បញ្ហាកម្មវិធីប្រកួតប្រជែងបវរកញ្ញា និងបវរកញ្ញាមិនសូវត្រូវគ្នានាមួយរយៈនេះ កាន់តែរាលដាលខ្លាំងមែនទែនហើយ ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាបណ្ដាសារព័ត៌មានផ្សេងៗចុះផ្សាយលើបណ្ដាញសង្គមព្រោងព្រាត។ ក្រោយឃើញរឿងរ៉ាវជាច្រើនទាក់ទងនឹងវិស័យបវរកញ្ញាមិនមានសន្តិភាពបែបនេះ ទើបរៀមច្បងមួយរូប ដែលមានអ្នកគាំទ្រគោរព ស្រលាញ់ខ្លាំងបំផុត ចេញមុខមកនិយាយ។


លំដាប់រងទី១ Miss Universe Cambodia 2023 សៃហ្វុន មិននៅស្ងៀមឡើយ ដោយនាងបានណែនាំ ដល់បវរកញ្ញាជំនាន់ក្រោយ កុំឲ្យទុកវេទិកាប្រកួតប្រជែង សម្រស់ទៅជាកន្លែងកាប់ចាក់គ្នា និងធ្វើរឿងខ្មៅងងឹតជាច្រើនអី។
សៃហ្វុន បានសរសេររៀបរាប់លើបណ្ដាញសង្គមថា “នៅលើឆាកជាដៃគូប្រកួតប្រជែង នៅក្រោមឆាកជាមិត្តភាពដ៏ល្អចែករំលែករឿងល្អៗ និងបង្កើតអនុស្សាវរីយ៍ល្អៗមកកាន់គ្នាទៅវិញទៅមកក្នុងអំឡុងពេលប្រកួត ផ្ដាំទៅបងប្អូនជំនាន់ក្រោយកុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាប់ចាក់គ្នា និងធ្វើរឿងខ្មៅងងឹតជាច្រើន”។


សំណេររបស់ សៃហ្វុន ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញាទាំងមូលតែម្ដង។ មួយវិញទៀត បវរកញ្ញារូបនេះតែងតែជាបេក្ខភាពក្នុងចិត្តអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាទាំងមូលតែម្ដង ព្រោះនាងមិនត្រឹមមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងល្អឡើយ នាងក៏ជាអ្នកធ្លាប់តំណាងឲ្យខ្មែរលើឆាកអន្តរជាតិ និងទទួលបានចំណាត់ថ្នាក់ល្អទៀតផង តែពេលមកប្រឡងក្នុងស្រុកម្ដងទៀត សៃហ្វុន បានត្រឹមលំដាប់រង តែនាងគ្មានការអាក់អន់ចិត្តអ្វីឡើយ មានតែជួយគាំទ្របវរកញ្ញាដូចគ្នាគ្រប់ពេល។
ដូចនេះពិតជាមិនចម្លែកឡើយ ដែលបវរកញ្ញាៗដូចគ្នាស្រលាញ់ចូលចិត្តនាង ហើយ សៃហ្វុន តែងមានមុខចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់ជាច្រើនក្នុងនាមជាភ្ញៀវកិត្តិយស។ បញ្ហាក្ដៅគគុកនៅពេលបច្ចុប្បន្ន គឺព្រោះតែអ្នកគាំទ្រនៃបវរ កញ្ញាម្នាក់ៗ បើមិនពេញចិត្តម្នាក់ណាហើយ ព្យាយាមនិយាយបន្តុះបង្អាប់ គាស់កកាយរឿងរ៉ាវជាច្រើនមកលើបណ្ដាញសង្គម។ រឿងមួយទៀតក៏ព្រោះបើបវរកញ្ញារូបណាមានការងារថ្មី ឬចូលរួមកម្មវិធីណាមួយ ហើយម្នាក់ទៀតមិនបានចូលរួម តែងតែមានពាក្យពេចន៍ឌឺដង ផ្លែផ្កាមិនឈប់៕



រូបភាព៖ SaiFhon និង Ab Studio























Account
Security
Favourite Content