ជាដំណឹងដ៏សែនក្រៀមក្រំ មុននេះបន្តិចគណនីហ្វេសប៊ុកឈ្មោះ Samdach Klaing ត្រូវជាឪពុករបស់ ទេព កោលស្យអធិរាជ ហៅ កូនជ្រូក ឬអ្នកខ្លះទៀតស្គាល់ថា BadB បេក្ខភាព The Rapper Cambodia រដូវកាលទី១ បានប្រកាសឱ្យដឹងថា កូនប្រុសរបស់លោកបានទទួលមរណៈភាព នៅព្រឹកថ្ងៃ ៨ ខែមេសា ដោយសារជំងឺរលាកស្រោមខួរ។
គណនីហ្វេសប៊ុកឈ្មោះ Samdach Klaing បានបង្ហោះរៀបរាប់យ៉ាងក្តុកក្តួលថា«កូនប្រុសខ្ញុំបាទបានលាចាកលោកហើយនៅវេលាម៉ោង៧h៥៥ព្រឹកថ្ងៃទី០៨មេសា២០២៤ដោយរោគាពាធក្នុងវ័យ២៩ឆ្នាំ , សូមព្រលឹងកូនបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយកើតជាតិក្រោយៗសូមកូនមានជន្មាយុយឺនយូរជានិច្ច»។

ដំណឹងដ៏សោកសៅនៃការបាត់បង់មិត្តភ័ក្ត និងជាធនធានមនុស្សក្នុងវិស័យសិល្បៈរូបនេះ ធ្វើឱ្យគ្រប់គ្នាក្តុកក្តួលរំជួលចិត្តជាខ្លាំង ព្រោះ កូនជ្រូក ហាក់ស្ងាត់ពីសិល្បៈមួយរយៈក្រោយជ្រុះចេញពីការប្រកួត The Rapper Cambodia រដូវកាលទី១ មិននឹកស្មានថា ការពិតកំពុងធ្លាក់ខ្លួនឈឺបែបនេះឡើយ។
គួររំឮកផងដែរថា ទេព កោលស្យអធិរាជ ហៅ កូនជ្រូក ជាបុគ្គលម្នាក់ដែលចូលចិត្តការរាំខ្លាំងណាស់ ហើយកន្លងមកធ្លាប់ដាក់ពាក្យប្រកួតក្បាច់រាំច្រើនដងមកហើយ ទោះបីមិនជាប់តាមបំណងក៏ កូនជ្រូក មិនបោះបង់ចោលក្តីស្រមៃឡើយ ថែមទាំងក្លាហានចូលរួមប្រកួតការរ៉េប The Rapper Cambodia រដូវកាលទី១ ទៀតផង។




រូបភាព៖ fb @Hailey Pheng
កន្លងមក កូនជ្រូក ធ្លាប់បានឡើងលើឆាកអន្តរជាតិជាមួយតារាកូរ៉េមានដូចជា Sistar, U-Kiss Jessie J ជាដើម និងជាបុគ្គលតែម្នាក់គត់ដែលទទួលបានហត្ថលេខាពីតារាកូរ៉េ CL ពេលនាងមកប្រគំតន្ត្រីនៅកម្ពុជាកាលឆ្នាំ ២០១៨ កន្លងទៅ៕

























Account
Security
Favourite Content