រយៈពេលមិនដល់មួយខែបន្ទាប់ពីផ្ទុះព័ត៌មានការធ្វើអត្តឃាតរបស់តារាសម្ដែងស្រី Kim Sae-ron ពិភពសិល្បៈកូរ៉េខាងត្បូងបានរងនូវដំណឹងសោកសៅម្ដងទៀត បន្ទាប់ពីតារាចម្រៀង Choi Whee-sung ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះដោយមិនដឹងមូលហេតុ ក្នុងវ័យ ៤៣ឆ្នាំ កាលពីថ្ងៃច័ន្ទ ទី១០ ខែមីនា។

តារាចម្រៀងប្រុសវ័យ ៤៣ ឆ្នាំរូបនេះត្រូវបានម្ដាយរបស់លោកប្រទះឃើញស្លាប់នៅផ្ទះរបស់លោកនៅសង្កាត់ Gwangjin ភាគខាងកើតទីក្រុងសេអ៊ូល។ ចំពោះមូលហេតុនៃការស្លាប់គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ។
រហូតដល់ព្រឹកថ្ងៃអង្គារនេះ ប៉ូលីសបាននិយាយថា ពួកគេគ្រោងនឹងស្នើសុំធ្វើកោសល្យវិច័យលើសាកសពរបស់តារាចម្រៀង Wheesung ដើម្បីកំណត់ពីមូលហេតុ និងពេលវេលានៃការស្លាប់របស់លោក។ ក្រុមប៉ូលីសក៏បានឱ្យដឹងដែរថាពួកគេមិនបានរកឃើញសញ្ញាអ្វីខុសប្រក្រតីអ្វីនោះទេ និងកំពុងពិនិត្យមើលថាតើតារាចម្រៀងរូបនេះបានបន្សល់ទុកសំបុត្រ ឬកំណត់ត្រាអ្វីឬក៏អត់។


ដំណឹងមរណភាពរបស់ Wheesung បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលថ្មីៗនេះគេសង្កេតឃើញលោកនៅមានសកម្មភាពសិល្បៈនៅឡើយដោយមានគម្រោងការប្រគំតន្ត្រីជាមួយតន្ត្រីករ KCM នៅថ្ងៃទី ១៥ ខែមីនា។ យ៉ាងណាក៏ដោយ បន្ទាប់ពីការស្លាប់របស់លោក ការប្រគំតន្ត្រីត្រូវបានលុបចោល។
កើតនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ១៩៨២ Choi Wheesung ហើយបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០២ ជាមួយនឹងអាល់ប៊ុមពេញ “Like A Movie” និងត្រូវបានគេទទួលស្គាល់សម្រាប់សំឡេងពីរោះក្រអួនក្រអៅរបស់លោកក្នុងបទចម្រៀងបែប R&B និងមនោសញ្ចេតនា។ រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត ភាពល្បីល្បាញរបស់លោកកាន់តែកើនឡើងខ្លាំង នៅពេលដែលលោកបានច្រៀងបទចម្រៀងប្រភេទផ្សេងៗទៀត ដោយមានទាំង R&B, pop និង hip-hop ។ បទចម្រៀងរបស់លោកដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបទ “Insomnia” ដែលចេញនៅឆ្នាំ២០០៩ និងបទ “Heartsore Story” ចេញនៅឆ្នាំ២០១១។
ទោះយ៉ាងណា អាជីពរបស់ Wheesung ត្រូវរង្គោះរង្គើខ្លាំងក្នុងឆ្នាំ ២០២១ នៅពេលដែលលោកត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀន និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំ និងព្យួរទោសរយៈពេល ២ឆ្នាំទៀត។ បន្ទាប់ពីហេតុការណ៍នោះ លោកបានត្រលប់បង្ហាញមុខលើឆាកតន្ត្រីវិញ ប៉ុន្តែក៏លែងមានការគាំទ្រច្រើនដូចមុនទៀតហើយ។
ពាក់ព័ន្ធពិធីបុណ្យសព ទីភ្នាក់ងាររបស់ Wheesung គឺ Tajoy Entertainment បានចេញសេចក្ដីថ្លែងការណ៍ថា៖ “ដំណើរការពិធីបុណ្យសពត្រូវបានពន្យារពេល ដោយសារសមាជិកគ្រួសារនៅមានភាពតក់ស្លុត និងទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានសោកនាដកម្មភ្លាមៗ… ពិធីបុណ្យសពនឹងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ដោយមានការចូលរួមពីសាច់ញាតិនិងអ្នកស្គាល់គ្នាតែប៉ុណ្ណោះស្របតាមការចង់បានរបស់ក្រុមគ្រួសារ” ៕
























Account
Security
Favourite Content