កាលពីថ្មីៗ នេះ កំឡុងពេលប្រគំតន្ដ្រីទេសចរណ៍របស់តារាប្រុសល្បីតៃវ៉ាន់លោក Richie Jen Hsien នៅតំបន់ Shenyang ខេត្ដ Liaoning ប្រទេសចិន មានរឿងគួរឱ្យភ្ញាក់ផ្អើល និងរំជួលចិត្តមួយកើតឡើងដោយមានអ្នកគាំទ្រម្នាក់បានទម្លាយថា លោក Richie Jen ធ្លាប់ជួយជីវិតនាងកាលពីជាង ២០ ឆ្នាំមុន។
អ្នកគាំទ្រម្នាក់នោះបានលើកឡើងថា៖ តារាប្រុសលោក Richie Jen ធ្លាប់បានជួយជីវិតនាង។ កាលពីឆ្នាំ ២០០១ នាងទើបតែមានអាយុ ១ ឆ្នាំប៉ុណ្ណោះ ពេលនោះនាងមានជំងឺបេះដូង និងត្រូវការវះកាត់ជាបន្ទាន់ដើម្បីសង្គ្រោះជីវិត។ ប៉ុន្ដែគ្រួសាររបស់នាងក្រីក្រខ្លាំងគ្មានលទ្ធភាពក្នុងការធ្វើការវះកាត់។

នាងបន្ដថា៖ កាលនោះក្រុមគ្រួសាររបស់នាងបានទទួលប្រាក់ប្រមាណជិត ៥ ពាន់ដុល្លារអាមេរិកពីការបរិច្ចាគរបស់តារាប្រុស Richie Jen។ កាលនោះគឺលោកបានឃើញព័ត៌មានទារកមានជំងឺបេះដូងត្រូវការប្រាក់ដើម្បីវះកាត់ និងបានបរិច្ចាគប្រាក់ភ្លាមៗ ជួយនាង។ ទង្វើដ៏ល្អរបស់លោកកាលពី ២២ ឆ្នាំមុនបានសង្គ្រោះជីវិតរបស់នាង។ អ្វីដែលសំខាន់ លោកបានមកសួរសុខទុក្ខនាង និងបានលើកពនាងទៀតផង។
នាងបន្ថែមទៀតថា៖ នាងមកការប្រគំតន្ដ្រីរបស់តារាប្រុស Richie Jen Hsien ដោយសារតែនាងក៏ជាអ្នកគាំទ្រមួយរូបរបស់លោក និងចង់និយាយពាក្យអរគុណដោយផ្ទាល់ទៅកាន់លោកផងដែរ។


មែនទែនទៅ តារាប្រុស Richie Jen Hsien ពិតជាមានការភ្ញាក់ផ្អើលខ្លាំងក្រោយបានជួបនាង និងហាក់មានអារម្មណ៍រំភើបចិត្តដែលទង្វើរបស់លោកបានជួយដល់ជីវិតមនុស្ស។ ក្រោយពីបញ្ចប់ការប្រគំតន្ដ្រីលោកក៏បានបង្ហោះសារក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖ ក្ដីស្រឡាញ់ និងអំពើល្អគឺមិនសាបសូន្យ ហើយសូមឱ្យគ្រប់គ្នាចែករំលែកក្ដីស្រឡាញ់ និងធ្វើអំពើល្អទាំងអស់គ្នា។
គួរបញ្ជាក់ថា តារាប្រុស Richie Jen Hsien បច្ចុប្បន្នមានវ័យ ៥៦ ឆ្នាំហើយ លោកជាកំពូលតារាចម្រៀងល្បីម្នាក់នៅតៃវ៉ាន់ និងត្រូវបានគេដាក់រហស្សនាមជា “King of Pop in Taiwan”៕




























Account
Security
Favourite Content