សេចក្ដីរាយការណ៍ពីសារព័ត៌មានកូរ៉េជាច្រើនបង្ហាញថា Dino សមាជិកក្រុម Seventeen ត្រូវ បានទិញអាផាតមិនលំដាប់ខ្ពស់មួយនៅក្នុងសង្កាត់ Seongsu-dong ទីក្រុងសេអ៊ូលក្នុងតម្លៃ ៩ ពាន់លានវ៉ុន (ប្រហែល ៦.៥ លានដុល្លារ) ដែលជាតម្លៃខ្ពស់បំផុតសម្រាប់អាផាតមិនតែមួយយូនីតក្នុងតំបន់នេះ។


យោងតាមរបាយការណ៍របស់ Korea Economic TV កាលពីថ្ងៃទី ២៥ ខែមិថុនា តារាចម្រៀង Dino ដែលមានឈ្មោះពិត Lee Chan បានទិញអាផាតមិនមួយយូនីតទំហំ ១៩៥ ម៉ែត្រការ៉េនៅក្នុងអគារ Galleria Foret កាលពីខែមេសា ហើយបានបញ្ចប់ការផ្ទេរកម្មសិទ្ធិនៅដើមខែមិថុនានេះ។ ការទិញក្នុងតម្លៃ ៩ ពាន់លានវ៉ុន (ប្រហែល ៦.៥ លានដុល្លារ) គឺជាកំណត់ត្រាតម្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់អាផាតមិនទំហំដូចគ្នានៅក្នុងអាគារនោះ។
កំណត់ត្រាផ្លូវការបង្ហាញថា កម្ចីធនាគារចំនួន ៦.១៦ ពាន់លានវ៉ុន (ប្រហែល ៤.៤៥ លានដុល្លារ) ត្រូវបានចុះបញ្ជីសម្រាប់អចលនទ្រព្យខាងលើ។ ដោយសារចំនួនទឹកប្រាក់ធានាអតិបរមានៃប្រាក់កម្ចីជាធម្មតាគឺចាប់ពី ១១០% ទៅ ១២០% នៃប្រាក់កម្ចីជាក់ស្តែង Dino ត្រូវបានគេប៉ាន់ប្រមាណថាបានយកប្រាក់កម្ចីប្រហែល ៥.៦ ពាន់លានវ៉ុន (ប្រហែល ៤.១ លានដុល្លារ) ។
សូមបញ្ជាក់ថា អគារ Galleria Foret ត្រូវបានគេស្គាល់ថាជាលំនៅដ្ឋានរបស់បុគ្គលល្បីៗរួមទាំងតារាសម្ដែង Han Ye Seul និង Kim Soo Hyun។ កាលពីខែកុម្ភៈ តារាទូរទស្សន៍ Jang Young Ran និងស្វាមីក៏បានទិញអាផាតមីនមួយយូនីតដែរក្នុងអគារនេះដោយមានទំហំ ២១៨ ម៉ែត្រការ៉េ ក្នុងតម្លៃ ៩.៤៥ ពាន់លានវ៉ុន (ប្រហែល ៦.៩៨ លានដុល្លារ)។
ការទិញអចលនទ្រព្យលើកនេះរបស់ Dino មិនត្រឹមតែបង្ហាញពីភាពជោគជ័យផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការបន្តកើនឡើងនូវតម្រូវការអចលនទ្រព្យប្រណីតក្នុងចំណោមតារាល្បីៗរបស់ប្រទេសកូរ៉េផងដែរ ៕



























Account
Security
Favourite Content