តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន បានប្រកាសប្រាប់ចំពោះមុខក្រុមអ្នកសារព័ត៌មានសិល្បៈថា នាងនឹងផ្អាកចូលរួមកម្មវិធីអន្តរជាតិធំៗ ក្រោយចប់បេសកម្មដើរកម្រាលព្រំ Cannes Film Festival 2024 ប្រទេសបារាំង កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ សូម្បីតែការងារសិល្បៈក្នុងស្រុកក៏នឹងត្រូវកាត់បន្ថយប្រមាណជាងពាក់កណ្តាលដែរ។

យូប៊ីន បញ្ជាក់ឱ្យដឹងថា មូលហេតុនៃការកាត់បន្ថយការងារសិល្បៈភ្លាមៗ ក៏ដូចជាការអវត្តមានពីកម្មវិធីអន្តរជាតិធំៗ គឺដោយសារនាងមានភារកិច្ចចាំបាច់ផ្ទាល់ខ្លួន ដែលពុំទាន់អាចបង្ហើបឱ្យដឹងបាន ប៉ុន្តែដល់ពេលវេលាហ្វេនៗនឹងបានដឹងដោយខ្លួនឯង ពីអ្វីដែលនាងត្រៀម surprise ដល់អ្នកគ្រប់គ្នា។ តារាសម្តែងឆ្នើមរូបនេះសង្កត់ធ្ងន់ថា នាងគ្មានបញ្ហាអ្វីពីក្រោយការកាត់បន្ថយការងារសិល្បៈក្នុងស្រុក ហើយរឹតតែគ្មានបញ្ហាជាមួយក្រុមការងារបរទេសនោះឡើយ តែដោយកត្តាចាំបាច់ទើបសម្រេចចិត្តដកឃ្លាការងារសិល្បៈបន្តិច។

ទោះជាយ៉ាងនេះក្តី នាងសង្ឃឹមថា អាចនឹងត្រឡប់ទៅដើរកម្រាលព្រំក្រហមជាថ្មីម្តងទៀត នៅឆ្នាំខាងមុខ អាចចន្លោះ ២-៣ឆ្នាំទៀត ករណីដែលក្រុមហ៊ុនអន្តរជាតិនៅមើលឃើញពីសមត្ថភាព និងអញ្ញើញនាងឱ្យទៅចូលរួម។ ការប្រកាសយ៉ាងដូច្នេះរបស់ យូប៊ីន ធ្វើឱ្យហ្វេនៗសប្បាយចិត្តផង សោកស្តាយផង ព្រោះពួកគេនឹងមិនសូវឃើញវត្តមាន យូប៊ីន តាមរឿងភាគទូរទស្សន៍ ឬកម្មវិធីផ្សេងៗដូចពីមុន តែក៏សប្បាយចិត្តព្រោះជិតបានឃើញអ្វីថ្មីដែល idols ក្នុងដួងចិត្តពួកគេកំពុងត្រៀមបង្ហាញក្នុងពេលឆាប់ៗ។


មុនបន្ថយការងារសិល្បៈតាមគម្រោង យូប៊ីន ត្រៀមធ្វើឱ្យទស្សនិកជន ពិសេសអ្នកគាំទ្រនាង និង ស៊ីន ជេននី ភ្ញាក់ផ្អើលតាមរយៈរឿង «លួចស្នេហ៍គូដណ្តឹង» វគ្គ២ ដែល យូប៊ីន ជាអ្នកដឹកនាំរឿងផ្ទាល់តែម្តង។ ជេននី ដែលជាតួឯកស្រី និងជាប្អូនស្រីបង្កើតបានបង្ហើបថា គ្រប់គ្នាច្បាស់ជាភ្ញាក់ផ្អើលខ្លាំងមិនខានពេលឃើញរឿងដែល យូប៊ីន ដឹកនាំសម្តែង ព្រោះនាងមិនត្រឹមតែសម្រិតសម្រាំងលើ ឆ្អឹងរឿង ប្លង់ថត សូម្បីតែការដាក់អារម្មណ៍ក៏ យូប៊ីន បង្រៀនតួឱ្យយល់សិនទើបចេញថត ដូច្នេះគ្រប់គ្នាពិតជាភ្លឺភ្នែកពេលបានទស្សនាស្នាដៃរឿងភាគខ្នាតធំនេះ៕























Account
Security
Favourite Content