ការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងស្រីប្រចាំប្រទេស ឱក សុគន្ធកញ្ញា កាលពីថ្ងៃ ១៤ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ នៅតែជាប្រធានបទពេញបណ្ដេញសង្គមដដែល បើទោះជាចប់រយៈពេល ២-៣ ថ្ងៃហើយក៏ពិតមែន តែឥទ្ធិពលមិនងាយសាបរលាបទៅវិញឡើយ។

តារាចម្រៀងដែលហ្វេនប្រសិទ្ធិនាម Queen រូបនេះបានសម្ដែងអស់រយៈពេលជាង ៣ ម៉ោង ដែលមានបទរហូតទៅដល់ជិត ៤០ ឯណោះ សុទ្ធសឹងជាបទល្បីៗរបស់ កញ្ញា។ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះបានគាស់កកាយបទចម្រៀងរបស់ខ្លួនតាំងពីចូលប្រឡូកសិល្បៈដំបូងៗកាលពីនៅផលិតកម្មចាស់ៗ។
បើកឆាកដំបូងដោយបទ «រស់ជាខ្លួនឯង» អមជាមួយការសម្ដែងរបាំបុរាណនៅពីក្រោយ និងគ្រងឈុតសហសម័យអាវធំវែងដែលមានរូបភាពជាសមិទ្ធផលសំណង់ស្ថាបត្យកម្មជាច្រើនរបស់ខ្មែរ រួមទាំងក្បាច់ផ្កាច័ន្ទនៅលើសម្លៀកបំពាក់ថែមទៀត។ បទបន្តបន្ទាប់ទៀតអ្នកម្ដាយកូន ២ រូបនេះពិតជាមិនធ្វើឲ្យហ្វេនៗដែលចំណាយប្រាក់ ខកបំណងឡើយ មានទាំងចម្រៀង ក្បាច់រាំ និងការសម្ដែងផ្សេងៗមកជាមួយ។

បើនិយាយពីម៉ូដសក់របស់ សុគន្ធកញ្ញា មិនមែន ១ ឬ ២ ឡើយ ហើយឈុតវិញរាប់លែងអស់តែម្ដង។ ចំណែកចង្វាក់វិញមាន ម្ចាស់បទ «ចង់ទៅ ទៅទៅ» ពិតជាមិនធ្វើឲ្យខកបំណងឡើយមានទាំងមនោសញ្ចេតនា ញាក់ rock មកជាមួយក្បាច់រាំដ៏រស់រវើកមិនចេះថមថយ បើទោះជាទើបតែកូនខ្ចីហើយបានប៉ុន្មានខែថ្មីៗនេះក៏ដោយ។
នៅលើបណ្ដាញសង្គមគេសង្កេតឃើញថា អ្នកដែលទៅទស្សនាការប្រគំតន្ត្រី solo របស់ ឱក សុគន្ធកញ្ញា មានទាំងតារាៗដូចគ្នា influencer អ្នកជំនួញអនឡាញល្បីៗ ព្រមទាំងកូនសេដ្ឋីៗដែលជាម្ចាស់ sponsor មួយចំនួនទៀតដែរ។



ក្រឡេកទៅមើលសកម្មភាពអ្នកគាំទ្រទាំងអស់បានចំណាយកម្លាំងស្រែកច្រៀង រាំលេង សប្បាយជាមួយអាយដលខ្លួន ហើយបើទោះជាច្រៀងរាប់ម៉ោង រាប់បទប៉ុណ្ណឹងហើយ ហ្វេនៗនៅរអ៊ូថាកម្មវិធីឆាប់ចប់ម្ល៉េះជាចុងបញ្ចប់នៃកម្មវិធីកំពូលតារាចម្រៀងស្រីរូបនេះបានលុតជង្គង់ចុះ សំពះអរគុណអ្នកគាំទ្រ ដែលដាក់ចិត្តដាក់កាយតាមស្រលាញ់នាងរាប់ឆ្នាំមិនប្រែ។ អ្នកគាំទ្រនៅមិនអស់ចិត្តតាមសួរ ឱក សុគន្ធកញ្ញា ថា ខនសឺត «THE Q – RISE OF THE QUEEN» ពេលណាមានកម្មវិធីបែបនេះម្ដងទៀត៕
















រូបភាព៖ One Memory























Account
Security
Favourite Content