ក្រោយបាត់មុខក្នុងកម្មវីធីនានាអស់រយៈពេលជិត ២ ឆ្នាំ តារាសម្ដែងស្រីកូរ៉េ Seo YeJi ឬមនុស្សជាច្រើនស្គាល់ថាជាតួស្រីក្នុងរឿង “It’s Okay To Not Be Okay” បានបង្ហាញខ្លួនជាសាធារណៈម្ដងទៀត។ វត្ដមានរបស់នាងក្នុងកម្មវិធីប្រេនគ្រឿងសម្អាងការ នៅតំបន់ Jung-Gu ពិតជាទទួលបានចំណាប់អារម្មណ៍ខ្លាំង។
តារាស្រី Seo YeJi បានបង្ហាញខ្លួនជាមួយឈុត ពណ៌ស លាយក្រហមឆើត ធ្វើឲ្យនាងមើលទៅលេចធ្លោខ្លាំងក្នុងកម្មវិធី។ រូបនាងបានញញឹមយ៉ាងស្រស់ស្រាយក្នុងកម្មវិធី ព្រមទាំងមើលទៅស្រស់ស្អាតខ្លាំង ព្រមទាំងមើលទៅមានភាពជឿជាក់ខ្លាំងទៀតផង។ រូបភាពរបស់នាងត្រូវបានចែករំលែកក្នុងបណ្ដាញសង្គម និងទទួលពាក្យសរសើរជាច្រើន ស្របពេលមតិខ្លះទៀត ទន្ទឹងរង់ចាំរូបនាងត្រឡប់មកសម្ដែងរឿងម្ដងទៀត។

មែនទែនទៅ តារាស្រីរូបនេះធ្លាប់បានទទួលពាក្យរិះគន់យ៉ាងខ្លាំង ដោយសាររឿងអាស្រូវស្នេហាជាមួយអតីតមិត្ដប្រុស លោក Kim JungHyun។ នាងក៏ធ្លាប់បានត្រូវបានគេចោទប្រកាន់ទាក់ទងនឹងការប្រើអំពើហិង្សាការនៅរៀនថ្នាក់វិទ្យាល័យផងដែរ។ បើទោះជាភាគីខាងតារាស្រី Seo YeJi ធ្លាប់បានចេញមុខបដិសេធទៅហើយក្ដី តែបូករួមរឿងអាស្រូវរបស់នាង និងអតីតមិត្ដប្រុស បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះស្រឺតៗ ថែមទាំងត្រូវដកខ្លួនចេញពីការងារជាច្រើន។



រូបនាងបានព្យាយាមសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនត្រឡប់មកវិញ និងបង្ហាញខ្លួនក្នុងរឿង “Eve” កាលពីឆ្នាំ ២០២២ ប៉ុន្ដែមិនទទួលបានការគាំទ្រខ្លាំងឡើយ ខណៈពាក្យរិះគន់នៅតែមានជាហូរហែរ។ រហូតដល់ចុងឆ្នាំ ២០២៣ រូបនាងក៏បានសម្រេចចិត្ដដើរចេញពីទ្រនំចាស់ ក្រោយកុងត្រារបស់នាងផុតកំណត់។



ទន្ទឹមនេះ កាលពីខែ ឧសភា ឆ្នាំ ២០២៤ រូបនាងក៏បានចាប់ផ្ដើមបង្ហោះរូបភាពលើបណ្ដាញសង្គមសាជាថ្មីម្ដងទៀត។ រូបនាងក៏បានប្រកាសចុះកុងត្រាជាមួយក្រុមហ៊ុន Sublime ដើម្បីផ្សព្វផ្សាយសកម្មភាពការងាររបស់នាង និងចាប់ផ្ដើមត្រៀមខ្លួនវិលត្រឡប់ចូលសិល្បៈវិញ ដោយត្រូវគេរំពឹងថា នឹងអាចបង្ហាញខ្លួនក្នុងរឿងភាគថ្មី នៅឆ្នាំ ២០២៥៕


























Account
Security
Favourite Content