មិត្តល្អតែងបង្ហាញមុខនៅពេលដែលមិត្តជួបការលំបាក ដូចវត្តមានតារាសម្ដែងប្រុស អ៊ុន សិទ្ធា ដែលបានជួយស្រោចស្រង់តារាសម្ដែង សឿន វីតា ក្នុងពេលជួបវិបត្តិធ្លាក់ខ្លួនក្នុងបំណុលជិត ២០ ម៉ឺនដុល្លារ។

លោក សឿន វីតា គឺជាតារាសម្ដែងធ្លាប់មានប្រជាប្រិយភាពម្នាក់ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះលោកបានជួបព្យុះភ្លៀង ធ្លាក់ខ្លួនផុងក្នុងបំណុលរាប់ម៉ឺនដុល្លារ ថែមទាំងមានជំងឺប្រចាំកាយ និងត្រូវលេបថ្នាំរំងាប់អារម្មណ៍ថែមទៀតផង។ តាមរយៈការផ្ដល់បទសម្ភាសក្នុងកម្មវិធីទូរទស្សន៍មួយ លោកបានឱ្យដឹងថា ខ្លួនបានជំពាក់បំណុលគេដល់ទៅជាង ១៨៩ ០០០ ដុល្លារឯណោះ ហើយបំណុលវ័ណ្ឌកនេះ បានកើនឡើងក៏ព្រោះការធានាលុយជំនួសគេ គេជំពាក់មិនសង ការខ្ចីពីម្ចាស់បំណុលឯកជន ដែលមានការប្រាក់ខ្ពស់ខ្លាំង និងការលើកបំណុលចុះឡើងជាដើម។



និយាយទាំងទឹកមុខក្រៀមក្រំ សឿន វីតា បានបង្ហើបប្រាប់ថាក្នុងអំឡុងពេលដែលរូបលោកចួបការលំបាកខ្លាំង អ៊ុន សិទ្ធា បានជួយទំនុកបម្រុងលោកគ្រប់បែបយ៉ាង មិនថាជាថ្លៃជួលផ្ទះ ទឹកដោះគោកូន អង្ករ និងសម្លៀកបំពាក់ដែលលោកប្រើប្រាស់ប្រចាំថ្ងៃ។ មិត្តភាពជាង ១០ ឆ្នាំរបស់អ្នកទាំងពីរបានបង្ហាញឱ្យឃើញថា នេះហើយមិត្តពិតប្រាកដមិនបោះបង់គ្នាក្នុងគ្រាលំបាកក្រខ្សត់នោះទេ។

បង្វែរចូលរឿងបំណុលវិញ វីតា បានបន្ថែមទៀតថា លោកសឹងតែគិតខ្លីម្ដងៗនៅពេលម្ចាស់បំណុលរកប្ដឹង។ បើទោះបីជាផុងខ្លួនជាប់បំណុលជិត ២០ម៉ឺនដុល្លារក៏ពិតមែន តែរូបលោកមិនបានគេចវេះទៅណានោះឡើយ ដោយសព្វថ្ងៃលោកជម្នះព្យុះភ្លៀងនេះដោយប្រឹងប្រែងលក់ដូរអាហារតាមអនឡាញ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារនិងសងបំណុលគេ៕























Account
Security
Favourite Content