បើទោះជាប្រកាសរំសាយក្រុមអស់ជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្ដែ 2NE1 នៅតែត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងនារីជើងចាស់ដ៏ល្បីល្បាញមួយ និងមានចម្រៀងពីរោះៗរណ្ដំស្ដាប់ទៅនៅតែមិនធុញទ្រាន់។ ការប្រកាសរំសាយក្រុម 2NE1 នៅតែជារឿងខកចិត្តមួយ និងជាសុបិន្ដអាក្រក់មួយផងដែរសម្រាប់អ្នកគាំទ្រ។

កន្លងអស់ជាច្រើនឆ្នាំ អតីតសមាជិកក្រុម 2NE1 គឺ Sandara Park ក៏បានបញ្ចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួន និងបានផ្ដល់បទសម្ភាសន៍ទាក់ទិននឹងការចេញអាល់ប៊ុមផងដែរ។ យោងតាមប្រភពព័ត៌មាន Kpopstarz បានឱ្យដឹងថា ក្រៅពីរៀបរាប់ពីអំពីចម្រៀងរបស់ខ្លួន Sandara ក៏បានរំឮកដល់ក្រុមចម្រៀង 2NE1 និងរឿងដែលធ្វើឱ្យនាងព្រមទាំងសមាជិកមិនសប្បាយចិត្ត។ នាងចាំបានថា អំឡុងពេលថតបទចម្រៀង Missing You គ្រប់គ្នាហាក់មានភាពតានតឹង។ ផលិតកម្មបានលើកឡើងថា 2NE1 គឺអស់សង្ឃឹមហើយ។


នាងបានបន្ដថា «ពួកយើងទទួលបានចំណាត់ថ្នាក់លេខ ១០ លើតារាងចម្រៀង កាលពីមុនពួកយើងតែងតែទទួលបានលេខ ១ វាពិតជារឿងកម្សត់មួយ។ នៅពេលដែលបញ្ចេញចម្រៀង Falling In Love និង Do You Love Me ពិតជាធ្វើឱ្យក្រុមចម្រៀង និងក្រុមការងារហាក់មានសម្ពាធ»។ នាងបន្ថែមទៀតថា នាយកប្រត្ដិបត្ដរបស់ YG បាននិយាយថា អាល់ប៊ុមនេះទៅមុខមិនរួចទេ បញ្ឈប់ការផ្សព្វផ្សាយទៅ។

ពាក្យសម្ដីមួយនេះធ្វើឱ្យនាង និងសមាជិកផ្សេងទៀត ហាក់មានការភ្ញាក់ផ្អើល និងគិតថា តើនេះជាសញ្ញាដែលក្រុម 2NE1 ត្រូវបានបញ្ចប់ហើយ? កាលនោះ នាងមិនច្បាស់ថាសម្ដីទាំងនោះជាការលេងសើច ឬណាយ៉ាង ប៉ុន្ដែសមាជិកទាំងអស់គឺបន្ដថតបទចម្រៀងទាំងភ្នែកហើម។
គួរបញ្ជាក់ថា ក្រុមចម្រៀង 2NE1 ត្រូវបានប្រកាសថារំសាយក្រុមចោលក្នុងឆ្នាំ ២០១៦។ មកដល់ពេលនេះនៅតែគ្មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីមូលហេតុរំសាយក្រុម៕



























Account
Security
Favourite Content