ដំណឹងពីការប្រកាសចាកចេញរបស់ Seunghan ពីក្រុម RIIZE បានធ្វើឱ្យអ្នកគាំទ្រខេប៉ុបជាច្រើនភ្ញាក់ផ្អើលខ្លាំង ខណៈពីរថ្ងៃមុននោះផលិតកម្ម SM ទើបតែប្រកាសថា តារារូបនេះនឹងវិលមករួមការងារជាមួយក្រុមវិញសោះ។ ជាលទ្ធផល អ្នកគាំទ្រជាច្រើនមានការខកចិត្ត និងខឹងសម្បារចំពោះការដកខ្លួនរបស់លោក។

អ្នកគាំទ្រជាច្រើនបានធ្វើការតវ៉ាតាមរូបភាពផ្សេងៗដោយបញ្ជូនរថយន្តតវ៉ាទៅផលិតកម្ម SM និងបានចាប់ផ្តើមធ្វើពហិការមិនស្ដាប់ ឬទស្សនាមាតិកាទាំងអស់របស់ RIIZE រួមទាំងមិនទិញអាល់ប៊ុម ឬទំនិញអនុស្សាវរីយ៍ផ្សេងៗពាក់ព័ន្ធក្រុមចម្រៀងមួយនេះ។ អ្នកគាំទ្រជាច្រើនក៏បានលុបចោលការបញ្ជាទិញទុកមុនសម្រាប់វត្ថុអនុស្សាវរីយ៍របស់ RIIZE ដែលប្រកាសចេញកាលពីពេលថ្មីៗនេះផងដែរ។
ជាងនេះទៅទៀត ហាងទំនិញ K-Pop ជាច្រើននៅជុំវិញពិភពលោកក៏បានចូលរួមក្នុងការធ្វើពហិការនេះដែរ ដោយបានប្រកាសឈប់នាំចូលអាល់ប៊ុម និងទំនិញពាក់ព័ន្ធ RIIZE យកមកលក់ទៀតហើយ។

ទន្ទឹមនោះក៏មានការអំពាវនាវឱ្យអ្នកគាំទ្រឈប់តាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់ RIIZE។ ជាលទ្ធផល ក្នុងរយៈពេលត្រឹម ៣ ថ្ងៃចាប់តាំងពីការធ្វើពហិការបានចាប់ផ្តើម គណនី X (Twitter) របស់ RIIZE បានធ្លាក់ចុះអ្នកតាមដានខ្ទង់ ៨ ម៉ឺននាក់ពី ៨១០ ០០០ នាក់ មកនៅត្រឹម ៧២៨ ០០០ នាក់ គិតត្រឹមថ្ងៃទី១៨ ខែតុលា។
គណនី TikTok របស់ RIIZE មុនកើតរឿងមានអ្នកតាមដានរហូតដល់ ៣,៥ លាននាក់ តែឥឡូវនេះបានធ្លាក់ចុះមកត្រឹម ៣,៤ លាននាក់ ដោយបាត់បង់អ្នកតាមដានខ្ទង់ ១ សែននាក់ស្របពេលគណនី Instagram របស់ក្រុមនេះបានធ្លាក់ចុះខ្ទង់ ២ សែននាក់ទៀត។

គណនីបណ្ដាញសង្គមសម្រាប់ហ្វេនជប៉ុនបានបាត់បង់អ្នកគាំទ្រចំនួន ២៥៩០០ នាក់។ ចំណែកឆានែល Spotify បានថយចុះអ្នក Subscribe ខ្ទង់ ១៩០០០ នាក់ ខណៈឆានែល YouTube បាត់បង់ខ្ទង់ ២៥០០០ នាក់។
សរុបតួលេខដែលបាត់បង់លើគ្រប់វេទិកាទាំងអស់គឺប្រមាណ ៥ សែននាក់ ឬកន្លះលានបាត់ទៅហើយ។ លទ្ធផលទាំងនេះនៅក្នុងពេលវេលានេះ បានបង្ហាញយ៉ាងច្បាស់ថាអ្នកគាំទ្រអន្តរជាតិមានឥទ្ធិពល និងឆន្ទៈខ្លាំងប៉ុណ្ណាចំពោះការធ្វើពហិការ ក្នុងគោលបំណងចង់ឃើញការត្រឡប់មកវិញរបស់ Seunghan។

គួររំឭកថា Seunghan ត្រូវបានផ្អាកសកម្មភាពរយៈពេល ១១ ខែចាប់តាំងពីចុងឆ្នាំ២០២៣ បន្ទាប់ពីមានការបែកធ្លាយរូបភាពមុនចូលសិល្បៈរបស់គេរួមមានរូបដែលគេថើបគ្នាជាមួយនារីម្នាក់ និងរូបភាពជក់បារី។ នៅខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពី SM បានប្រកាសថា Seunghan នឹងត្រលប់មកបន្តការងារជាមួយ Riize វិញ អ្នកគាំទ្រនៅកូរ៉េជាច្រើនបានសម្តែងការមិនពេញចិត្តដោយធ្វើការតវ៉ាជាមួយរថយន្តដឹកអីវ៉ាន់ និងកម្រងផ្កាពិធីបុណ្យសពជាមួយសារស្អប់ខ្ពើម និងគំរាមកំហែងសម្លាប់ Seunghan នៅខាងក្រៅទីស្នាក់ការរបស់ SM Entertainment ជាហេតុធ្វើឱ្យ Seunghan ជ្រើសរើសចាកចេញពី Riize ជាអចិន្ត្រៃយ៍តែម្ដង ៕


























Account
Security
Favourite Content