តារាចម្រៀងអាមេរិក Sean Kingston ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំកន្លះកាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីជាប់ទោសពីឆបោកប្រាក់ចំនួន ១ លានដុល្លារដោយតារាចម្រៀងរូបនេះបានប្រើកេរ្តិ៍ឈ្មោះរបស់ខ្លួនដើម្បីបោកបញ្ឆោតអ្នកលក់ជាច្រើនឱ្យផ្តល់ទំនិញប្រណីតឱ្យខ្លួន។

Kingston ដែលមានឈ្មោះក្នុងបញ្ជីជាតិថា Kisean Paul Anderson និងម្តាយរបស់លោកឈ្មោះ Janice Eleanor Turner ត្រូវបានតុលាការសម្រេចចោទប្រកាន់កាលពីខែមីនាពីបទសមគំនិតក្នុងការប្រព្រឹត្តការក្លែងបន្លំចំនួនបួនករណី ។ ក្នុងនោះអ្នកស្រី Turner ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំកាលពីខែមុន។
មុនពេលចៅក្រមអាមេរិក David Leibowitz កាត់ទោស Kingston តារាចម្រៀងរូបនេះបានសុំទោសចៅក្រមនៅក្នុងបន្ទប់កាត់ក្តី South Florida ហើយនិយាយថាលោកបានរៀនសូត្រពីទង្វើរបស់ខ្លួនហើយ។ មេធាវីរបស់លោកបានសួរថាតើលោកអាចនៅក្រៅឃុំមួយរយៈដោយសារបញ្ហាសុខភាពដែរឬទេ ប៉ុន្តែចៅក្រមបានបញ្ជាឱ្យចាប់ខ្លួនលោកភ្លាមៗ។
ជំនួយការមេធាវីអាមេរិកលោក Marc Anton បានពណ៌នា Kingston ថាជាមនុស្សម្នាក់ដែលញៀននឹងរបៀបរស់បែបតារាល្បី ទោះបីជារូបលោកមិនមានលទ្ធភាពក្នុងការថែរក្សាវាទៀតក៏ដោយ។
ទោះយ៉ាងណាមេធាវីការពារក្តី Zeljka Bozanic បានប្រឆាំងថា Kingston ដែលបច្ចុប្បន្នមានវ័យ ៣៥ ឆ្នាំមានចិត្តគំនិតដូចក្មេងជំទង់ នៅពេលដែលលោកក្លាយជាតារា។ មេធាវីបាននិយាយថា Kingston ស្ទើរតែគ្មានចំណេះដឹងអំពីហិរញ្ញវត្ថុឡើយ ដោយតែងពឹងផ្អែកលើអ្នកចាត់ការ និងម្តាយរបស់លោកប៉ុណ្ណោះ។ Bozanic បាននិយាយថា Kingston បានចាប់ផ្តើមទូទាត់សងជនរងគ្រោះរបស់លោកខ្លះហើយ ព្រមទាំងមានបំណងសងវិញយ៉ាងគ្រប់ចំនួននៅពេលដែលលោកត្រូវបានដោះលែង ហើយអាចចាប់ផ្តើមធ្វើការម្តងទៀត។

យោងតាមកំណត់ត្រារបស់តុលាការ Kingston បានប្រើប្រាស់បណ្ដាញសង្គមចាប់ពីខែមេសា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤ ដើម្បីរៀបចំការទិញទំនិញប្រណីត។ បន្ទាប់ពីចរចារលើកិច្ចព្រមព្រៀង Kingston នឹងអញ្ជើញអ្នកលក់ទៅកាន់ផ្ទះធំមួយរបស់ខ្លួនក្នុងរដ្ឋ Florida ហើយសន្យាថានឹងបង្ហាញផលិតផលរបស់ពួកគេនៅលើបណ្ដាញសង្គម។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា នៅពេលដែលដល់ពេលបង់ប្រាក់ Kingston ឬម្តាយរបស់លោកនឹងផ្ញើសារទៅកាន់ជនរងគ្រោះនូវបង្កាន់ដៃបង់ប្រាក់ក្លែងក្លាយសម្រាប់ទំនិញដែលរួមមានរថយន្ត Escalade បាញ់មិនធ្លុះ នាឡិកាដៃប្រណីតជាច្រើនគ្រឿង និងទូរទស្សន៍ LED ប្រវែងទំហំ 5.9m។
អាជ្ញាធរបាននិយាយថា នៅពេលទឹកប្រាក់មិនត្រូវបានទូទាត់ ជនរងគ្រោះតែងតែទាក់ទងទៅ Kingston និង Turner ម្តងហើយម្តងទៀត ប៉ុន្តែពួកគេមិនដែលទទួលបានប្រាក់នោះទេ រហូតត្រូវដាក់ពាក្យបណ្ដឹង ឬទាក់ទងទៅសមត្ថកិច្ច។
កើតនៅរដ្ឋផ្លរីដា និងធំដឹងក្តីនៅប្រទេសហ្សាម៉ាអ៊ីក Kingston បានទទួលភាពល្បីល្បាញនៅអាយុ ១៧ ឆ្នាំតាមរយៈបទចម្រៀង “Beautiful Girls” នៅឆ្នាំ ២០០៧ ។ បទចម្រៀងផ្សេងទៀតរបស់លោករួមមានរឿងបទ “Take You There” និងបទ “Fire Burning” ៕


























Account
Security
Favourite Content