តារាសម្ដែង និងជាម្ចាស់ជយលាភីធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ សាន្ត កុសមៈ បានបញ្ចូលនូវសិល្បៈបុរាណខ្មែរច្រើនទម្រង់ដែលសឹងតែបាត់មុខ និងមិនសូវមានអ្នកបានស្គាល់នៅក្នុងវីដេអូ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងទទួលបានការកោតសរសើរពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃមុននេះ។



នៅក្នុងវីដេអូដែលមានអ្នកទស្សនាប្រមាណជាងកន្លះលាននាក់ កំពុងទទួលបានការកោតសរសើរជាហូរហែ ពីសំណាក់មហាជនអ្នកអ្នកលេងក្នុងបណ្ដាញសង្គមក៏ព្រោះតែវីដេអូមួយនេះបានដាក់បញ្ចូលនូវទម្រង់សិល្បៈបុរាណខ្មែរយ៉ាងច្រើនដូចជា ការបង្ហាញឧបករណ៍ភ្លេងបុរាណខ្មែរដូចជា ឈឹង រនាតឯក ស្គរធំ ស្គរសម្ភោរ ស្រឡៃ ជាដើម។ មិនតែប៉ុណ្ណោះ បទភ្លេងពិណពាទ្យ ២ បទ គឺបទ ក្រណៃមួយជាន់ និងបទបារាំងវែង ដែលមិនសូវមានអ្នកស្គាល់បទភ្លេងទាំងពីរនេះច្រើននោះទេ ក៏មានការបង្ហាញឈុតសម្លៀកបំពាក់បុរាណខ្មែរ និងការបង្ហាញក្បាច់រាំរបាំខ្មែរផងដែរ។ នៅក្នុងវីដេអូមួយនេះបានបង្ហាញរឿងរ៉ាវជាច្រើនគួរឱ្យចង់សិក្សាស្វែងយល់ ជាពិសេសអ្នកទស្សនាក៏អាចសប្បាយរីករាយទៅតាមចង្វាក់ភ្លេងពិណពាទ្យ និងទទួលបានអារម្មណ៍ជាខ្មែរយ៉ាងពិតប្រាកដ។











តារាសម្ដែងស្រីវង់ភក្ត្រស្រទន់រូបនេះបានបញ្ជាក់ច្បាស់ៗថា ខ្លួនមានមោទនភាពជាអនេកដែលបានកើតជាកូនខ្មែរនៅលើទឹកដីអច្ឆរិយសម្បូរទៅដោយវប្បធម៌ និងអរិយធម៌យ៉ាងសម្បូរបែប ហើយកាលដែលបង្កើតវីដេអូនេះឡើងគឺចង់ចូលរួមចំណែកក្នុងនាមជាប្រជាពលរដ្ឋខ្មែរក្នុងការចែករំលែក និងថែរក្សាវប្បធម៌ខ្មែរដែលដូនតាបានបន្សល់ទុកឱ្យជាមរតកសម្រាប់កូនខ្មែរគ្រប់ជំនាន់៕
វីដេអូ ៖ https://www.facebook.com/100026605406043/videos/1147493886287940

























Account
Security
Favourite Content