក៏តែងបរិច្ចាគប្រាក់ជួយដល់ក្មេងៗ និងអ្នកម្ដាយដែលខ្វះខាតផងដែរ។

ក្រៅពីនេះ តារាស្រី Son YeJin ក៏ធ្លាប់បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនទៀត ដូចជាការឧបត្ថម្ភដល់កុមារដែលមានជំងឺធ្ងន់ធ្ងរមិនអាចព្យាបាលបាន និងផ្តល់អាហារូបករណ៍ជាច្រើនដល់កុមារ ដើម្បីឲ្យពួកគេបន្ដការសិក្សាបានដល់ទីបញ្ចប់៕























Account
Security
Favourite Content