នៅក្នុងឧស្សាហកម្មគ្រឿងសម្អាងពិភពលោក ប្រាកដគ្មានអ្នកណាមិនស្គាល់ម៉ាក Rare Beauty ដែលបង្កើតឡើងដោយតារាស្រីវ័យក្មេង Selena Gomez នោះឡើយ ខណៈគ្រប់ផលិតផលរបស់នាងសុទ្ធតែទទួលបានការពេញនិយមពីអ្នកចូលចិត្ត Make up គ្រប់គ្នា។ ប៉ុន្តែរបាយការណ៍ពីសារព័ត៌មាន Bloomberg នាពេលថ្មីៗនេះបានបង្ហាញថា តារាស្រីរូបនេះកំពុងពិចារណាលក់អាជីវកម្ម Rare Beauty ក្នុងពេលឆាប់ៗនេះហើយ។



មានការប៉ាន់ប្រមាណថា ក្រុមហ៊ុន Rare Beauty ដែល Selena Gomez បង្កើតឡើងកាលពីឆ្នាំ២០១៩ ពេលនេះមានតម្លៃប្រហែល ២ពាន់លានដុល្លារអាមេរិក ដែលចាត់ទុកជាចំនួនប្រាក់ដ៏ច្រើនសម្រាប់ម៉ាកយីហោបើកដំណើរការក្រោម ៥ ឆ្នាំ ប៉ុន្តែចំនួននោះអាចឆ្លុះបញ្ចាំងបានថានាងទទួលជោគជ័យលើវិថីមួយនេះខ្លាំងប៉ុណ្ណា។
បើក្រឡេកមើលទិន្នន័យសម្រាប់ឆ្នាំ ២០២២ ក្រុមហ៊ុនរបស់នាងត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោដែលរីកចម្រើនលឿនបំផុតនៅលើបណ្តាញសង្គមដូចជា Instagram និង TikTok។ ក្នុងឆ្នាំ ២០២៣ ក៏មានសេចក្ដីរាយការណ៍ផងដែរថា គ្រាន់តែការលក់គូល័រថ្ពាល់តែមុខ Rare Beauty អាចរកចំណូលបានដល់ ៧០ លានដុល្លារ ។
ប្រភពព័ត៌មានបានបន្ថែមថា ការសម្រេចចិត្តលក់អាជីវកម្មនេះ អាចមិនមែនដោយសារ Selena មានអារម្មណ៍ហត់នឿយក្នុងវិស័យគ្រឿងសម្អាងអ្វីនោះទេ ប៉ុន្តែគឺជាការពង្រីកឱកាសអាជីវកម្មដើម្បីឈានទៅមុខមួយកម្រិតទៀត ខណៈនាងក៏បានជួលអ្នកប្រឹក្សាដើម្បីពិចារណាជាពិសេសលើសំណើការលក់ និងមានបំណងចូលរួមក្នុងការចរចាដោយខ្លួនឯង។ ថាតើជំហានបន្ទាប់នាងនឹងសម្រេចចិត្តបែបណា មានតែរង់ចាំតាមដានបន្តទាំងអស់គ្នា ៕



























Account
Security
Favourite Content