ទោះបីជាព្យុះភ្លៀងលើបណ្តាញសង្គមហ្វេសប៊ុកបោកបក់លើ ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 ខ្លាំងក្លាកម្រិតណាក៏ដោយ ក៏នាងនៅតែរក្សាជំហររឹងមាំ ដោយសារតែមានក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន និងហ្វេនៗយ៉ាងច្រើនលើសលប់ដែលនៅចាំជំរុញលើកទឹកចិត្តគ្រប់ពេលវេលា។

មិនយូរប៉ុន្មាន វត្តី បានធ្វើឱ្យអ្នកគាំទ្រ និងហ្វេនៗរបស់នាងភ្ញាក់ផ្អើលចំហមាត់ ព្រោះស្ងាត់ៗនាងស្រាប់តែត្រូវប្រកាសតំណែងជា Executive Vice President តែម្នាក់គត់ ក្នុងស្ថាប័ន Miss Grand Cambodia។ បណ្តា fan page ទាំងអស់ រួមទាំងអ្នកគាំទ្រស្មោះស្ម័គ្ររបស់ វត្តី បាននាំគ្នាចែករំលែកដំណឹងដ៏រីករាយនេះ ព្រមជាមួយសារអបអរសាទរដល់ queen របស់ពួកគេនាឱកាសទទួលបានតំណែងដ៏សំខាន់នៃកម្មវិធី Miss Grand Cambodia។

តាមការ comment របស់គណនីឈ្មោះ Sara Pich របស់នាយករងនៃកម្មវិធី MGC បានឱ្យដឹងពីតួនាទី Executive Vice President យ៉ាងដូច្នេះថា «អនុប្រធានប្រត្តិបត្តិមានសិទ្ធក្នុងកម្មវិធីបន្ទាប់បងស្រីនឹងខ្ញុំមកបង្កើតអោយកម្មវិធីកាន់តែដំណើរការល្អ ក្នុងកម្មវិធីត្រូវតែមានតំណែងមួយនេះ»។

ក្រោយត្រូវប្រកាសឡើងកាន់តំណែងនេះ បវរកញ្ញាពោរពេញដោយសមត្ថភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះថ្លែងអំណរគុណដល់ស្ថាប័ន ថែមទាំងសន្យាថា នាងនឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុត ក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជា។
ម្ចាស់មកុដ 5th Runner up Miss Grand International 2022 រៀបរាប់ឡើងថា « សូមអរគុណដល់បងស្រី Sokunthea Imm បងប្រុស Rayuth Kong បងស្រី Sara Pich ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នៃស្ថាប័ន Miss Grand Cambodia ដែលបានតែងតាំងនាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» ក្នុងតំណែងជា Executive Vice President នាងខ្ញុំសូមសន្យាថានឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុតក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជាសូមអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រនិងស្រឡាញ់ចំពោះនាងខ្ញុំកន្លងមក អ្នកទាំងអស់គ្នាជាភាពជោគជ័យរបស់នាងខ្ញុំ មានអ្នកទាំងអស់គ្នាទើបមាននាងខ្ញុំក្នុងថ្ងៃនេះ ! Break the history of the new era – Pich Votey Saravody Executive Vice President of Miss Grand Cambodia »។

នេះចាត់ទុកជាជំហានថ្មីមួយទៀតរបស់ វត្តី ក្នុងវិស័យបវរកញ្ញានៅកម្ពុជា ដែលនាងនឹងមកចូលរួមជួយជ្រោមជ្រែងវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ផ្អែកតាមបទពិសោធន៍ការប្រកួតថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសការបើកផ្លូវទទួលរៀននូវអ្វីថ្មីៗពីវិស័យប្រកួតប្រជែងសម្រស់។
អ្នកគាំទ្រស្មោះស្ម័គ្ររបស់បវរកញ្ញារាងខ្ពស់ស្រឡះនេះជឿជាក់ថា នាងនឹងអាចបំពេញតួនាទីនេះបានល្អ និងអាចជួយបណ្តុះបណ្តាលគ្រាប់ពូជថ្មីរបស់កម្ពុជាឱ្យកាន់តែមានគុណភាពចាប់ពីឆ្នាំ ២០២៤ នេះតទៅ៕























Account
Security
Favourite Content