តារាចម្រៀងសំឡេងស្រទន់ អ៊ួន បឋម ហៅ សាយ ថ្មីៗនេះបានបង្ហើបឱ្យដឹងថា លោកមានចម្រៀងថ្មី ៥ បទ ត្រៀមទម្លាក់ជូនប្រិយមិត្តអ្នកគាំទ្រស្តាប់កម្សាន្តនាពេលឆាប់ៗនេះ បន្ទាប់ពីស្នាដៃរឿង «អ៊ុំចនម៉ែដោះ»។

ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃសម្ពោធរឿង «អ៊ុំចនម៉ែដោះ» កំលោះអ្នកខេត្តរតនៈគិរីរូបនេះថា ចម្រៀងថ្មី ៥ បទនោះ ជាការឆ្លើយទៅកាន់ហ្វេនៗដែលទទូចចង់ឱ្យលោកបញ្ចេញបទចម្រៀងថ្មី។ ពេលនេះលោក៏បំពេញបំណងគ្រប់គ្នាហើយ ដោយបទថ្មីទាំងនោះ នឹងទម្លាក់លើទីផ្សារនាពេលឆាប់ៗនេះ។ យ៉ាងណាមិញ តារាចម្រៀងឯករាជ្យរូបនេះមិនបានលម្អិតអំពីស្នាដៃចម្រៀងថ្មីទេ សូម្បីកាលបរិច្ឆេទក៏មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយ ទុកឱ្យហ្វេនភ្ញាក់ផ្អើលពេលបទទាំងនោះបង្ហោះតែម្តង។
ថ្វីបើ សាយ ពុំសូវមានបទចម្រៀងថ្មីច្រើនដូចតារាចម្រៀងដទៃក៏ពិតមែន ប៉ុន្តែរយៈពេលចុងក្រោយនេះលោកតែងបង្ហើរសំនៀងក្នុងព្រឹត្តិការណ៍ជាតិតូច-ធំ ថែមទាំងលេចមុខតាមការប្រគំតន្ត្រីញឹកញាប់ទៀតផង។


វត្តមានក្នុងរឿង «អ៊ុំចនម៉ែដោះ» និងការប្រកាសត្រៀមបញ្ចេញបទចម្រៀងថ្មីរបស់ សាយ ជាសញ្ញាដ៏ល្អ បន្ទាប់ពីលោកបានដកឃ្លារយៈពេលយូរ ដើម្បីធ្វើកម្មវិធី «រត់ដើម្បីធ្វើសប្បុរសធម៌ជាមួយសាយ» និងកម្មវិធីសប្បុរធម៌ផ្សេងៗជាច្រើនទៀតផងដែរ។ សកម្មភាពមនុស្សធម៌របស់ម្ចាស់បទ “គឺអូន” ត្រូវបានមហាជនចាត់ទុកជាគំរូដ៏ល្អក្នុងសង្គមជាតិ ព្រោះបានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់យុវជន-យុវតីជំនាន់ក្រោយ ឱ្យចេះស្រលាញ់ អភិរក្ស និងអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនទៅមុខ។
អ្វីដែលធ្វើឱ្យមហាជន និងហ្វេនៗរឹតតែសប្បាយចិត្តជាងនេះគឺ សាយ បានគោរពតាមសន្យា វិលមករកវិស័យសិល្បៈវិញនៅពេលដែលបំពេញកាតព្វកិច្ចដ៏សំខាន់នោះរួចរាល់ហើយ៕



























Account
Security
Favourite Content