កាលពីខែកញ្ញា តារាចម្រៀងរ៉េប និងផលិតករចម្រៀងល្បីអាមេរិក P. Diddy ត្រូវបានចាប់ខ្លួនដោយមានការចោទប្រកាន់ពីបទរួមគំនិតឆបោក ជួញដូរផ្លូវភេទ និងដឹកជញ្ជូនមនុស្សដើម្បីប្រព្រឹត្តអំពើពេស្យាចារ។ មកដល់ដើមខែតុលានេះក៏មានសេចក្ដីរាយការណ៍បន្ថែមថា ជនរងគ្រោះចំនួន ១២០ នាក់បានចោទប្រកាន់តារារូបនេះពីបទរំលោភបំពានផ្លូវភេទ ហើយម្នាក់ក្នុងចំណោមពួកគេគឺជាក្មេងប្រុសអាយុ ៩ ឆ្នាំផងដែរ។

លោក Tony Buzbee មេធាវីរបស់ជនរងគ្រោះដែលកំពុងប្តឹងលោក Sean Combs ឬ P. Diddy បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី ១ ខែតុលា ដោយបានចោទប្រកាន់ P. Diddy ថាបានរំលោភផ្លូវភេទលើជនរងគ្រោះចំនួន ១២០ នាក់ ភាគច្រើនជាអនីតិជន។ មេធាវីរូបនេះបានលាតត្រដាងទៀតថាសម្រាប់ករណីក្មេងប្រុសអាយុ ៩ ឆ្នាំ គឺត្រូវបានរំលោភបំពានផ្លូវភេទក្នុងខណៈពេលចូល Audition ក្នុងផលិតកម្ម Bad Boy Records របស់ P. Diddy នៅញូវយ៉ក។
លោក Tony Buzbee បានបង្ហើបថា៖ “មានក្មេងប្រុសច្រើននាក់ទៀត ដែលបានទៅចូលរួមក្នុងការធ្វើតេស្ត និងស្ថិតក្នុងហេតុការណ៍នោះដែរ។ ពួកគេទាំងអស់ដែលសុទ្ធតែជាអនីតិជនបានព្យាយាមបញ្ចេញសមត្ថភាពដើម្បីធ្វើយ៉ាងណាឱ្យខ្លួនអាចចុះកុងត្រាជាមួយក្រុមហ៊ុន ហើយក្នុងនោះក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ត្រូវបាន Sean Combs និងមនុស្សមួយក្រុមទៀតរំលោភផ្លូវភេទក្នុងស្ទូឌីយ៉ូ ដោយមានការសន្យាថាទាំងឪពុកម្តាយនិងកុមាររូបនេះនឹងអាចចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន”។
លោក Tony Buzbee បានបង្ហាញថាក្រុមហ៊ុនមេធាវីរបស់លោក និងក្រុមហ៊ុនច្បាប់ AVA នឹងតំណាងឱ្យជនរងគ្រោះយ៉ាងហោចណាស់ ១២០ នាក់ក្នុងការទាមទារសំណងរដ្ឋប្បវេណីប្រឆាំងនឹង P. Diddy ដោយជនរងគ្រោះ ២៥ នាក់នៅជាអនីតិជននៅឡើយ។ ជនរងគ្រោះជាច្រើនអះអាងថា ពួកគេត្រូវបាន P. Diddy ធ្វើបាបនៅឯពិធីជប់លៀងផ្សេងៗ មិនថាជាពិធីជប់លៀងអបអរការចេញអាល់ប៊ុមថ្មី ពិធីជប់លៀងឆ្នាំថ្មី រួមទាំង White Party ខណៈមួយចំនួនត្រូវបានបំពានពេលកំពុងធ្វើតេស្តចូលផលិតកម្ម Bad Boy Records។ ហេតុការណ៍ទាំងនោះបានកើតឡើងនៅទីក្រុង Los Angeles, Miami, Manhattan និង Hamptons ក្នុងអំឡុងឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២៤។
មេធាវីដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះជាច្រើនបានចោទប្រកាន់ថា ពួកគេបានធ្វើតេស្តរកសារធាតុញៀន បន្ទាប់ពីហេតុការណ៍បានកើតឡើង ហើយបានរកឃើញសារធាតុ Xylazine ឬថ្នាំស្ពឹកសម្រាប់សេះនៅក្នុងប្រព័ន្ធរាងកាយ។ យ៉ាងណាក៏ដោយ មេធាវីរបស់ P. Diddy បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់ទាំងអស់ និងបន្តបញ្ជាក់ជំហររបស់ P. Diddy ក្នុងការបង្ហាញភាពស្អាតស្អំរបស់ខ្លួនក្នុងតុលាការជាមួយនឹងភស្តុតាងពិតប្រាកដ មិនមែនតាមការប៉ាន់ស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកនោះទេ។
ចំណុចចាប់ផ្ដើមនៃការផ្ទុះរឿងអាស្រូវ រហូតឈានដល់ការចាប់ខ្លួន P.Diddy

កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ តារាចម្រៀង Cassie Ventura អតីតមិត្តស្រីរបស់ P. Diddy បានដាក់ពាក្យប្តឹង P. Diddy ដោយចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងធ្វើបាបរាងកាយនាងក្នុងពេលមានទំនាក់ទំនងស្នេហា។
Cassie បានបង្ហាញថា Diddy បានបង្ខំនាងឱ្យចូលរួមពិធីជប់លៀងមួយមានឈ្មោះថា ‘Freak Offs’ និងឱ្យនាងរួមភេទជាមួយបុរសផ្សេងទៀតដែលលោកបានជួលមក ហើយ Diddy អង្គុយមើល។ សកម្មភាពរំលោភបំពាននេះបានបន្តរយៈពេល ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០០៧ រហូតដល់ Cassie បានបែកជាមួយ Diddy នៅចុងឆ្នាំ ២០១៨ ។ ពិតណាស់ Diddy បានបដិសេធការចោទប្រកាន់នេះ។

រហូតដល់ខែឧសភា ឆ្នាំ ២០២៤ មុខមាត់ពិតរបស់ P.Daddy ក៏ត្រូវបានបកអាក្រាតនៅពេលមានការបញ្ចេញវីដេអូដែលលោកវាយប្រហារ Cassie នៅក្នុងសណ្ឋាគារមួយក្នុងឆ្នាំ ២០១៦។ វីដេអូនោះបានបង្ហាញពី Diddy ដេញតាម Cassie Ventura តាមច្រកផ្លូវដើរ មុនពេលបន្តវាយនាងនៅក្នុងជណ្តើរយន្ត បន្ទាប់មកបានព្យាយាមអូសនាងត្រឡប់ទៅបន្ទប់សណ្ឋាគារ។

ក្រោយមកនៅខែកញ្ញា ឆ្នាំ ២០២៤ Dawn Richard ដែលជាអតីតសមាជិកក្រុម Danity Kane (ក្រុមចម្រៀងស្រីក្នុងផលិតកម្ម Diddy) បានដាក់ពាក្យប្តឹង Diddy ពីបទបៀតបៀនផ្លូវភេទតាំងពីឆ្នាំ ២០០៤។ Dawn បានបញ្ជាក់ថា នាងបានឃើញ Cassie ត្រូវបានគេរំលោភបំពានលើរាងកាយ និងទម្លាយថា Diddy បានចាប់រំលោភ និងចាប់នាងឃុំឃាំង ហើយថែមទាំងគំរាមកំហែងដល់អាយុជីវិតនាងទៀតផង ពេលនាងព្យាយាមចូលទៅការពារ Cassie។
រហូតដល់ថ្ងៃទី១៦ ខែកញ្ញា P.Diddy ក៏ត្រូវបានចាប់ខ្លួននៅក្នុងសណ្ឋាគារញូវយ៉ក ហើយត្រូវបានចោទប្រកាន់ចំនួន ៣ករណី រួមមានការឆបោក ជួញដូរផ្លូវភេទ និងដឹកជញ្ជូនមនុស្សដើម្បីប្រព្រឹត្តអំពើពេស្យាចារ។ បច្ចុប្បន្ន តារាវ័យ ៥៤ឆ្នាំរូបនេះកំពុងជាប់ពន្ធនាគាររង់ចាំការជំនុំជម្រះក្ដីជាបន្ត ខណៈមានព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធតារាល្បីៗជាច្រើនទៀតត្រូវបានផ្សព្វផ្សាយឥតឈប់ឈរ ៕


























Account
Security
Favourite Content