យោងតាមកាសែត Wall Street Journal ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានប្រើប្រាស់សំឡេងរបស់ Scarlett Johansson និង Adam Driver ដែលបានឈ្លោះគ្នាក្នុងខ្សែភាពយន្តរឿង Marriage Story ដើម្បីបំភ័យសត្វចចកព្រៃ ដែលតាមប្រមាញ់សត្វគោក្របីតាមកសិដ្ឋាន។

ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងកសិកម្មកំពុងតែដោះស្រាយបញ្ហាសត្វចចក ដែលតាមប្រមាញ់សត្វគោ ក្របីរបស់កសិករតាមទីជនបទយកទៅធ្វើជាចំណី ដោយប្រើប្រាស់ដ្រូនភ្ជាប់ជាមួយនឹងកាមេរ៉ាដែលអាចវាស់កម្ដៅបាន ដើម្បីងាយស្រួលចាប់យកទីតាំងរបស់សត្វចចកនៅទីងងឹត ក៏ដូចជាឧបករណ៍បំពងសំឡេងដែលចាក់សំឡេងកំជ្រួច កាំភ្លើង និងសំឡេងមនុស្សឈ្លោះគ្នា ដើម្បីបន្លាចសត្វចចក។
សំឡេងមួយក្នុងចំណោមសំឡេងដែលក្រសួងខាងលើបានប្រើប្រាស់គឺ ជាសំឡេងរបស់ Scarlett Johansson និង Adam Driver សម្ដែងជាតួអង្គ Nicole Barber និង Charlie Barber ក្នុងរឿង Marriage Story ដែលនិយាយពីការប្ដីប្រពន្ធឈ្លោះប្រកែកគ្នាដណ្ដើមសិទ្ធិចិញ្ចឹមកូន ក្រោយគូស្វាមីមួយគូនេះរស់នៅមិនចុះសម្រុង រហូតឈានដល់ការលែងលះ។
ជាក់ស្ដែង ការសម្រេចប្រើប្រាស់សំឡេងពីភាពយន្តឆ្នាំ ២០១៩ នេះ ក៏ព្រោះតែឈុតឆាកនេះគឺមានលក្ខណៈដូចជាហេតុការពិត ស័ក្តិសមសម្រាប់ការបណ្ដេញសត្វចចក ឬ Wolf Hazing ពីការតាមប្រមាញ់សត្វចិញ្ចឹមរបស់អ្នកស្រុក។ ក្រៅតែពីសំឡេងនេះ អ្នកខ្លះក៏បានប្រើប្រាស់ចម្រៀងបទ Thunderstruck របស់ AC/DC ក្នុងគោលបំណងតែមួយផងដែរ។
ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានប្រាប់ពីមូលហេតុនៃការប្រើប្រាស់វីធីសាស្រ្តនេះ ជំនួសដោយការបាញ់ប្រហារសត្វចចកដោយផ្ទាល់ ក៏ព្រោះតែសត្វចចកពណ៌ប្រផេះ ឬ Grey Wolf នេះ គឺជាសត្វដែលជិតផុតពូជ។ យ៉ាងណាមិញ ការប្រើសំឡេងកងរំពងដើម្បីបន្លាចសត្វចចកនេះ ក៏ទទួលបានផលល្អផងដែរ។
តួយ៉ាង មុននឹងអនុវត្តវិធីសាស្រ្តនេះ នៅក្នុងតំបន់ Klamath Basin ភាគខាងត្បូងនៃរដ្ឋ Oregon ចចកប្រមាញ់សត្វគោបាន ១១ក្បាល ក្នុងពេលត្រឹម ២០ ថ្ងៃ ក៏ប៉ុន្តែក្រោយពីប្រើប្រាស់សំឡេងទាំងនេះ មានត្រឹមសត្វគោ ២ក្បាលប៉ុណ្ណោះដែលចចកបានសម្លាប់ក្នុងរយៈពេល ៨៥ថ្ងៃ៕
























Account
Security
Favourite Content