ផ្អែកតាមផលិតកម្ម Pledis Entertainment កាលពីថ្ងៃទី១១ ខែមិថុនាបានឱ្យដឹងថា ក្រុមចម្រៀងប្រុស Seventeen បានក្លាយជាតារាខេប៉ុបដំបូងបំផុតដែលត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់អង្គការ UNESCO ដែលជាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិសម្រាប់យុវជន ។

សមាជិក Seventeen ទាំង ១៣ នាក់នឹងចូលរួមក្នុងពិធីតែងតាំងនៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូក្នុងទីក្រុងប៉ារីសនៅថ្ងៃទី ២៦ ខែមិថុនា រួមជាមួយអគ្គនាយកអង្គការយូណេស្កូ លោកស្រី Audrey Azoulay ដោយក្នុងពិធីនោះ Seventeen នឹងចែករំលែកផែនការលម្អិតតាមរយៈសុន្ទរកថាទទួលតំណែងរបស់ពួកគេ។
គួររំឭកថាកាលពីខែវិច្ឆិកាឆ្នាំមុន Seventeen បានចូលរួមវេទិកាយុវជនលើកទី ១៣ របស់អង្គការយូណេស្កូ ជាមួយតំណាងយុវជនមកពី ១៧០ ប្រទេស ដោយសមាជិកក្រុមចម្រៀងមួយនេះថ្លែងសារពិសេសមួយអំពី “សាមគ្គីភាពយុវជន និងការអប់រំផ្លាស់ប្តូរអនាគតយុវជន និងភពផែនដី”។

មិនតែប៉ុណ្ណោះ Seventeen និងអង្គការក៏បាននិងកំពុងធ្វើការលើយុទ្ធនាការ #GoingTogether ដើម្បីលើកកម្ពស់សារៈសំខាន់នៃការអប់រំចាប់តាំងពីខែសីហា ឆ្នាំ ២០២២។ Pledis Entertainment និងគណៈកម្មាធិការជាតិរបស់យូណេស្កូកូរ៉េបានសាងសង់មជ្ឈមណ្ឌលសិក្សាក្នុងតំបន់ចំនួនពីរនៅទីម័រខាងកើត និងបានគាំទ្រការអប់រំនៅប្រទេសម៉ាឡាវីតាមរយៈយុទ្ធនាការនេះ។
លោកស្រី Azoulay ដែលជាអគ្គនាយកអង្គការយូណេស្កូ បានរៀបរាប់ថា៖ “Seventeen និង UNESCO មានការប្តេជ្ញាចិត្តដូចគ្នាក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជនដើម្បីជំរុញការផ្លាស់ប្តូរ និងដោះស្រាយបញ្ហាប្រឈមនៃសតវត្សរបស់យើង។ ពួកគេបានលើកទឹកចិត្ត និងគាំទ្រយុវជនជុំវិញពិភពលោកតាមរយៈចម្រៀង និងថាមពលវិជ្ជមានរបស់ខ្លួន” ៕























































Account
Security
Favourite Content