នៅល្ងាចថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ សមាជិកក្រុមចម្រៀងបុរសល្បី BTS គឺ V បានបង្ហាញអ្នកគាំទ្រនូវម៉ូតសក់ថ្មីដែលកាត់សម្រាប់ត្រៀមខ្លួនចូលបម្រើកងទ័ពនាពេលឆាប់ៗ ខាងមុខ។
បើតាមប្រភពព័ត៌មានកូរ៉េនៅព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ តារាប្រុសរូបនេះនឹងចូលទៅកន្លែងសម្រាប់ហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការចូលបម្រើកងទ័ព។ មែនទែន ទៅរូបភាពទាំងអស់នេះបានក្លាយជាប្រធានបទត្រូវបានអ្នកគាំទ្រជាច្រើនលើកយកមកនិយាយពិភាក្សាពាសពេញបណ្ដាញសង្គម។
អ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍មិនសប្បាយចិត្តដោយសារតែពួកគេនឹងលែងបាន V មួយរយៈពេលធំ ប៉ុន្ដែក៏មិនភ្លេចបញ្ចេញមតិជូនពរជាហូរហែសម្រាប់លោក និងជូនពរឲ្យលោកមានសំណាងល្អកំលុងពេលបម្រើកងទ័ព។
ជាមួយគ្នាដែរ មិនមែនមានតែសមាជិក V នោះទេដែលត្រៀមលាអ្នកគាំទ្រទៅបំពេញកាតព្វកិច្ចបម្រើកងទ័ពជូនជាតិ។ មេក្រុម RM ក៏នឹងលាអ្នកគាំទ្ររបស់ខ្លួនទៅចូលបម្រើកងទ័ពដូចគ្នានៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣។ ស្របពេលដែលសមាជិក ២ រូបផ្សេងទៀតគឺ Jimin និង Jungkook ត្រៀមចូលបម្រើកងទ័ពនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខ។
គួរបញ្ជាក់ដែរថា ការសម្រេចចូលបម្រើកងទ័ពជាបន្ដបន្ទាប់បែបនេះរបស់សមាជិក BTS ដោយសារតែគ្រប់គ្នាចង់ត្រឡប់មកជួបជុំគ្នាជាក្រុមវិញនៅឆ្នាំ ២០២៥។ អ្នកគាំទ្រជាច្រើនក៏បានសន្យានឹងរង់ចាំសមាជិកទាំងអស់មកជួបជុំគ្នាវិញបញ្ចេញបទចម្រៀងថ្មីនាពេលអនាគតផងដែរ ៕