ថ្មីៗនេះ S.Coups មេក្រុម SEVENTEEN ត្រូវបានរាយការណ៍ថាបានបរិច្ចាគប្រាក់ ៥០ លានវ៉ុន ស្មើនឹងប្រមាណ ៣៨០០០ដុល្លារអាមេរិកដល់អង្គការមិនស្វែងរកប្រាក់ចំណេញ Angels Nest ជាជម្រកសម្រាប់សត្វចិញ្ចឹមដែលត្រូវគេបោះបង់ចោល។

នៅថ្ងៃទី ១១ ខែធ្នូ ថ្មីៗនេះអង្គការ Angels Nest ក៏បានចេញមកសម្ដែងការដឹងគុណដោយស្មោះចំពោះការគាំទ្ររបស់ S.Coups ដែលជួយឱ្យសត្វចិញ្ចឹមនៅក្នុងអង្គការទាំងអស់អាចចំណាយពេលវេលារស់នៅក្នុងរដូវរងាយ៉ាងកក់ក្ដៅ និងមានសុខភាពល្អ។ លើសពីនេះអំណោយរបស់លោកក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាល និងការវះកាត់របស់សត្វចិញ្ចឹមទាំងនោះផងដែរ។


Angels Nest គឺជាអង្គការឯកជនមួយសម្រាប់ចិញ្ចឹមសត្វឆ្កែ និងឆ្មាដែលត្រូវគេបោះបង់ចោល ហើយអាចដំណើរការដោយមានការគាំទ្រពីបុគ្គលព្រមទាំងអង្គការមកពីគ្រប់មជ្ឈដ្ឋាន។ បច្ចុប្បន្ន Angels Nest បានការពារសត្វឆ្កែ និងឆ្មាបានប្រហែល ២០០ ក្បាលហើយ។
គួរបញ្ជាក់ដែរថា S.Coups ធ្លាប់បានបង្ហាញក្ដីស្រឡាញ់ទៅដល់សត្វចិញ្ចឹមមិនតិចដងនោះទេតាមរយៈការបរិច្ចាគថវិកា និងការជួយសង្រ្គោះជាដើម។ ជាក់ស្ដែងនៅក្នុងខែកញ្ញាកន្លងទៅនេះ លោកបានបរិច្ចាគប្រាក់ ៣០ លានវ៉ុនដល់អង្គការ WEACT សម្រាប់សត្វឆ្កែដែលត្រូវបានគេជួយសង្គ្រោះពីកន្លែងបង្កាត់ពូជ ថែមទាំងបានដាក់ឈ្មោះឱ្យកូនឆ្កែមួយចំនួនទៀតផង។

មិនត្រឹមតែជួយសង្គ្រោះសត្វចិញ្ចឹមប៉ុណ្ណោះទេ កាលពីដើមខែកុម្ភៈ លោកក៏បានចូលរួមបរិច្ចាគប្រាក់ ២០ លានវ៉ុនជាមូលនិធិជួយសង្គ្រោះប្រជាជននៅប្រទេសតួកគីក្នុងពេលមានគ្រោះមហន្តរាយតាមរយៈសមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge ផងដែរ ៕




























Account
Security
Favourite Content