កាលពីថ្មីៗ នេះ Sandara Park ដែលជាសមាជិកក្រុមចម្រៀងនារីល្បី 2NE1 បានទម្លាយពីរឿងខកស្នេហ៍ និងត្រូវមិត្តប្រុសបោះបង់ចោលក្នុងកម្មវិធីសម្ភាសន៍របស់លោក Tak Jae Hoon។

Sandara បានលើកឡើងថា៖ កាលពីរូបនាងទើបតែចេញច្រៀងជាសមាជិកក្រុមចម្រៀង 2NE1 នាងពិតជាមានភាពល្បីល្បាញ។ ពេលនោះគឺមានតារាប្រុសជាច្រើនក្នុងរង្វង់សិល្បៈបានសុំនាងណាត់ជួប និងទាក់ទងគ្នា។ ចំពោះមូលហេតុវិញ ដោយសារតែរូបនាងចេញច្រៀងនៅអាយុច្រើនគួរសមដែរប្រហែល ២៥ ឆ្នាំ ទើបធ្វើឱ្យតារាប្រុសរៀមច្បងមួយចំនួនហាក់មានភាពស្និទ្ធស្នាល និងមិនទើសទាល់ក្នុងការណាត់ជួបនាងចេញក្រៅ។ រីឯតារាប្រុសដែលមានអាយុតិចជាងនាងពួកគេក៏ចូលចិត្តនារីបែបចាស់ទុំ។
Sandara លើកឡើងទៀតថា៖ នាងធ្លាប់បានចេញទៅណាត់ជួបជាមួយតារាប្រុសរួមអាជីព ម្ដងទៅពីរដងដែរ ហើយភាគច្រើនគឺឆាតឆ្លើយឆ្លងគ្នាតាមសារ។ នាងមិនសូវមានពេលបានចេញទៅក្រៅជួបមិត្តប្រុសនាងម្នាក់នោះឡើយដោយសារនាងជាប់រវល់ជាមួយការងារ និងត្រូវចេញទៅក្រៅប្រទេសច្រើន។


មែនទែនទៅ បន្ទាប់ពីទំនេរពីការងារនាង និងមិត្តប្រុស ក៏បានសម្រេចចិត្តទៅដើរលេងកម្សាន្ដជាមួយគ្នា។ ប៉ុន្ដែចុងក្រោយនាងក៏មិនបានទៅតាមការណាត់ឡើយ ព្រោះហាក់ភ័យខ្លាចខ្លាំង។ នាងមានអារម្មណ៍ភ័យខ្លាចប្រសិនបើទៅដើរលេងតែពីរនាក់ នាងនឹងត្រូវគេងបន្ទប់រួមគ្នាជាមួយមិត្តប្រុសជាមិនខាន ជាពិសេសត្រូវនៅក្បែរគ្នារហូតនាងហាក់មិនទម្លាប់។
Sandara បន្ដថា៖ នាងសម្រេចមិនទៅដើរកម្សាន្ដឡើយ និងថែមទាំងមិនលើកទូរសព្ទរបស់មិត្តប្រុសថែមទៀត។ ជាលទ្ធផល នាង និងមិត្តប្រុសម្នាក់នោះក៏បានបែកគ្នាទៅ មិត្ដប្រុសនោះជាអ្នកបោះបង់នាងចោល។

Sandara បានបន្ថែមថា៖ នាងជាមនុស្សដែលអៀនច្រើនកាលពីមុន និងមិនសូវចូលចិត្តទាក់ទងស្និទ្ធស្នាលជាមួយអ្នកដទៃឡើយ ប៉ុន្ដែបច្ចុប្បន្នហាក់គ្រាន់បើជាងមុនហើយ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីផ្អាកសកម្មភាពជាមួយក្រុមចម្រៀង 2NE1 និងចាកចេញពីផលិតកម្ម YG Sandara បានចុះកុងត្រាជាមួយផលិតកម្ម Abyss។ Sandara ត្រូវបានរាយការណ៍ថាមានទ្រព្យសម្បត្ដិប្រមាណ ៣០ លានដុល្លារអាមេរិកនៅចុងឆ្នាំ ២០២២៕

























Account
Security
Favourite Content