ថ្មីៗនេះមានសេចក្ដីរាយការណ៍ថាមានអ្នកគាំទ្ររោគចិត្ត ឬ sasaeng fan ជនជាតិចិនម្នាក់បានព្យាយាមកំណត់កៅអីអង្គុយលើយន្ដហោះរបស់សមាជិកក្រុម ENHYPEN ដោយផ្អែកលើព័ត៌មានដែលទទួលបានខុសច្បាប់។
រឿងហេតុនេះផងដែរបានកើតឡើងខណៈពេលដែលក្រុម ENHYPEN ត្រូវត្រឡប់មកប្រទេសកូរ៉េវិញបន្ទាប់ពីបញ្ចប់កាលវិភាគនៅប្រទេសចិនកាលពីថ្ងៃទី៤ ខែកញ្ញាកន្លងទៅនេះ។ ជាមួយគ្នានោះ កំលុងពេលបុគ្គលិកក្រុមការងារបានព្យាយាមផ្លាស់ប្ដូរជើងយន្ដហោះរបស់សមាជិកហើយ ប៉ុន្តែបែរជាមិនអាចជ្រើសរើសកន្លែងអង្គុយសម្រាប់ពួកគេបានឡើយ។

បន្ទាប់មក ក្រុមការងារក៏បានរាយការណ៍បញ្ហានេះទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ចិន Air China និងបានរកឃើញថាមាននរណាម្នាក់ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកមួយចំនួនដើម្បីបង្កើតប្រវត្តិរូបអ្នកដំណើរ (passenger profile)។ នៅក្នុងទម្រង់ប្រវត្តិរូបអ្នកដំណើរផងដែរត្រូវបានភ្ជាប់ជាមួយនឹងលេខទូរស័ព្ទចិន ថែមទាំងបានកំណត់មិនឱ្យសាមីខ្លួនជាសមាជិក ENHYPEN ផ្ទាល់ជ្រើសរើសកៅអីបានទៀតផង។

ទីបំផុតសមាជិក ENHYPEN ទាំងអស់បានផ្ទៀងផ្ទាត់អត្ដសញ្ញាណរបស់ពួកគេឡើងវិញ ដើម្បីអាចផ្លាស់កន្លែងអង្គុយសម្រាប់ជើងហោះហើរត្រឡប់មកទឹកដីកំណើតវិញបានដោយជោគជ័យ។ គួរំឭកដែរថានៅក្នុងដំណើរលើកនេះមិនត្រឹមតែមានរំខានដោយការលួចលក់ព័ត៌មានផ្ទាល់ខ្លួន ប៉ុន្តែកំលុងពេលនៅអាកាសយានដ្ឋាន Incheon នៅថ្ងៃទី២ ខែកញ្ញាថ្មីៗនេះអ្នកលេងអ៊ីនធឺណេតបានប្រទះឃើញថាមាននារីម្នាក់កំពុងដើរជាមួយក្រុម ENHYPEN ដោយមានកាន់ទូរស័ព្ទនៅក្នុងដៃទៀតផង។ ដំបូងក្រុមការងារ និងអ្នកគាំទ្រគិតជាបុគ្គលិកដែលរួមដំណើរជាមួយ ENHYPEN ប៉ុន្តែក្រោយមកទើបដឹងថាជាអ្នកគាំទ្របន្លំខ្លួនដើម្បីចូលចិត្តសមាជិកក្រុម ទើបត្រូវបានបណ្ដេញចេញភ្លាមៗនៅនឹងកន្លែងតែម្ដង។
យ៉ាងណាមិញ ការលក់ព័ត៌មានហោះហើរដោយមិនមានការអនុញ្ញាតពីតារាខេប៉ុបទៅកាន់អ្នកគាំទ្ររោគចិត្ត នៅតែជាបញ្ហាចោទ និងបន្ដគំរាមកំហែងដល់សិទ្ធិក៏ដូចជាឯកជនភាពរបស់សិល្បករគួរឱ្យកត់សម្គាល់។ ដូច្នេះហើយពេលនេះ HYBE LABLE ដែលជាក្រុមហ៊ុនគ្រប់គ្រង ENHYPEN បានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ដើម្បីប្រឆាំងនឹងគណនី SNS ដែលព្យាយាមលួចលក់ព័ត៌មាននេះ ៕























Account
Security
Favourite Content